ភ្នំពេញ៖ មន្ដ្រីការពារសិទ្ធិមនុស្សមួយរូបនៃសមាគមអាដហុកបាននិយាយថា មានតែព្រះទេដែលអាចជួយរកយុត្ដិធម៌ និងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
ការថ្លែងរបស់លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ធ្វើឡើងបន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃពុធ ទី៣០ វិច្ឆិកា បានច្រានចោលការសុំនៅក្រៅឃុំរបស់លោក ហើយសម្រេចតម្កល់សាលក្រមតុលាការរាជធានីភ្នំពេញ ដោយអោយពួកគាត់ស្ថិតនៅក្នុងការឃុំខ្លួនរយៈពេល ៦ខែទៅមុខទៀត។
កាលពីថ្ងៃម្សិលមិញ មន្ដ្រីសិទ្ធិមនុស្សសមាគមអាដហុក ៤រូប គឺ លោក ណៃ វង់ដា លោក យី សុខសាន្ដ លោក នី សុខា លោក ស្រី លឹម មុនី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ពួកគាត់ត្រូវបាននាំខ្លួនមកកាន់តុលាការកំពូល ដើម្បីស្ដាប់ការប្រកាសសាលដីកាសុំនៅក្រៅឃុំ និងបណ្ដឹងទាស់សាលក្រមឃុំខ្លួនពួកគាត់ ៦ខែទៀតនោះ។
លោក ណៃ វង់ដា ដែលស្ថិតនៅក្នុងសំលៀកបំពាក់ព័ណ៌ស្លាទុំជាអ្នកទោស លោក បានស្រែកប្រាប់អ្នកសារព័ត៌មានថា គឺ ព្រះតែមួយគត់អាចឱ្យពួកគាត់ទទួលបានយុត្ដិធម៌។
យ៉ាងណាក៏ដោយអ្នកទាំងប្រាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាក់សាក្សី និងសមគំនិងសាក្សី ករណីអ្នកនាងខុមចាន់តារាទី ហៅស្រីមុំ ។ តែករណីនេះ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិចាត់ទុកថា ជារឿងនយោបាយ៕