en     km
en     km

អង្គការការពារសិទ្ធិមនុស្សលីកាដូ ៖ ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​​ នៅ​យឺត​យ៉ាវចំពោះការដោះស្រាយអំពើ​រំលោភ​សេព​សន្ថវៈ

Share

ភ្នំពេញ៖ ស្របនឹងការប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃពាក់បូពណ៌សចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០​១៦ ដើ​ម្បី​​​បញ្ឈប់​អំពើហិង្សាលើស្ត្រី អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​-លីកាដូ (Licadho)​ បាន​ចេញ​ផ្សាយ​របាយការ​ណ៍​ថ្មី​ឆ្នាំ ​២០១៦ របស់ខ្លួនមួយ​ស្ដី​ពី “ការ​រួច​ខ្លួន​ពី​បទ​ល្មើស បច្ចុប្បន្ន​ភាព​ឆ្នាំ​ ២០១៦។ របាយការណ៍ស្រាវជ្រាវ​រប​ស់​លីកាដូ យក​មក​​បង្ហាញ​​ឡើង​​វិញ​​ថា មាន​សំណុំ​រឿង​រំលោភ​សេព​សន្ថវៈ​ និង​ប៉ុនប៉ង​រំលោភ​សេ​ព​សន្ថវៈ​មួយ​ចំនួន​នៅតែ​មិន​ទាន់​ត្រូវបាន​ដោះ​ស្រាយ​រយៈពេល​ជិត​ ២​ឆ្នាំ​ទៅហើយ ក្នុងនោះប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​​នៅ​យឺត​យ៉ាវ ចំពោះការដោះស្រាយអំពើ​រំលោភ​សេព​សន្ថវៈលើស្ត្រីនិងកុមារ។ 

ស្តាប់សំឡេង៖
 
 

licado-women

​របាយការណ៍ស៊ើបស្រាវជ្រាវ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សំណុំ​រឿង​ជា​ច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ , ២០១៣​ និង ​២០១៤​ ហើយ​បាន​រកឃើញ​ថា ​ការផ្តន្ទា​ទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេ​ស​​​កម្ពុជា​​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ជាប្រព័ន្ធ ដែលមូលហេតុនេះ​បណ្ដាល​ឲ្យ​ការផ្ដន្ទាទោស​លើ​សំណុំរឿង​ទាំ​ង​​នេះ​នៅមាន​ចំនួន​ទាប​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ។

យោងតាមរបាយការណ៍កាលពីឆ្នាំ ២០១៥ អង្គការលីកាដូបានធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈសរុបចំនួន ២៨២ករណី ក្នុងនោះមាន ១២៥ករណីត្រូវបានបិទបញ្ចប់ និង ១៥៧ករណីទៀតនៅបើកបន្ត។ ប៉ុន្តែសំណុំរឿងដែលនៅបើកបន្តនោះ នៅតែមិនទាន់ត្រូវបានដោះស្រាយនោះទេ អស់រយៈពេលជិត ២ឆ្នាំទៅហើយ។ ចំពោះដំណោះស្រាយយឺតយ៉ាវនេះ លីការដូយល់ថា ការឆ្លើយតបរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា នៅមានភាពយឺតយ៉ាវចំពោះការដោះស្រាយអំពើរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ។

លីកាដូបានបង្ហាញហេតុផលថា ភាពយឺតយ៉ាវនៃការដោះស្រាយនេះ អាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ការ​​​ប្រើប្រាស់ប្រាក់សំណងដើម្បីដោះស្រាយបញ្ចប់រឿងក្ដី, ការរីករាលដាលនៃអំពើពុករលួយនៅក្នុងស្ថាប័ននគរបាល និងប្រព័ន្ធតុលា​កា​រ, ចៅក្រមនៅខ្វះការយល់ដឹងនិងការអនុវត្តច្បាប់, ព្រមទាំងអាកប្បកិរិយារើសអើងចំពោះស្រ្តីភេទជាដើម។ ក្នុងចំណោមសំណុំរឿងរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈទាំង ២៨២ ករណីនោះ មានជាប់ពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ២៩២នាក់ ដែលក្នុងនោះមាន ២១៧ នាក់ជាកុមារអាយុក្រោម ១៨ឆ្នាំ និង ៧៥នាក់ជាស្រ្តីអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

កញ្ញា ណាប់ សុម៉ាលី មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារនៃអង្គការលីកាដូ មានប្រសាសន៍ជាមួយវិទ្យុស្ត្រី​អេហ្វ​អឹម ១០២ នៅថ្ងៃនេះថា ករណីរំលោភសេពសន្ថវៈលើកុមារមានអាយុក្រោម ១៨ឆ្នាំ លីកាដូប្រមូលបានក្នុងរយៈពេល ១០​ខែ នៅឆ្នាំ ២០១៥ បានកើនឡើងពី ១៧០ ករណី និង ១៧៤ ករណីកើតឡើងក្នុងឆ្នាំ ២០១៦ ។

កញ្ញា ណាប់ សុម៉ាលី មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារនៃអង្គការលីកាដូ នៅក្នុងកម្មវិធីវិទ្យុស្ត្រីអេហ្វអឹម ១០២
កញ្ញា ណាប់ សុម៉ាលី មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារនៃអង្គការលីកាដូ នៅក្នុងកម្មវិធីវិទ្យុស្ត្រីអេហ្វអឹម ១០២

មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្រ្តី និងកុមារ បានឱ្យដឹងទៀតថា ​រូបភាពនៃការរំលោភសេពសន្ថវៈ គឺកាន់តែអាក្រក់ទៅៗ ដោយមិនរាប់បញ្ចូលករណីរំលោភសេពសន្ថវៈលើកុមារ ដែលចុះផ្សាយតាមរយៈកាសែត ឬ សារព័ត៌មាន។ មន្ត្រីលីកាដូរូបនេះបញ្ជាក់ថា តាមការស៊ើបអង្កេត ចំពោះករណីកុមារដែលរងការរំលោភសេពសន្ថវៈចន្លោះអាយុ ១២ ដល់ ១៧ ឆ្នាំមានរហូតដល់ ៥៨ ភាគរយនៃករណីរំលោភសេពសន្ថវៈលើកុមារមានអាយុក្រោម ១៨ ឆ្នាំ។

ផ្អែក​លើ​សំណុំ​រឿង​ដែល​បាន​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​ ២០១៥​ របាយការណ៍​សង្ខេប​នេះ​បង្ហាញ​ថា​ មូលហេតុដែលអំពើរំលោភសេពសន្ថវៈនៅតែកើតមាន ការអនុវត្តច្បាប់ពុំទាន់មានប្រសិទ្ធិភាព ​រួមទាំងប្រព័ន្ធ​យុត្តិធម៌​ចុះ​ខ្សោយជាដើម។  

មូលហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌ព្រហ្មទណ្ឌ​ចុះ​ខ្សោយ​​ អាចបណ្តាលមកពីអំពើ​ពុករលួយ,​ អាកប្ប​កិ​រិយា​រើស​អើង​ចំពោះ​ស្រ្តី​និង​កុមារ​ , ការ​ខ្វះ​ការ​យល់​ដឹង​ផ្នែក​ច្បាប់​និង​កង្វះ​ខាត​ធនធាន​ នៅ​តែ​បន្ត​កើត​ឡើង​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​ភា​គ​ច្រើន​នៃ​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ផ្លូវភេទ​ មាន​ការ​ពិបាក​ក្នុង​ការ​ទ​ទួល​បាន​យុត្តិធម៌​។

អង្គការលីកាដូ បានជំរុញឱ្យរាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាត់​វិធានការ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​ផ្លាស់​ប្ដូរ​អាក​ប្បកិរិយា​ចាំបាច់​ដើម្បី​ដោះស្រាយ​ចំណុច​ខ្វះខាត​នាពេល​បច្ចុប្បន្ន​។ ប្រសិន​បើ​មិន​ធ្វើ​បែប​នេះ​ នោះ​នឹង​មិន​អាច​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ចំពោះ​ជនប្រព្រឹត្ត​បទល្មើស​រំលោភ​សេព​សន្ថវៈ​បាន​ទេ​​ ហើយ​ក៏គ្មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែរ ។

 

 

Share

Image
Image
Image