en     km
en     km

ការ​ត្អូញ​ត្អែរ​រឿង​លិច​ទឹក​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ពេល​ភ្លៀង​ធ្លាក់ម្តង​ៗ ស៊ឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​

Share

នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ តែង​តែ​លិច​ទឹក​ជា​ញឹក​ញាប់ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ហើយ​ប្រជា​ពល​រដ្ឋ​តែង​តែ​ត្អូញ​ត្អែរ​ស្ទើរ​គ្រប់​គ្នា អំពី​ទឹក​ភ្លៀង​លិច​​ផ្លូវ ផ្ទះ​សំបែង រួម​ទាំង​ការ​កក​ស្ទះ​ចរាចរណ៍​ច្រើន​ម៉ោង​។ ការ​ត្អូញ​ត្អែរ​របស់​ពួក​គាត់ ស៊ឹង​​តែ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​បូករួម​ទាំង​បញ្ហា​សំរាមផងដែរ​។ ប្រជា​​ពលរដ្ឋ​​ទី​​ក្រុង​​ភ្នំពេញ​​នៅ​​តែ​​ចោទ​​ជា​សំណួរ​ដដែល​ៗ​​ថា ច្រើន​ឆ្នាំ​មក​ហើយ ហេតុ​​អ្វី​​បាន​​ជា​​អាជ្ញាធរ​​ក្រុង​​ភ្នំពេញ​​មិន​​អាច​ដោះ​ស្រាយ​បញ្ហា​សំរាម និង​ទឹក​​ជំនន់​​នេះ​​បាន​​?

ផ្លូវ​តូច ធំ និង​គេហដ្ឋាន​ស្ទើរ​គ្រប់​ទីក​ន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​លិច​ទឹក​ភ្លៀង​មួយ​រយៈ​ធំ នៅ​ដើម​ខែ​សីហា​នេះ​។ អ្នក​ទី​ក្រុង​ភ្នំពេញ​ខក​ចិត្ត និងសម្តែង​ការ​ខឹង​សម្បារ​ចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​​យឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ទី​ក្រុង​ដែល​មិន​មែន​ជា​បញ្ហា​ថ្មី​ទើប​នឹង​កើត​ឡើង​មួយ​​នេះ​។

លោក​ ជុំ ចិន្តា ប្រកប​របរ​រត់​រឺម៉ក​កង់​បី នៅ​ក្បែរ​ផ្សារ ៧​មករា បាន​និយាយ​ថា លោក​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​ដឹក​ភ្ញៀវ​ទៅ​ណា​មក​ណា ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ​ទឹក​លិច​ផ្លូវ​ធ្វើ​ឲ្យ​ម៉ូតូ​របស់​គាត់​រលត់​។ ចំណែក​ចរាចរណ៍​នៅ​តាម​ដង​ផ្លូ​វ​វិញ ក៍​មាន​ការ​កក​ស្ទះ​ខ្លាំង​ផង​ដែរ​។ ត្រង់​ចំនុចនេះ​ លោក​និយាយ​ទាំង​ជ្រួញ​ចិញ្ចើម​ថា មាន​ការ​ខាត​បង់​ពេល​វេលា​ច្រើន ក្នុង​ការ​រក​ទទួល​ទាន និង​ត្រូវ​ចំណាយ​ប្រាក់​ជួស​ជុល​ម៉ូតូ​នៅ​ពេល​ដែល​ភ្លៀង​លិច​ផ្លូវ ហើយ​ម៉ូតូ​ខូច​។ លោក​បាន​ស្នើរ​ទៅ​រដ្ឋាភិបាល សូម​ឲ្យ​ជួយ​កែ​សំរួល​ប្រព័ន្ធ​​លូ​នៅ​ទី​ក្រុង​ភ្នំពេញ​ឲ្យ​បាន​ឆាប់ និង​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​កាត់​បន្ថយ​ទឹក​លិច​នៅ​ក្នុង​ទី​ក្រុង​បន្ត​ទៅ​ទៀត​។

សំឡេង៖

ដូច​គ្នា​នេះ​ដែរ អ្នក​ស្រី សុផល ជា​អាជីវ​ករ​លក់​គ្រឿង​ទេស​ម្នាក់ រស់​នៅ​ខាង​ក្រោយ​វត្ត​នាគវ័ន្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា រយៈ​ពេល​២​ឆ្នាំហើយ ដែល​ផ្ទះ​របស់អ្នក​ស្រី​លិច​ទឹក បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ​។ អ្នក​ស្រី​បន្ត​ថា ភ្លៀង​ប៉ុន្មាន​ថ្ងៃ មុន​នេះ​ធ្វើ​ឲ្យ​ផ្ទះ​របស់​អ្នក​ស្រី​ត្រូវ​បាន​លិច​ទឹក​ភ្លៀង​ត្រឹម​ក្បាល​ជង្គង់​។ ដូចច្នេះ អ្នក​ស្រី​ត្រូវ​រើ​ឥវ៉ាន់​ដាក់​លើ​ធ្​នើដើម្បីបញ្ជៀសការលិចលង់។ ជាងនេះទៅទៀត អ្នកស្រីបន្ថែមថា ដោយ​សារ​កា​រ​លិច​ទឹក​ភ្លៀង​នេះ បង្ក​​ឲ្យ​​មាន​​ការលំបាក​ខ្លាំង ជា​ពិសេស​កូន​ចៅ​របស់​អ្នក​ស្រី ក៏​មិន​បាន​ទៅ​រៀន​ផង​ដែរ ព្រោះ​លិច​ផ្លូវ និង​សាលា​រៀន​។

សំឡេង៖

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បឹង​មួយ​ចំនួន​ធំ​នៅ​ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​គេ​លប់ ហើយ​លក់​ទៅ​ឲ្យ​ឈ្មួញ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ផ្សេង​​ៗ​។ មិន​មែន​តែ​រឿងទឹក​លិច​មួយ​ទេ​ដែល​ទទួល​រង​ការ​រិះ​គន់​ពី​សំណាក់​ពល​រដ្ឋ​នៅ​ទី​ក្រុង​ភ្នំពេញ​នោះ បញ្ហា​សំរាម​ក៏​ជា​រឿង​ក្តៅ​គគុក​មួយ​ដែរ​។ ប្រជា​ពលរដ្ឋ​ទី​ក្រុង​ភ្នំពេញ​នៅ​តែ​ចោទ​ជា​សំណួរ​ថា ជាង​៣០​ឆ្នាំ​ក្រោយ​របប​ប៉ុល​ពត ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​សំរាម និង​ទឹក​ជំនន់​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​? តើ​ពេល​ណា​ទៅ​ទើប​បញ្ហា​ពីរ​នេះ​ត្រូ​វ​បា​ន​ដោះ​ស្រាយ​។ អ្នក​ទេសចរ​បរទេស​មួយ​ចំនួន​បាន​និយាយ​ថា ទី​ក្រុង​ភ្នំពេញ គឺ​ជា​ទី​ក្រុង​ដែល​មាន​សំរាម​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ទី​ក្រុង​មួយ​ចំនួន​នៅ​តំបន់​​អាស៊ី​អាគ្នេយ៍​។​​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ លើក​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​ថា ភ្លៀង​ធ្លាក់​នៅ​ដើម​ខែ​សីហា​នេះ មានសភាព​ខ្លាំង​ដែល​កម្រ​កើត​មាន​។ លោក ឡុង ឌី​ម៉ង់ បញ្ជាក់​ទៀត​ថា កំពស់​ទឹក​ភ្លៀង​នៅ​ដើម​ខែ​នេះ ក្នុង​តំបន់​ខ្លះ​ឡើង​ដល់​កម្ពស់​ជាង​១០០​មី​លី​ម៉ែត្រ​ដែល​ជា​ធម្មតា​កម្ពស់​ទឹក​ភ្លៀង​តែ​ជាង​៣០​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ផ្នែក​ខ្លះ​នៃ​ភ្នំពេញ​ត្រូវ​បាន​លិច​។ អ្នក​នាំ​ពាក្យ​រូប​នេះ បន្ថែម​ថា​ប្រសិន​បើ​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច្នេះ នៅ​ទី​ក្រុង​នៃ​ប្រទេស​ណា​ក៏​ពិបាក​នឹង​ចៀស​ផុត​ពី​ការ​លិច​មួយ​រយៈ​ដែរ​៕

Share

Image
Image
Image