en     km
en     km

CPP​ សរសើរ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខណៈ​ CNRP​ ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​(មានសំឡេង)

Share

​ភ្នំពេញ​៖​ គណបក្ស​ធំ​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មើលឃើញ​ផ្សេង​គ្នា​ពី​ទិដ្ឋភាព​នៃ​ដំណើរការ​ចុះ​ឈ្មោះ​ឆ្នោត​។​ គណបក្សកាន់អំណាច​អះអាង​ថា​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​គ្មាន​ភាព​ប្រក្រតី​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ​។​ ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​៦​ចំនុច​ ដែល​ធ្វើ​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​បី​ខែ​នេះ​ មាន​ភាព​រអាក់រអួល​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​៖

 

nec-30
លោក​ ចាន់​ សុខសាន្ត​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ជាមួយ​ គ​.​ជ​.​ប​ បាន​ថ្លែង​សរសើរ​ចំពោះ​ គ​.​ជ​.​ប​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដែល​បាន​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​បី​ខែ​ ចាប់តាំងពី​ថ្ងៃ​ដំបូង​ រហូត​មក​ដល់​ថ្ងៃ​ទី​៣០​ វិច្ឆិកា​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​គ្មាន​អំពើ​ហឹ​ង្សា​។​

​លោក​បាន​អបអរ​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​នេះ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​ទទួលយក​បាន​។​ លោក​ថា​តួលេខ​នៃ​ការ​ចុះ​ឈ្មោះ​ឆ្នោត​ ទទួល​បាន​ គឺ​សមាមាត្រ​ទៅ​នឹង​ចំនួន​ដែល​គ​.​ជ​.​ប​បាន​ប៉ាន់ស្មាន​។​

​លោក​ ចាន់​ សុខសាន្ត​ ៖«​មក​ដល់​ថ្ងៃនេះ​ឃើញ​បាន​ ៨១.០៥%​ នេះ​គឺជា​លទ្ធផល​មួយ​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ជា​ចំនួន​ មួយ​ដែល​ល្អ​ អាច​ទទួលយក​បាន​ ហើយ​ប្រើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយទៀត​»​។​

​ចំណែក​តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី​ ម៉េ​ង​ សុភា​វី​និយាយ​ ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ទទួលយក​បានទាំងស្រុង​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ទេ​។​ លោកស្រី​បន្ត​ថា​ ក្នុង​រយៈពេល​ ៨៩​ថ្ងៃ​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។​

​ភាព​មិន​ប្រក្រតី​ទាំងនោះ​ អ្នកស្រី​បានឱ្យ​ដឹង​ថា​ ទី​១.​គឺ​ពាក់ព័ន្ធ​ ការ​អនុវត្ត​ការងារ​ ការ​ខ្វះខាត​បច្ចេកទេស​ និង​បទ​ពិសោធន៍​របស់​មន្ត្រី​បោះ​ឆ្នោត​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​រអាក់រអួល​នៅ​ក្នុង​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​។​

​លោកស្រី​ បន្ត​ថា​  បញ្ហា​មួយទៀត​ គឺ​ទាក់ទង​ទៅ​នឹង​អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​មិន​បាន​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ឱ្យ​បាន​ត្រឹម​ត្រូវជា​ពិសេស​ជុំវិញ​ការ​ចេញ​ល​ខិត​បញ្ជាក់​ទីលំនៅ​ និង​បញ្ជាក់​អត្ថ​សញ្ញាណ​។​ ចំណែក​បញ្ហា​ទី​៣.​គឺ​ភាព​រអាក់រអួល​បរិក្ខា​បោះ​ឆ្នោត​ភាព​ ដែល​កុំ​ព្យួរ​ទ័​រ​នៅ​កន្លែង​ចុះ​ឈ្មោះ​ខ្លះ​បាន​ខូច​ បណ្តាល​ឱ្យ​ខុស​តួលេខ​ និង​មានឈ្មោះ​ស្ទួន​ជាដើម​។​

​ចំណែក​ករណី​ផ្សេង​ទៀត​ដូច​បញ្ហា​អាកាសធាតុ​ ការ​រារាំង​ឱ្យ​ភាគី​ពា័​ន្ធ​មិន​ឱ្យធ្វើ​ការ​ផ្សព្វផ្សាយ​ និង​ការ​បំភ័ន្ត​ព័ត៌មាន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក៏​ជា​ភាព​មិន​ប្រក្រតី​ ដែល​ធ្វើ​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​មិន​បាន​រលូន​ផង​ដែរ​។​

​ចំពោះ​លទ្ធផល​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​វិញ​ តំណាង​គណបក្សប្រឆាំង​រូប​នេះ​ លើក​ឡើង​ថា​ បើ​ទោះបីជា​តួលេខ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ឆ្នោត​ គិតដល់​មក​ថ្ងៃ​ទី​២៩​ មាន​ចំនួន​ ៧​លាន​ ៨​សែន​ ស្មើនឹង​ជាង​៨១%​ ជា​តួលេខ​ដែល​ខ្ពស់​ពិតមែន​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ពលរដ្ឋ​បញ្ឈប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។​ លោកស្រី​ ចង់ឱ្យ​មានការ​បន្ថែមចំនួន​៤​ថ្ងៃ​ទៀត​។​

តំណាងមកពីគណបក្សសង្រ្គោះជាតិ លោកស្រី ម៉េង សុភាវី
តំណាងមកពីគណបក្សសង្រ្គោះជាតិ លោកស្រី ម៉េង សុភាវី

លោកស្រី​ ម៉េ​ង​ សុភា​វី​៖​ «​ជា​រួម​មក​យើង​ឃើញ​ថា​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ទទួល​បាន​ទាំងស្រុង​ តែ​ទោះបីជា​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ គ​.​ជ​.​ប​ ដែល​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ ក្នុង​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​រហូត​មក​ដល់​ពេល​នេះ​ បើ​ទោះបីជា​មាន​បញ្ហា​កើតឡើង​មួយ​ចំនួន​ក៏​ដោយ​»​។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ លោក​ ទេព​ នី​ថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ថ្លែង​ថា​ ទទួលស្គាល់​បញ្ហា​បរិក្ខា​ និង​ជំនាញ​របស់​មន្ត្រី​ចុះ​ឈ្មោះ​ នៅ​មាន​បញ្ហា​ ប៉ុន្តែ​យ៉ាងណាមិញ​ ដំណើរការ​ឈ្មោះ​នៅ​តែ​ប្រព្រឹត្ត​ទៅ​រលូន​។​​ដោយ​បញ្ហា​ការ​បញ្ជាក់​ទីលំនៅ​ និង​សញ្ញាណ​ ដែល​បាន​កើត​មាន​ឡើង​ គឺ​គ​.​ជ​.​ប​ បាន​ដោះស្រាយ​ និង​សម្របសម្រួល​ជាមួយ​អ្នក​ពាក់ព័ន្ធ​ហើយ​ដែរ​។​

​សូម​ជម្រាប​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ធ្វើការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ រួម​នឹង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​នីមួយៗ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​សាលាឃុំ​ សង្កាត់​ និង​នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ​ សង្កាត់​ទូ​ទាំង​ប្រទេស​ និង​មាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​គ​.​ជ​.​ប​៕

Share

Image
Image
Image