ភ្នំពេញ៖ អង្គការសង្គមស៊ីវិលប្រមាណជាង៥០រួមគ្នា ធ្វើសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី១០ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងពីច្បាប់ប្រឆាំងអំពើពុករលួយពង្រឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការអភិវឌ្ឍលើវិស័យដីធ្លីនិងធនធម្មជាតិ។ ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី១០ ស្តីពី «ធ្វើការរួមគ្នាដើម្បីយុត្តិធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព» ព្រឹកថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០១៦។ លោក ជួន សារ៉េត រាយការណ៍៖
តំណាងអង្គការសង្គមស៊ីវិលជាង៥០នេះបានលើកទ្បើងថា អំពើអយុត្តិធម៌សង្គមនៅឆ្នាំ២០១៦នេះ បានកើតទ្បើងទៅលើសកម្មជននយោបាយ សកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស គួរឱ្យព្រួយបារម្ភដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងស្វែររកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ។
ប្រធានសម្របសម្រួលអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា និងជានាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា អំពើអយុត្តិធម៌នៅក្នុងសង្គមកម្ពុជាក្នុងឆ្នាំ២០១៦នេះ បានកើតទ្បើងទៅលើពលរដ្ឋ មានដូចជា៖ ការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនតវ៉ារឿងដីធ្លី សកម្មជនបរិស្ថាន ជាពិសេសការសម្លាប់លោក បណ្ឌិត កែម ទ្បី។ លោក បន្តថាអំពើអយុត្តិធម៍ក្នុងសង្គមនឹងបន្តកើតទ្បើងប្រសិនបើប្រព័ន្ធតុលាការមិនទាន់មានភាពឯករាជ្យ។
លោក យង់ គឹមអេង ៖«បច្ចុប្បន្ននេះយើងមានការខកចិត្តដែរដោយសារប្រព័ន្ធយុត្តិធម៌ របស់យើងនេះពុំបានបង្ហាញអព្យាក្រឹត្យឯករាជ្យពេញលេញ ដែលពេលខ្លះប្រព័ន្ធយុត្តធម៌របស់យើងហាក់បីដូចជាគ្រាន់តែអ្នកមានអំណាចមានលុយប្រើប្រាស់ទិញដូរយុត្តិធម៌។ ទី០១ខ្ញុំសូមឱ្យរាជរដ្ឋាភិបាលមេត្តាពិចារណាដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មដីធ្លី សកម្មជនបរិស្ថានឱ្យពួកគេមានសេរីភាពទ្បើងវិញដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការ ការពារធនធានធម្មជាតិរបស់យើង»។
ចំណែក នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល។ លោក តឹក វណ្ណារ៉ា ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងធ្វើការរួមគ្នាដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងតែកើតទ្បើងនៅកម្ពុជាឱ្យបានល្អប្រើសើរ។
លោកបានផ្ដល់អនុសាសន៍ថា៖ «ទី០១គឺបញ្ហាទាក់ទងការអនុវត្តច្បាប់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងច្បាប់ប្រឆាំងអំពើពុករលួយ ទី០២ទាក់ទងនឹងភាពទទួលខុសត្រូវសាជីវកម្មសង្គម ទី០៣និយាយអំពីនីតិវិធីនៃការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន ទី០៤និយាយពីរឿងដីសេដ្ឋកិច្ចនិងដីសង្គមកិច្ច យើងសង្ឃឹមថាអនុសាសន៍ត្រូវបានដាក់ចេញនៅថ្ងៃនេះហើយយើងផ្ញើរជូនរាជរដ្ឋាភិបាល រដ្ឋមន្ត្រីពាក់ព័ន្ធ រដ្ឋសភា ព្រឹទ្ធសភា ដៃគូអភិវឌ្ឍពាក់ព័ន្ធដើម្បីជម្រុញឱ្យមានដំណោះស្រាយអនុសាសន៍រួមនៅថ្ងៃនេះ»។
ជុំវិញនឹងការលើកទ្បើងនេះដែរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ទី សុគន្ធ មានប្រសាសន៍ថា ការតស៊ូ មតិគឺជាអំពើល្អមួយសម្រាប់ជួយកែលម្អ តែលោកថាការតស៊ូមតិនោះ ត្រូវឈរលើគោលការណ៍ទទួលខុសត្រូវនិងត្រូវមានការយល់ដឹង ដោយមានជំនាញវិជ្ជាជីវៈច្បាស់លាស់ទើបធ្វើឱ្យការតស៊ូមតិនោះមានប្រសិទ្ធិភាពឈានទៅរកយុត្តិធម៌សង្គម។
លោក ទី សុគន្ធ ៖«ដើម្បីយុត្តិធម៌សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព យើងត្រូវតែមានការចូលរួមឱ្យស៊ីសង្វាក់គ្នាក្នុងភាពជាដៃគូប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីគ្រប់ភាគី គ្រប់ផ្នែកទាំងអស់នៃសង្គម យុត្តិធម៌សង្គមគឺជាមូលដ្ឋានគន្លឹះមួយសម្រាប់ធានាស្ថេរភាពសុខសន្តិភាព និងនិរន្តរភាពនៃដំណើរការដឹកនាំអភិវឌ្ឍ នៅគ្រប់កម្រិតទាំងអស់នៅក្នុងពិភពលោកយើងនេះ»។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលទាំង៥០សន្យាថានឹងដាក់លិខិតរួមមួយ ទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាដើម៕