ភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី ២៨ វិច្ឆិកានេះ បើកសាវនាការលើសំណុំរឿងប្តឹងទាស់របស់មន្ត្រីសមាគមអាដហុកទាំង ៤នាក់ រួមទាំងមន្ត្រី គ.ជ.ប មួយរូប ដែលមេធាវីការពារកូនក្តីប្តឹងទាស់នឹងការបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ចំនួន ៦ ខែបន្ថែមទៀត។ យ៉ាងណាមន្ត្រីសមាគមអាដហុក បានថ្លែងអំពាវនាវមុនពេលមន្ត្រីពន្ធនាគារបណ្តើរចូលតុលាការថា រដ្ឋាភិបាលកុំបិទការិយាល័យអង្គការ សហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ព្រោះស្ថាប័នមួយនេះ បានជួយជាផលប្រយោជន៍ជូនកម្ពុជាច្រើនណាស់ ពិសេសលើការគោរពសិទ្ធិមនុស្ស។

ក្នុងសម្លៀកបំពាក់អ្នកទោសពណ៌ស្លាទុំ ដៃទាំងគូរកំពុងជាប់ឃ្នោះផង លោក ណៃ វង់ដា ដែលត្រូវមន្ត្រីពន្ធនាគារបណ្តើរចូលសាលាឧទ្ធរណ៍ដើម្បីចូលសាវនាការនោះ លោកឆ្លៀតប្រាប់ទៅកាន់អ្នកសារព័ត៌មានដោយអំពាវនាវ ឱ្យរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំបិទការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាឱ្យសោះ ព្រោះស្ថាប័នមួយនេះ បានជួយជាផលប្រយោជន៍ដល់កម្ពុជាច្រើនណាស់។
សូមរម្លឹកថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានព្រមានជាថ្មីម្តងទៀត អំពីអនាគតវត្តមានរបស់ការិយាល័យឧត្ដមស្នងការសហ ប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមួយនេះ ព្រោះការិយា ល័យនេះ នៅតែធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលបានផ្ញើជូនឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
លិខិតរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ថា តំណាងនិងអ្នកនាំពាក្យរបស់ការិយាល័យនេះ បានបញ្ចេញឥរិយាបថព្រហើននិងមិនគោរពអធិបតេយ្យភាពកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាទង្វើមិនអាចទទួលយកបាន និងជាការបំពានក្រមសីលធម៌ការទូត ដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត៕