ភ្នំពេញ៖ អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងតិចណាស់ជនអន្ដោប្រវេសន៍រ៉ូហ៊ឹងយ៉ា ចំនួន ១ម៉ឺននាក់បានទៅដល់ប្រទេសបង់ក្លាដេស រយៈពេលប្រមាណសប្ដាហ៍មកនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ជនអន្ដោប្រវេសន៍ទាំងនេះបានភៀសខ្លួនចេញពីរដ្ឋរាក់ឃីន នៅប្រទេសភូមា គឺ បន្ទាប់ពីពួកគេរងអំពើហិង្សាដោយសារតែការវាយប្រហាររបស់កងទ័ពភូមាទៅលើលំនៅដ្ឋានរបស់ពួកគេ។ ករណីនេះ អង្គការសហប្រជាជាតិបានហៅថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ Vivian Tan ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថា ពួកគេបានទៅដល់ប្រទេសបង់ក្លាដេសកាលពីថ្មីៗនេះ។
សូមជម្រាបថា សហគមន៍រ៉ូហ៊ឹងយ៉ា ដែលរត់ទៅជ្រកកោននៅរដ្ឋរាក់ឃីន ភាគខាងលិចប្រទេសភូមា មានប្រហែលជា ៨០ម៉ឺននាក់។ ប៉ុន្ដែពួកគេ ជាជនអន្ដោប្រវេសន៍ចូលទៅតំបន់នោះ តាំងពីប្រទេសភូមានៅក្រោមអាណានិគមអង់គ្លេស។
រដ្ឋធម្មនុញ្ញរបស់ប្រទេសភូមា បានចាត់ទុកពួកគេជាជនអន្ដោប្រវេសន៍ខុសច្បាប់។
កាលពីឆ្នាំ ២០១២ បានផ្ទុះហិង្សាទៅលើសហគមន៍នេះ រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាម៉ូស្លីម បានបណ្ដាលឱ្យមនុស្សស្លាប់ ២០០នាក់ ហើយបន្ទាប់មក ពួករ៉ូហ៊ឹងយ៉ា បានរត់ទៅនៅប្រទេសជិតខាងមួយចំនួន ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ៕ប្រភព:The Nation