ភ្នំពេញ៖ ក្នុងដំណើរការពិនិត្យឈ្មោះបោះឆ្នោត គ.ជ.ប បានរកឃើញអ្នកដែលមានឈ្មោះស្ទួនរហូតដល់១៩០០០ ករណី។ នេះបើតាមការឱ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ហង្ស ពុទ្ធា បានឱ្យដឹងថា ការបង្កឱ្យមានឈ្មោះស្ទួនច្រើនដូចនេះ គឺបណ្តាលមកពីចេតនារបស់បុគ្គលមួយចំនួន និងបញ្ហាបច្ចេកទេស។
លោក ហង្ស ពុទ្ធា៖«ឧទាហរណ៍ឈ្មោះដែលត្រូវផ្ញើមក គ.ជ.ប នៅភ្នំពេញ គាត់ចុចម្តងទៅ អ៊ិនធើណេតវាវិលៗរហូតវាមិនព្រមមក គាត់ចុចម្តងទៀត ដល់ពេលមក មកពីរតែម្តង។.. ជាប្រភេទបញ្ញវ័ន្ត អ្នកខ្លះគាត់ចង់សាកគ.ជ.ប ថារកឃើញអត់ អួតថាអត់មានឈ្មោះស្ទួន»។
លោកបន្តថា តាមគោលការណ៍របស់ គ.ជ.ប គឺត្រូវតែលុបឈ្មោះមួយចេញ ហើយរក្សាទុកឈ្មោះចុងក្រោយ។ ចំណែកការដាក់ទោសទណ្ឌឬ ការពិន័យ គ.ជ.ប កំពុងតែពិចារណា។ យ៉ាងណាមិញលោកថា កន្លងមកមានអ្នកដែលបានទៅចុះឈ្មោះពីរដងបានប្រកាសសុំទោសជាសាធារណៈរួចហើយ។
បែបនេះក្តីលោកបញ្ជាក់ថា តាមច្បាប់បោះឆ្នោត អ្នកដែលមានចេទនា ចុះឈ្មោះបោះឆ្នោតលើសពីម្តង គាត់នឹងទទួលពិនិត្យពី១ម៉ឺន ទៅ១០ម៉ឺន។
លោក ហង្ស ពុទ្ធា៖«យើងកំណត់ហើយអ្វីៗទាំងអស់ អ្វីៗទាំងអស់ស្ថិតនៅក្នុងការត្រៀមបំរុង ប៉ុន្តែគ.ជ.បទាំង៩នាក់នឹងធ្វើការសម្រេចចិត្តចុងក្រោយ ប៉ុន្តែជាការពិត ជាមួយនឹងការងារមមាញឹកហើយ គ.ជ.ប ក៏មិនចង់ធ្វើការ ដាក់ទណ្ឌអី នាំឱ្យតែរវល់បញ្ហា។»
សូមជម្រាបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំសង្កាត់នីមួយៗ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស និងមានបង្ហោះនៅលើគេហទំព័ររបស់គ.ជ.ប។
លោក ឯម សូផាត សមាជិក គ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋដែលបានទៅចុះឈ្មោះហើយហើយទៅពិនិត្យមើលបញ្ជីឈ្មោះឱ្យបានគ្រប់គ្នា ដើម្បីពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្ទន័យរបស់ខ្លួននៅក្នុងបញ្ញីឈ្មោះបោះឆ្នោតដំបូង និងពិនិត្យរកឈ្មោះជនណាដែលមានមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ព្រមទាំងធ្វើការប្តឹងតវ៉ា ចំពោះជនណាដែលមានឈ្មោះច្រើនជាងមួយកន្លែង៕