ភ្នំពេញ៖ នៅទីបំផុតប្រមុខរដ្ឋាភិបាល បាន សម្រេចពន្យល់ ជនរួមជាតិជាថ្មីម្ដងទៀតជុំវិញទស្សនៈមិនចំចុះសម្រុងគ្នា រឿង ការផលិតផែនទីខ្នាត១/៥០ពាន់ ដើម្បីប្រើប្រាស់ ការវាស់វែងព្រំដែនជាមួយប្រទេសវៀតណាម ដោយសម្ដេចបញ្ជាក់ថា មិនប៉ះពាល់ រដ្ឋធម្មនុញ្ញមាត្រា២ ស្ដីពីខ្នាតផែនទី១/១០០,០០០ឡើយ។
ការបកស្រាយរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងតាមរយៈ គេហទំព័រ Fresh news ដែលបាន ផ្សព្វផ្សាយជាសាធារណៈ តាំងពីយប់ ថ្ងៃពុធទី៣០ វិច្ឆិកា។
សម្ដេច ហ៊ុន សែន បានបកស្រាយថា៖«មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000ដដែល។ ការផ្ទេរផែនទី ឬចម្លងផែនទី ឬពង្រីកផែនទី ពីខ្នាត1/100,000 មកផែនទីខ្នាត 1/50,000 ជាបញ្ហាបច្ចេកទេសសម្រួលឱ្យការវាស់វែង និងបោះបង្គោលព្រំដែនឱយបានត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីយសង្ស័យឬមិនច្បាស់ឬបកស្រាយខុសគ្នា ត្រូវតែវិលទៅយកផែនទីខ្នាត1/100,000 ធ្វើជាមូលដ្ឋានវិញ។ ដូចនេះរដ្ឋធម្មនុញ្ញដែលចែងពីខ្នាតផែនទីមិនត្រូវបានប៉ះពាល់ដូចមនុស្សខ្លះលើកឡើងនោះទេ»។
ក្រៅពីនេះទៀត សម្ដេចនាយករដ្ឋមន្ត្រីក៏ បាន ប្រាប់អ្នកវិភាគមួយចំនួន ដែលព្យាយាម បកស្រាយ ប៉ុន្តែមិនត្រឹមត្រូវ ដែលនាំឱ្យមានការភ័ន្តច្រលំ។ សម្ដេច ចំអកអ្នកទាំងនោះថា ជាមនុស្ស ល្ងង់ធ្វើចេះ ហើយបន្តល្ងង់គួរទៅរៀនទៀត។
ករណីនេះសម្ដេចបានពន្យល់ថា៖«ដើម្បីងាយយល់ថា ហេតុអ្វីទើបមានតម្រូវការផ្ទេរ ឬចម្លង ឬពង្រីកផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 សូមបងប្អូនយកផែនទី ធម្មតាទាំង២ប្រភេទមកមើលនិងឃើញថា ផែនទីខ្នាត 1/100,000 ពិបាករកគោលដៅណាស់ ព្រោះ១ស.ម លើផែនទីស្មើ១០០០ម៉ែត្រលើដីជាក់ស្តែង។ ឯផែនទីខ្នាត 1/50,000 ១ស.ម លើផែនទីស្មើ៥០០ម៉ែត្រលើដី ជាក់ស្តែងហើយមាននិយាមការទៀតផង ដូចនេះងាយស្រួលក្នុងការរកចំណុចបោះបង្គោលព្រំដែនឱយ បានត្រឹមត្រូវ។ សង្ឃឹមថា អ្នកមិនយល់រៀនឱ្យយល់ចាំ និយាយទើបងាយនិយាយគ្នាដែលត្រូវ ការពារជាតិដូចគ្នា»។
យ៉ាងណា ក៏ដោយ ការបកស្រាយរបស់ប្រមុខរដ្ឋាភិបាល ក៏ជាការយល់ស្របដែរ ចំពោះការបកស្រាយរបស់ មេបក្សប្រឆាំងលោក សម រង្ស៊ី។ ប៉ុន្តែលោក សម រង្ស៊ី ចាត់ទុកការបង្គោលព្រំដែន ជាមួយវៀតណាមសព្វថ្ងៃគឺជាការអនុវត្តតាមផែនទី ១/៥០ពាន់ដែល វៀតណាម ជាអ្នកបង្កើតឡើង។ បន្ថែមលើនេះ មេបក្សប្រឆាំងថា បើមិនមានផែនទី១/៥០ពាន់គឺមិនត្រូវប៉ះពាល់ដាច់ខាតរដ្ឋធម្មនុញ្ញ នៃមាត្រា២ ស្ដីពីខ្នាត១/១០០,០០០។សម្រាប់លោក សម រង្ស៊ី សុំតែម្យ៉ាងគត់ គឺត្រូវពឹងប្រទេសបារាំង មកជួយផ្ទេរខ្នាតផែនទី ហើយជួយពិនិត្យបង្គោលដែលបោះហើយឡើងវិញ។
ទោះជាយ៉ាងណា ភាគីវៀតណាម មិនទាន់ឃើញប្រតិកម្មជាផ្លូវការ រឿងនេះទេ៕