ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកឲ្យដឹងថា ការកើតសង្គ្រាមនៅមជ្ឈឹមបូព៌ាគឺជាដើមចមនៃការផ្ដូលរំលំមេ ដឹកនាំតាមរយៈការអុជអាលនឹងផ្ដូចផ្ដើមពីលោកខាងលិច ក្នុងនោះមានអាមេរិកជាមេខ្លោង ។ តែបែបនេះក្ដី អ្នកវិភាគមិនយល់ស្របតាមការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនោះទេ។ លោកថា សង្គ្រាមកើតឡើងដោយសារតែអំណាចផ្ដាច់ការ។
ប្រមុខរដ្ឋាភិបាលបានថ្លែងផ្ដល់អនុសាសន៍ និងរិះគន់ធ្ងន់ៗទៅលើលោកខាងលិច ជាពិសេសទៅលើសហរដ្ឋអាមេរិកដែលសម្ដេចថា ជាអ្នកផ្ដើមឱ្យមានបដិវត្តន៍ពណ៌ នៅមជ្ឈិមបូព៌ា ដោយសារតែបដិវត្តន៍នេះហើយ បង្កឱ្យមានសង្គ្រាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ។
សម្ដេចបន្ដថា ការផ្ដួលរលំមេដឹកនាំមជ្ឈិមបូព៌ា គឺជាកំហុសយ៉ាងពិតប្រាកដចំពោះអ្នកដែលផ្ដើមអោយមានបដិវត្តន៍ពណ៌ ព្រោះវាបានជះត្រឡប់មកវិញនៃអំពើហិង្សាសង្គ្រាមសម្លាប់មនុស្សយ៉ាងរង្គាល។ សម្ដេច ហ៊ុន សែន៖«ការផ្ដួលរំលំរបប សាដាម ហូសេនតើបានផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅដល់ប្រជាជនអីរ៉ាក់ កាផ្ដួលរំលំ ប៊ិនណេស៊ី នៅទុណេស៊ី ការផ្ដួលរំលំ ហ្គាដាហ្វី នៅលីប៊ី ការផ្ដួលរំលំ មូស៊ីមូបារ៉ាក់ នៅអេហ្ស៊ីប ការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតីអាហ្សាដ ក៏ដូចជាសង្គ្រាមនៅយ៉េមែន តើអ្នកណាត្រូវទទួលខុសត្រូ»។
សម្ដេចក៏បានអះអាងថា ការផ្ដួលរលំអតីតព្រះមហាក្សត្រកម្ពុជានៅឆ្នាំ ១៩៧០ ក៏ជាដើមចមដែលធ្វើអោយកម្ពុជាផ្ទុះសង្គ្រាមស៊ីវិលផងដែរ។
តាមរយៈនេះ ប្រមុខរដ្ឋាភិបាលដែលកាន់អំណាចជាង ៣០ ឆ្នាំមកនេះ បានទទូចឱ្យពិភពលោកជាពិសេសគណៈប្រតិភូដែលមកចូលរួមប្រជុំសភាអាស៊ី(អេប៉ា) APA ធ្វើឡើងនៅខេត្តសៀមរាប ត្រូវរួមគ្នាជួយគិតនិងសហការគ្នា ដើម្បីអោយពិភពលោកមានសន្ដិភាព ។ សម្ដេច ហ៊ុន សែន៖«ដើម្បីការពារសន្ដិភាពបានទាល់តែកុំឲ្យមានអ្នកបំផ្លាញសន្ដិភាព ដើម្បីរក្សាសន្ដិភាពបានទាល់តែទប់ស្ដាត់កុំឲ្យមានអ្នកបង្កសង្គ្រាម»។
ប៉ុន្ដែអ្នកវិភាគមួយរូបលោក ឡុង គឹមឃន អ្នកសិក្សាគោលនយោបាយការបរទេស មិនយល់ស្របដូចការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនោះទេ។
លោកថា ដើមចមដែលធ្វើអោយមានអំពើហិង្សានិងផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា គឺ ដោយសារតែប្រព័ន្ធស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសទាំង នោះមានគុណវិបត្តិ ហើយម្យ៉ាងវិញទៀត ដោយសារតែមេដឹកនាំទាំងនោះ ក្រាញអំណាចជិះជាន់ គៀបសង្កត់លើអ្នកទន់ខ្សោយនៅពេលដែលខ្លួនអស់ការគាំទ្រពីប្រជាជន បែរជាប្រើប្រាស់ហិង្សាទៅលើប្រជាជនខ្លួនឯងទៅវិញ។ លោកថា មេដឹកនាំមិនត្រូវគិតថា អំណាចជាមរតករបស់គ្រួ សារខ្លួន ហើយគំរាមធ្វើសង្គ្រាមនោះទេ។ លោក ឡុង គឹមឃន ៖«តាមពិតការកើតសង្គ្រាមហ្នឹងគឺមកពីមេដឹកនាំផ្ដាច់ការនៅមជ្ឈិមបូព៌ាហ្នឹងនៅពេលដែលប្រជាពលរដ្ឋគេមិនគាំទ្រ ហើយគេធ្វើបាតុកម្មប្រឆាំងតវ៉ា ហើយមេដឹកនាំផ្ដាច់ការហ្នឹងមិនព្រមចុះចេញពីអំណាចហើយប្រើកងកម្លាំង ប្រដាប់អាវុធតបតជាមួយប្រជាជនខ្លួនឯង បាញ់សម្លាប់ប្រជាជនខ្លួនឯងបានបង្កទៅជាសង្គ្រាម ធម្មតាអ្នកប្រឆាំងមានកាំភ្លើងមកពីណា»។
នៅលើពិភពលោកមានប្រទេស ១៩៤ ប្រទេស។ ភាគច្រើនប្រទេសទាំងនោះប្រកាន់គោលការណ៍ប្រជាធិបតេយ្យ។ មេដឹកនាំប្រទេសទាំងនោះឡើងកាន់អំណាចតាមរយៈការបោះឆ្នោត ហើយត្រូវទម្លាក់ពីអំណាចក៏តាមរយៈការបោះឆ្នោតដែរ។ ប្រទេសទាំងនេះកម្រជួបប្រទះនូវការផ្ទុះសង្គ្រាម ឬហិង្សាបង្កឲ្យមានសង្គ្រាមកើតឡើងណាស់។
លោក ឡុងគឹម ឃន បានពន្យល់ទៀតថា ប្រទេសទាំងនេះមានប្រជាធិបតេយ្យចាក់គ្រឹះយ៉ាងរឹងមាំ ហើយមេដឹកនាំរបស់ប្រទេសទាំងនេះចាត់ទុកសិទ្ធិរបស់ប្រជាពលរដ្ឋធំជាងអំណាច និងបក្សពួករបស់ខ្លួន។ លោកថា បើអនុវត្ដន៍ដូចនេះគឺគ្មានកើតសង្គ្រាមវឹកវរអ្វីឡើយ លើកលែងតែករណីពួកភេរវកម្មជ្រៀតចូលតែប៉ុណ្ណោះ។ លោក ឡុង គឹមឃន ៖«ប្រទេសនៅអឺរ៉ុបដែលគេបោះឆ្នោតហើយគេដូររដ្ឋាភិបាលគេគ្មានសង្គ្រាមនោះព្រោះស្ថាប័នប្រជាធិបតេយ្យនៅស្រុកគេរឹងមាំ មិនរត់តាមខ្យល់នយោបាយបុគ្គល់ទេ ព្រោះស្ថាប័នរដ្ឋមានច្បាប់រឹងមាំមិនតែប៉ុណ្ណោះអ្នកនយោបាយគេមានការយល់ដឹងខ្ពស់ ពីការធានាសន្ដិសុខ និងស្ថិរភាពសម្រាប់ប្រទេសគេ»។
តែបែបនេះក្ដីសម្ដេចនាយករដ្ឋមន្ដ្រីបានចោទជាសំណួរថា តើអ្នកដែលផ្ដូចផ្ដើមឲ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ាគួរតែប្រឈមមុខនឹងបទឧក្រិដ្ឋអ្វីខ្លះ នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ អាយ ស៊ី ស៊ី។ ប្រមុខរដ្ឋាភិបាលបន្ដថា ប្រទេសកម្ពុជាបានខិតខំការពារសន្ដិភាពមកដល់ពេលនេះ គឺដោយសារតែកម្ពុជាអាចទប់ស្ដាត់បាននូវចលនាបង្កសង្គ្រាម។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី កាលពីថ្ងៃចន្ទ ទី២៨ វិច្ឆិកា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាសង្ឃឹមថា កម្ពុជានឹងមិនមានសង្គ្រាមអ្វីកើតឡើងទេ ព្រោះអ្នកចាញ់ត្រូវតែទទួលស្គាល់លទ្ធផលរបស់ខ្លួន។ មេបក្សប្រឆាំងរូបនេះសង្ឃឹមថា គ្មានអំពើបះបោរណាមួយប្រឆាំងនឹងការផ្ទេរអំណាចនៅឆ្នាំ ២០១៨ នោះទេ៕