ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរចំនួន ៧,៧៦៤,៦៥៣នាក់ បានទៅចុះឈ្មោះបោះឆ្នោត។ តែបើតាមសេចក្ដីជូនដំណឹងនេះ ខេត្តដែលមានអាត្រាចុះឈ្មោះបោះឆ្នោតតិចជាងគេ គឺខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ គឺមានជាង៦៧ភាគរយ។ ក្រៅពីខេត្តនេះ ខេត្តខ្លះអ្នកចុះបានជាង ៧០% ខេត្តខ្លះជាង៨០% និងខេត្តខ្លះជិត៩០%។
ទាក់ទិនការបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិបានដាក់សំណើឱ្យគ.ជ.ប ពន្យារពេលចុះឈ្មោះបោះឆ្នោត យ៉ាងតិច ៣ថ្ងៃទៅមុខទៀត ដោយគណបក្សនេះ អះអាងថា ពលរដ្ឋនៅតែ មានចំនួនច្រើនបានទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោត ហើយម្យ៉ាងទៀតដោយសារតែព័ត៌មានផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោតលក្ខណៈទូលំទូលាយ។
តាមសេចក្ដីរាយការណ៍នានា ពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃម្សិលមិញ មានចំនួនច្រើនជាងធម្មតា នៅខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់នៅថ្ងៃទី ២៩ វិច្ឆិកានេះ។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕