en     km
en     km

​ពលរដ្ឋ​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ពេល​ជិត​បិទ​យុទ្ធនាការ​

Share

សៀមរាប​៖​ ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​កុះករ​បាន​រូតរះ​នាំ​គ្នា​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ នៅ​រសៀល​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​។​ តែ​ មិន​ថា​ឡើយ​ពលរដ្ឋ​នៅ​សង្កាត់​ស្ល​ក្រាម​មួយ​នេះ​ទេ​ សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គេ​សង្កេត​ឃើញ​នៅ​ទូ​ទាំង​ប្រទេស​ក៏​មាន​សកម្មភាព​ដូចនេះ​ដែរ​ខណៈ​យុទ្ធនាការ​នេះ​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​។​ ករណី​នេះ​ គ​ជប​សម្រេច​ពន្យារពេល​មួយ​ថ្ងៃ​។​​កញ្ញា​ជុំ​ ជោក​ជាតា​រាយការណ៍​៖

ពលរដ្ឋសម្រុកទៅចុះឈ្មោះបោះឆ្នោត
ពលរដ្ឋសម្រុកទៅចុះឈ្មោះបោះឆ្នោត

​លោក​ ទុ​យ​ លី​ណា​ ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​នៅ​សង្កាត់​ស្ល​ក្រាម​មាន​ប្រសាសន៍​ថា​ ចរន្ត​នៃ​ការ​ចុះ​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​កំពុង​មានការ​កើនឡើង​ ពិសេស​នៅ​ថ្ងៃ​ជិត​បិទ​យុទ្ធនាការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ តែ​លោក​ថា​ ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​មិន​ទាន់​គ្រប់​ចំនួន​នៅឡើយ​ គឺ​បាន​ប្រមាណ​ជាង​ពីរ​ម៉ឺន​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​បី​ម៉ឺន​នាក់​។​

​កំពុង​អង្គុយ​រង​ចាំ​លេខ​រៀង​ទាំង​ធុញថប់​ អ្នកស្រី​សុទ្ធ​ មាន​វ័យ​ជាង​៥០​ឆ្នាំ​ ប្រាប់​ថា​ គាត់​ខំ​ស្រូតរូត​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ចង់​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ទោះជា​រង់ចាំ​យូរ​បន្តិច​ក្តី​ក៏​គាត់​អាច​ទ្រាំ​បាន​ ឲ្យ​តែ​បាន​ចុះ​ឈ្មោះ​ ព្រោះ​មិន​ចង់​ខាត​ពេល​មក​ម្តងទៀត​ទេ​ ។

​អង្គុយ​ក្បែរ​អ្នកស្រី​សុទ្ធ​ គឺ​ឈ្មោះ​សាន់​ ទី​វ័ន​ រស់នៅ​ភូមិ​បន្ទាយ​ចាស់​ឆ្លើយ​បន្ទរ​តាម​ ប្រសាសន៍​របស់​អ្នកស្រី​សុទ្ធ​ថា​ បើ​កុំ​តែ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សំខាន់​សំរាប់​ ម្លេះ​សមលោក​មិន​មក​អង្គុយ​រង់ចាំ​បែប​នេះ​ឡើយ​ ។​

​តាម​ការ​កត់សម្គាល់​ ឃើញ​ថា​ រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សង្កាត់​ស្ល​ក្រាម​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កើនឡើង​ ក្នុង​មួយ​ថ្ងៃ​ចំនួន​ពី​ប្រាំ​រយ​នាក់​ទៅ​ប្រាំមួយ​រយ​នាក់​។

​ទាក់ទិន​រឿង​នេះ​នាយក​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ដើម្បី​ប្រជាពលរដ្ឋ​ និង​ សន្តិភាព​ PDP​ លោក​ យ៉ង់​   គឹ​ម​អេ​ង​ មាន​ប្រសាសន៍​ថា​ លោក​ចង់​ឲ្យ​ គ​ ជ​ ប​ ពន្យារពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែ​មិនមែន​ទូ​ទាំង​ប្រទេស​ គឺ​ពន្យារ​តែ​ចំពោះ​សង្កាត់​ណា​ដែល​កំពុង​មមាញឹក​ និង​ សកម្ម​ក្នុង​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដូច​ជា​សង្កាត់​ស្ល​ក្រាម​ នៅ​ក្រុង​សៀមរាប​នេះ​ដែរ​ ។​

​នៅ​ពេល​ យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​បិទ​បញ្ចប់​ គេ​សង្កេត​ឃើញ​ ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​បាន​ សម្រុក​មក​កាន់​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ច្រើន​ដែល​ករណី​នេះ​ នាំ​ឱ្យ​គជ​ប​ បាន​សម្រេច​ពន្យារពេល​មួយ​ថ្ងៃ​ទៀត​ គឺ​រហូត​ថ្ងៃ​ទី​៣០​ វិច្ឆិកា​នេះ​។​

nec-siemreap2​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ នេះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ គឺ​មក​ដល់​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ម្សិលមិញ​នេះ​ ចំនួន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ ចំនួន​ ៧,៧៦៤,៦៥៣​នាក់​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

​បើ​តាម​សេចក្ដីជូនដំណឹង​នេះ​ ខេត្ត​ដែល​មាន​អា​ត្រា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តិច​ជាងគេ​ គឺ​ខេត្ត​បាត់​ ដំបង​និង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ គឺ​មាន​ជាង​៦៧​ភាគរយ​។​ក្រៅពី​ខេត្ត​នេះ​ ខេត្ត​ខ្លះ​អ្នក​ចុះ​ឈ្មោះ​បាន​ជាង​ ៧០%​ ខេត្ត​ខ្លះ​ជាង​៨០%​ និង​ខេត្ត​ខ្លះ​ជិត​៩០%​។​
​តាម​សេចក្ដីជូនដំណឹង​របស់​ គជ​ប​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ ហើយ​មាន​សិទ្ធិ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​៩​លាន​.៦​សែន​នាក់​៕

​អត្ថបទ​ដោយ​ ហេង​ សុខ​នី​

Share

Image
Image
Image