ភ្នំពេញ៖ ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបកស្រាយយ៉ាងក្បោះក្បាយអំពីជំហរ របស់លោកដែលគាំទ្រគំនិតផ្ដួចផ្ដើមឱ្យមានផែនទីថ្មីមួយ គឺ ខ្នាត១លើ៥០ពាន់ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីយកទៅវាស់វែងភាពជាក់ស្ដែងលើផែនដីតាមព្រំដែន ជាមួយនិងប្រទេសវៀតណាម។ ប៉ុន្ដែ លោកមិនគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ២ស្ដីពី ផែនទីខ្នាត១លើ១០០ពាន់នោះឡើយ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ខ្នាត ១លើ៥០ពាន់ គឺអាចធ្វើអោយភាពច្បាស់លាស់នៃការវាស់វែងព្រំដែនជាមួយប្រទេសវៀតណាម ហើយភាគីណាដែលរំលោភគឺដឹងយ៉ាងពិតប្រាកដ។ បើយ៉ាងនេះក្ដីលោកមិនគាំទ្រការបោះបង្គោលព្រំដែនបច្ចុប្បន្ន ដែលលោកចោទថា ជាការរៀបចំផែនទីពី រដ្ឋាភិបាលវៀតណាម។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងបានទទូចថា ដើម្បីធ្វើឲ្យពលរដ្ឋខ្មែរស្ងប់ចិត្ត និងមានទំនុកចិត្ត គឺ ត្រូវតែយកអ្នកជំនាញពីប្រទេសបារាំងមកសិក្សាពីផែនទីនេះឡើងវិញ ប្រយោជន៍ឱ្យ ការបោះបង្គោលព្រំដែនមានភាពត្រឹមត្រូវ ព្រោះបារាំងគេមានជំហរអព្យា ក្រឹត្យ ហើយគេធ្លាប់ដាក់ការត្រួតត្រាលើកម្ពុជាទៀតផង។
លោកក៏ចង់អោយមានការត្រួតពិនិត្យព្រំដែនឡើងវិញ ពីភាគីពាក់ព័ន្ធ ទាំងអ្នកជំនាញរបស់គណបក្សសង្គ្រោះជាតិផងដែរ។
តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាងលោក នួន បូរិន និងលោក សម រង្ស៊ី ដូចតទៅ៖