ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលីរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់បុគ្គលឆ្នើមប្រចាំឆ្នាំ២០១៦ជូន ដល់អតីតនិស្សិតកម្ពុជារៀននៅប្រទេសអូស្ដ្រាលី។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលី ការប្រគល់ពានរង្វាន់ដល់បុគ្គលឆ្នើមនេះ ធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ វេលាម៉ោង ៦ល្ងាច នៅសណ្ឋាគារសូហ្វីតែល។
ក្រៅពីការជួបជុំរបស់អតីតនិស្សិតខ្មែរអូស្ដ្រាលីហើយនោះ ក៏នៅមានការចូលរួមពីមន្ដ្រីរាជរដ្ឋាភិបាល ធុរៈជន បញ្ញាវ័ន្ដ និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។
គួរបញ្ជាក់ដែរថា ពានរង្វាន់ដែលនឹងត្រូវប្រគល់ជូនដល់បុគ្គលឆ្នើមប្រចាំឆ្នាំ ២០១៦នេះ គឺមានពានរង្វាន់បុគ្គលឆ្នើមជាងគេប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំវ័យក្មេង និងពានរង្វាន់ភាពជាអ្នកដឹកនាំសហគមន៍។
តាមសេចក្ដីប្រកាសព័ត៌មាននោះដដែល ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលអូស្ដ្រាលីបានផ្ដល់អាហារូបករណ៍ ជាច្រើនកន្លែងដល់កម្ពុជា ដើម្បីធ្វើដំណើរ ស្នាក់នៅ និងសិក្សានៅសកលវិទ្យាល័យលំដាប់ពិភពលោករបស់ប្រទេសអូស្ដ្រាលី។
ចាប់តាំងពីឆ្នាំ ១៩៩៤រដ្ឋាភិបាលអូស្ដ្រាលីបានផ្ដល់អាហារូបករណ៍ច្រើនជាង ៧០០កន្លែង ដល់កម្ពុជា ដើម្បីសិក្សានៅប្រទេសអូស្ដ្រាលី។ មានសិស្សនិស្សិតជាច្រើនទៀតដែលបាន និងកំពុងសិក្សានៅប្រទេសអូស្ដ្រាលីក្រោមការចំណាយថវិកាផ្ទាល់ខ្លួន និងអាហារូបករណ៍ផ្សេងៗ។ នៅឆ្នាំ២០១៥ មានសិស្សនិស្សិតកម្ពុជាច្រើនជាង ១១០០នាក់ កំពុងសិក្សានៅសាលា សកលវិទ្យាល័យ និងស្ថាប័នបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា នៅអូស្ដ្រាលី៕