ភ្នំពេញ៖ ស្របនឹងការប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃពាក់បូពណ៌សចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស-លីកាដូ (Licadho) បានចេញផ្សាយរបាយការណ៍ថ្មីឆ្នាំ ២០១៦ របស់ខ្លួនមួយស្ដីពី “ការរួចខ្លួនពីបទល្មើស បច្ចុប្បន្នភាពឆ្នាំ ២០១៦” ។ របាយការណ៍ស្រាវជ្រាវរបស់លីកាដូ យកមកបង្ហាញឡើងវិញថា មានសំណុំរឿងរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈមួយចំនួននៅតែមិនទាន់ត្រូវបានដោះស្រាយរយៈពេលជិត ២ឆ្នាំទៅហើយ ក្នុងនោះប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅយឺតយ៉ាវ ចំពោះការដោះស្រាយអំពើរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ។
របាយការណ៍ស៊ើបស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើសំណុំរឿងជាច្រើនដែលអង្គការលីកាដូបានធ្វើការស៊ើបអង្កេតក្នុងឆ្នាំ២០១២ , ២០១៣ និង ២០១៤ ហើយបានរកឃើញថា ការផ្តន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈនៅក្នុងប្រទេសកម្ពុជាមានកំហុសឆ្គងធ្ងន់ធ្ងរនិងជាលក្ខណៈជាប្រព័ន្ធ ដែលមូលហេតុនេះបណ្ដាលឲ្យការផ្ដន្ទាទោសលើសំណុំរឿងទាំងនេះនៅមានចំនួនទាបគួរឲ្យព្រួយបារម្ភ ។
យោងតាមរបាយការណ៍កាលពីឆ្នាំ ២០១៥ អង្គការលីកាដូបានធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈសរុបចំនួន ២៨២ករណី ក្នុងនោះមាន ១២៥ករណីត្រូវបានបិទបញ្ចប់ និង ១៥៧ករណីទៀតនៅបើកបន្ត។ ប៉ុន្តែសំណុំរឿងដែលនៅបើកបន្តនោះ នៅតែមិនទាន់ត្រូវបានដោះស្រាយនោះទេ អស់រយៈពេលជិត ២ឆ្នាំទៅហើយ។ ចំពោះដំណោះស្រាយយឺតយ៉ាវនេះ លីការដូយល់ថា ការឆ្លើយតបរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា នៅមានភាពយឺតយ៉ាវចំពោះការដោះស្រាយអំពើរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ។
លីកាដូបានបង្ហាញហេតុផលថា ភាពយឺតយ៉ាវនៃការដោះស្រាយនេះ អាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ការប្រើប្រាស់ប្រាក់សំណងដើម្បីដោះស្រាយបញ្ចប់រឿងក្ដី, ការរីករាលដាលនៃអំពើពុករលួយនៅក្នុងស្ថាប័ននគរបាល និងប្រព័ន្ធតុលាការ, ចៅក្រមនៅខ្វះការយល់ដឹងនិងការអនុវត្តច្បាប់, ព្រមទាំងអាកប្បកិរិយារើសអើងចំពោះស្រ្តីភេទជាដើម។ ក្នុងចំណោមសំណុំរឿងរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈទាំង ២៨២ ករណីនោះ មានជាប់ពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ២៩២នាក់ ដែលក្នុងនោះមាន ២១៧ នាក់ជាកុមារអាយុក្រោម ១៨ឆ្នាំ និង ៧៥នាក់ជាស្រ្តីអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
កញ្ញា ណាប់ សុម៉ាលី មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារនៃអង្គការលីកាដូ មានប្រសាសន៍ជាមួយវិទ្យុស្ត្រីអេហ្វអឹម ១០២ នៅថ្ងៃនេះថា ករណីរំលោភសេពសន្ថវៈលើកុមារមានអាយុក្រោម ១៨ឆ្នាំ លីកាដូប្រមូលបានក្នុងរយៈពេល ១០ខែ នៅឆ្នាំ ២០១៥ បានកើនឡើងពី ១៧០ ករណី និង ១៧៤ ករណីកើតឡើងក្នុងឆ្នាំ ២០១៦ ។
មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារ បានឱ្យដឹងទៀតថា រូបភាពនៃការរំលោភសេពសន្ថវៈ គឺកាន់តែអាក្រក់ទៅៗ ដោយមិនរាប់បញ្ចូលករណីរំលោភសេពសន្ថវៈលើកុមារ ដែលចុះផ្សាយតាមរយៈកាសែត ឬ សារព័ត៌មាន។ មន្ត្រីលីកាដូរូបនេះបញ្ជាក់ថា តាមការស៊ើបអង្កេត ចំពោះករណីកុមារដែលរងការរំលោភសេពសន្ថវៈចន្លោះអាយុ ១២ ដល់ ១៧ ឆ្នាំមានរហូតដល់ ៥៨ ភាគរយនៃករណីរំលោភសេពសន្ថវៈលើកុមារមានអាយុក្រោម ១៨ ឆ្នាំ។
ផ្អែកលើសំណុំរឿងដែលបានស៊ើបអង្កេតក្នុងឆ្នាំ ២០១៥ របាយការណ៍សង្ខេបនេះបង្ហាញថា មូលហេតុដែលអំពើរំលោភសេពសន្ថវៈនៅតែកើតមាន ការអនុវត្តច្បាប់ពុំទាន់មានប្រសិទ្ធិភាព រួមទាំងប្រព័ន្ធយុត្តិធម៌ចុះខ្សោយជាដើម។
មូលហេតុធ្វើឲ្យប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌចុះខ្សោយ អាចបណ្តាលមកពីអំពើពុករលួយ, អាកប្បកិរិយារើសអើងចំពោះស្រ្តីនិងកុមារ , ការខ្វះការយល់ដឹងផ្នែកច្បាប់និងកង្វះខាតធនធាន នៅតែបន្តកើតឡើង ហេតុនេះហើយទើបធ្វើឲ្យភាគច្រើននៃជនរងគ្រោះក្នុងអំពើហិង្សាផ្លូវភេទ មានការពិបាកក្នុងការទទួលបានយុត្តិធម៌។
អង្គការលីកាដូ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវចាត់វិធានការក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការផ្លាស់ប្ដូរអាកប្បកិរិយាចាំបាច់ដើម្បីដោះស្រាយចំណុចខ្វះខាតនាពេលបច្ចុប្បន្ន។ ប្រសិនបើមិនធ្វើបែបនេះ នោះនឹងមិនអាចបញ្ចប់អំពើនិទ្ទណ្ឌភាពចំពោះជនប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈបានទេ ហើយក៏គ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះដែរ ។