នៅក្នុងរាជធានីភ្នំពេញ តែងតែលិចទឹកជាញឹកញាប់ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ហើយប្រជាពលរដ្ឋតែងតែត្អូញត្អែរស្ទើរគ្រប់គ្នា អំពីទឹកភ្លៀងលិចផ្លូវ ផ្ទះសំបែង រួមទាំងការកកស្ទះចរាចរណ៍ច្រើនម៉ោង។ ការត្អូញត្អែររបស់ពួកគាត់ ស៊ឹងតែក្លាយទៅជាទម្លាប់ទៅហើយបូករួមទាំងបញ្ហាសំរាមផងដែរ។ ប្រជាពលរដ្ឋទីក្រុងភ្នំពេញនៅតែចោទជាសំណួរដដែលៗថា ច្រើនឆ្នាំមកហើយ ហេតុអ្វីបានជាអាជ្ញាធរក្រុងភ្នំពេញមិនអាចដោះស្រាយបញ្ហាសំរាម និងទឹកជំនន់នេះបាន?
ផ្លូវតូច ធំ និងគេហដ្ឋានស្ទើរគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញបានលិចទឹកភ្លៀងមួយរយៈធំ នៅដើមខែសីហានេះ។ អ្នកទីក្រុងភ្នំពេញខកចិត្ត និងសម្តែងការខឹងសម្បារចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាទឹកលិចទីក្រុងដែលមិនមែនជាបញ្ហាថ្មីទើបនឹងកើតឡើងមួយនេះ។
លោក ជុំ ចិន្តា ប្រកបរបររត់រឺម៉កកង់បី នៅក្បែរផ្សារ ៧មករា បាននិយាយថា លោកជួបការលំបាកក្នុងការធ្វើដំណើរពេលដឹកភ្ញៀវទៅណាមកណា ព្រោះពេលមានភ្លៀងធ្លាក់ម្តងៗទឹកលិចផ្លូវធ្វើឲ្យម៉ូតូរបស់គាត់រលត់។ ចំណែកចរាចរណ៍នៅតាមដងផ្លូវវិញ ក៍មានការកកស្ទះខ្លាំងផងដែរ។ ត្រង់ចំនុចនេះ លោកនិយាយទាំងជ្រួញចិញ្ចើមថា មានការខាតបង់ពេលវេលាច្រើន ក្នុងការរកទទួលទាន និងត្រូវចំណាយប្រាក់ជួសជុលម៉ូតូនៅពេលដែលភ្លៀងលិចផ្លូវ ហើយម៉ូតូខូច។ លោកបានស្នើរទៅរដ្ឋាភិបាល សូមឲ្យជួយកែសំរួលប្រព័ន្ធលូនៅទីក្រុងភ្នំពេញឲ្យបានឆាប់ និងល្អប្រសើរជាងនេះ ដើម្បីកាត់បន្ថយទឹកលិចនៅក្នុងទីក្រុងបន្តទៅទៀត។
ដូចគ្នានេះដែរ អ្នកស្រី សុផល ជាអាជីវករលក់គ្រឿងទេសម្នាក់ រស់នៅខាងក្រោយវត្តនាគវ័ន្ត បានប្រាប់ឲ្យដឹងថា រយៈពេល២ឆ្នាំហើយ ដែលផ្ទះរបស់អ្នកស្រីលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ម្តងៗ។ អ្នកស្រីបន្តថា ភ្លៀងប៉ុន្មានថ្ងៃ មុននេះធ្វើឲ្យផ្ទះរបស់អ្នកស្រីត្រូវបានលិចទឹកភ្លៀងត្រឹមក្បាលជង្គង់។ ដូចច្នេះ អ្នកស្រីត្រូវរើឥវ៉ាន់ដាក់លើធ្នើដើម្បីបញ្ជៀសការលិចលង់។ ជាងនេះទៅទៀត អ្នកស្រីបន្ថែមថា ដោយសារការលិចទឹកភ្លៀងនេះ បង្កឲ្យមានការលំបាកខ្លាំង ជាពិសេសកូនចៅរបស់អ្នកស្រី ក៏មិនបានទៅរៀនផងដែរ ព្រោះលិចផ្លូវ និងសាលារៀន។
ក្នុងរយៈពេលចុងក្រោយនេះ បឹងមួយចំនួនធំនៅទីក្រុងភ្នំពេញត្រូវបានគេលប់ ហើយលក់ទៅឲ្យឈ្មួញអភិវឌ្ឍលំនៅដ្ឋានផ្សេងៗ។ មិនមែនតែរឿងទឹកលិចមួយទេដែលទទួលរងការរិះគន់ពីសំណាក់ពលរដ្ឋនៅទីក្រុងភ្នំពេញនោះ បញ្ហាសំរាមក៏ជារឿងក្តៅគគុកមួយដែរ។ ប្រជាពលរដ្ឋទីក្រុងភ្នំពេញនៅតែចោទជាសំណួរថា ជាង៣០ឆ្នាំក្រោយរបបប៉ុលពត ហេតុអ្វីបានជាអាជ្ញាធរក្រុងភ្នំពេញមិនអាចដោះស្រាយបញ្ហាសំរាម និងទឹកជំនន់នៅទីក្រុងភ្នំពេញបាន? តើពេលណាទៅទើបបញ្ហាពីរនេះត្រូវបានដោះស្រាយ។ អ្នកទេសចរបរទេសមួយចំនួនបាននិយាយថា ទីក្រុងភ្នំពេញ គឺជាទីក្រុងដែលមានសំរាមច្រើនជាងគេក្នុងចំណោមទីក្រុងមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ លើកឡើងនាពេលថ្មីៗនេះថា ភ្លៀងធ្លាក់នៅដើមខែសីហានេះ មានសភាពខ្លាំងដែលកម្រកើតមាន។ លោក ឡុង ឌីម៉ង់ បញ្ជាក់ទៀតថា កំពស់ទឹកភ្លៀងនៅដើមខែនេះ ក្នុងតំបន់ខ្លះឡើងដល់កម្ពស់ជាង១០០មីលីម៉ែត្រដែលជាធម្មតាកម្ពស់ទឹកភ្លៀងតែជាង៣០មីលីម៉ែត្រប៉ុណ្ណោះ ដូច្នេះផ្នែកខ្លះនៃភ្នំពេញត្រូវបានលិច។ អ្នកនាំពាក្យរូបនេះ បន្ថែមថាប្រសិនបើភ្លៀងធ្លាក់ខ្លាំងដូច្នេះ នៅទីក្រុងនៃប្រទេសណាក៏ពិបាកនឹងចៀសផុតពីការលិចមួយរយៈដែរ៕