ភ្នំពេញ៖ ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហាញនូវភាពរំភើបក្នុងចិត្ត ដោយសម្រក់ទឹកភ្នែកនៅពេលដែលលោកបានឃើញពលរដ្ឋខ្មែរ សម្រុកទៅចុះឈ្មោះបោះឆ្នោត យ៉ាងច្រើនកុះក នៅថ្ងៃទី២៩ វិច្ឆិកា។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានន័យទាំងស្រុងថា ៖«ថ្ងៃនេះ ខ្ញុំបានស្រក់ទឹកភ្នែក ដោយរំភើបក្នុងចិត្តពេក ពេលឃើញវីដេអូបង្ហាញពីទឹកចិត្តផុសផុលរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានស្ទុះស្ទាទៅចុះឈ្មោះបោះឆ្នោត មុននឹងគេបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត។ នេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរ មានការឈឺចាប់អំពីស្ថានការណ៍ នៅប្រទេសយើងសព្វថ្ងៃ ហើយមានការព្រួយបារម្ភអំពីអនាគត នៃប្រទេសជាតិយើងទៅថ្ងៃមុខ»។
មេបក្សប្រឆាំងរូបនេះតែងតែអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់គ្នាដើម្បីជាប្រយោជន៍របស់ខ្លួន និងការប្រើប្រាស់សិទ្ធិអំណាចតាម រដ្ឋធម្មនុញ្ញ ដែលបានកំណត់ជ្រើសរើស និងធ្វើការផ្លាស់ប្ដូរមេដឹកនាំ។
សាររបស់លោកបានបញ្ជាក់ដូចនេះថា ៖«បើបងប្អូនជនរួមជាតិ មិនមានការឈឺចាប់ពេលនេះ ហើយមិនមានការព្រួយបារម្ភចំពោះអនាគត ក៏បងប្អូនមិនផុសផុល និងស្ទុះស្ទាបែបនេះ ដើម្បីទៅចុះឈ្មោះបោះឆ្នោត ហើយត្រៀមបោះឆ្នោត នៅឆ្នាំ ២០១៧ និង ២០១៨ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ក្នុងគោលបំណងសង្គ្រោះជាតិយើងទាំងអស់គ្នា»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានសម្រេច ពន្យាពេលមួយថ្ងៃ គឺនៅថ្ងៃទី៣០ វិច្ឆិកានេះ ។ ការសម្រេចនេះធ្វើឡើងស្របពេលដែល គណបក្សប្រឆាំងបានទទូចឱ្យមានការពន្យាពេលចុះឈ្មោះបោះឆ្នោតរយៈពេល ៣ថ្ងៃ។
លោក សម រង្ស៊ី បានអំពាវនាវជាថ្មីម្ដងទៀតឱ្យពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត នៅថ្ងៃចុងក្រោយនេះ។ លោកបានអំពាវនាវដូចនេះថា ៖«មិនទាន់ហួសពេលទេថ្ងៃនេះ ចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ តែយល់ឃើញថាត្រូវតែចុះឈ្មោះឲ្យទាល់តែបានដាច់ខាត ដើម្បីថែរក្សាសិទ្ធិបោះឆ្នោតរបស់ខ្លួនម្នាក់ៗ។ មិនទាន់ហួសពេលទេ ពីព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានសម្រេចពន្យាពេល ១ ថ្ងៃថែមទៀត មុននឹងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត។ សូមអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ មេត្តារួសរាន់ និងអត់ធ្មត់ ព្យាយាមទៅចុះឈ្មោះឲ្យទាល់តែបាន នៅតាមឃុំ-សង្កាត់ រៀងៗខ្លួន នៅថ្ងៃពុធ ៣០ វិច្ឆិកា ២០១៦ នេះ ពេញមួយថ្ងៃ»។
ការចុះឈ្មោះបោះឆ្នោតដែលធ្វើឡើងរយៈពេល ៩០ថ្ងៃមកនេះ គឺ បើតាមរបាយការណ៍របស់គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានកើនជិត៨លាននាក់ ក្នុងចំណោមពលរដ្ឋដែលមានអាយុត្រូវចុះឈ្មោះបោះឆ្នោត ៩លាន ៦សែននាក់៕