ភ្នំពេញ៖ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជននៃក្រសួងមហាផ្ទៃ លោក ភួង សុភី បានឱ្យដឹងថាបទល្មើសនៃការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីមានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ការថយចុះដោយសារក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជនបានចូលរួមចំណែកលើកកម្ពស់ស្ត្រី និងចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់នៃការប្រើប្រាស់អំពើហិង្សាលើស្ត្រី។ ការថ្លែងដូចនេះធ្វើទ្បើងនៅក្នុងសិក្ខាលាបូកសរុបលទ្ធផលលើការអនុវត្តគម្រោងកន្លែងធ្វើការមានសុវត្ថិភាព សហគមន៍មានសុវត្ថិភាព កាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
អំពើហិង្សាគ្រប់រូបភាពលើស្ត្រី អំពើហិង្សាទាក់ទងនិងយេនឌ័រ នៅតែជាកង្វល់សម្រាប់ប្រទេសកម្ពុជា។ អំពើហិង្សាច្រើនកើតចេញពីវិសមាសភាពនៃអំណាចរួមផ្សំជាមួយការប្រើប្រាស់អំណាចដោយគិតថាជាសិទ្ធិរបស់ខ្លួន ហើយអំពើហិង្សានេះទៀតសោត មាន ៥៤,៣% នៃបុរសជាដៃគូបានរាយការណ៍ថាបានធ្វើបាបផ្លូវចិត្តលើដៃគូស្នេហារបស់ខ្លួនយ៉ាងហោចណាស់ម្តងក្នុងឆាកជីវិត។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជននៃក្រសួងមហាផ្ទៃ លោក ភួង សុភី មានប្រសាសន៍ថា រឿងនេះក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ និងបង្កើតវេទិកាសាធារណៈ ជារៀងរាល់ខែដើម្បីផ្សព្វផ្សាយពីការទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី ជាពិសេសផ្សព្វផ្សាយពីការលើកកម្ពស់ស្ត្រីជាដើម។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើស្ត្រីរកឃើញថា ការប្រើប្រាស់អំពើហិង្សាលើស្ត្រីមានការថយចុះគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ភួង សុភី បន្តថាការថយចុះនេះដោយសារស្ថាប័នពាក់ព័ន្ធដូចជាក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ អង្គសង្គមស៊ីវិលពាក់ព័ន្ធ បានជួយផ្សព្វផ្សាយក៏ដូចជាចុះអនុវត្តការងារដោយផ្ទាល់ ទៅដល់ទីកន្លែងពលរដ្ឋដើម្បី ឲ្យពួកគេបានយល់ដឹងពីការទប់ស្កាត់នៃការប្រើប្រាស់អំពើហិង្សាលើស្ត្រី។
លោក មានប្រសាសន៍យ៉ាងដូច្នេះថា៖«នៅក្នុងឆ្នាំនេះអគ្គនគរបាលជាតិគាត់បានដាក់ផែនការថ្មីគឺដាច់ឆ្នាំត្រូវធ្វើសន្និបាទតាមនាយកដ្ឋានរៀងៗខ្លួន ធ្វើសន្និបាទបូកសរុបរៀងៗខ្លួនហើយស្នងការរងទូទាំងប្រទេសត្រូវទ្បើងមកទទួលកិច្ចការងារហ្នឹង មកចូលរួមការងារហ្នឹងអញ្ចឹងតាមនាយកដ្ឋានមួយៗគេត្រូវធ្វើផែនការបូកសរុបអំពីសកម្មភាពការងារហ្នឹងអញ្ចឹងរបាយការណ៍ បានបង្ហាញថាអំពើហិង្សាលើស្ត្រី អំពើហិង្សាទាក់ទងនឹងផ្លូវភេទត្រូវបានធ្លាក់ចុះគួរឱ្យកត់សម្គាល់»។
ចំណែកប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការឃែរកម្ពុជា គឺកញ្ញា អ៊ាត ពិសាល លើកទ្បើងថា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់អំពើហិង្សាលើស្ត្រី គឺត្រូវមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយមិនត្រូវដាក់បន្ទុកទៅលើតែស្ថាប័នណាមួយនោះទេ។ មន្ត្រីអង្គការឃែរ រូបនេះក៏ទទួលស្គាល់ដែរថា ការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីពិតជាមានការថយចុះបើធៀបនឹងឆ្នាំមុនៗ ហើយជាពិសេសស្ត្រីដែលធ្វើការផ្សព្វផ្សាយស្រាបៀមានការថយចុះ។
កញ្ញា អ៊ាត ពិសាល៖« យើងឃើញថាស្ត្រី ៨៣% ស្ត្រីផ្សព្វផ្សាយស្រាបៀ ទទួលបានការបៀតបៀននៅកន្លែងធ្វើការរបស់ពួកគេជារៀងរាល់យប់ នេះគឺជាគម្រោងនៅក្នុងឆ្នាំ២០០៩ដល់២០១៣ នៅក្នុងឆ្នាំ២០១៤ជាឱកាសម្តងទៀតអង្គការឃែរ ក៏បានទទួលគម្រោងចេញពីអង្គការសហប្រជាជាតិមួយនេះដែរ ពីទីក្រុងញូយ៉កយើងធ្វើការសិក្សាអង្កេតមួយទៀតជាមូលដ្ឋានសម្រាប់គម្រោងថ្មីយើងឃើញថាស្ត្រីផ្សព្វផ្សាយស្រាបៀទទួលបានការបៀតបៀនផ្លូវភេទនៅនឹងកន្លែងធ្វើការរបស់គាត់មាន៥៣% អញ្ចឹងបើយើងប្រៀបធៀបទៅមានការថយចុះ»។
ជុំវិញនឹងការលើកទ្បើងនេះដែរអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ប៊ុន ប៊ុទ្ធី មានប្រសាសន៍ថា អំពើហិង្សានៅតែកើតមានប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការពីដៃគូពាក់ព័ន្ធ។ លោកស្រីបន្តថាអំពើហិង្សាលើស្ត្រីនៅតែជាការងារអាទិភាពដែលរាជរដ្ឋាភិបាលនិងគ្រប់អង្គការក្រៅរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការកាត់បន្ថយ នឹងការទប់ស្កាត់ផងដែរ បញ្ហានេះលោកស្រីថាអង្គការក្រៅរដ្ឋាភិបាលជាដៃគូមិនអាចខ្វះ។
«ក្នុងបទពិសោធន៍ការអនុវត្តការងារកន្លងមក បានបង្ហាញឱ្យឃើញថាការរួមគ្នាសហការអនុវត្តការបានល្អពីគ្រប់មជ្ឈដ្ឋាន នឹងគ្រប់កម្រិតទើបអាចទទួលបានជោគជ័យដែលក្នុងនោះដែរក៏មានការរួមសហការល្អក្នុងការអនុវត្តពីដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលនានាដែលតែងតែជួយគាំទ្រនឹងបច្ចេកទេស»។
យោងតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការកាត់បន្ថយ និងទប់ស្កាត់អំពើហិង្សាលើស្ត្រីរបស់រាជរដ្ឋាភិបាល ២០១៥-២០៣០ មានដូចជា៖ លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី និងកុមារគ្រប់ទីកន្លែង។ លុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រីនិងក្មេងស្រីទាំងអស់នៅក្នុងវិស័យសាធារណៈ។ វិស័យឯកជនត្រូវជួយ ធានាឱ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធិភាពពីសំណាក់ស្ត្រី និងទទួលបានឱកាសស្មើគ្នាក្នុងជីវភាពជាអ្នកដឹកនាំ នៅគ្រប់កម្រិតក្នុងការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច និងជីវិតសាធារណៈជាដើម៕