ភ្នំពេញ ៖ មេបក្សប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃទី២៨ វិច្ឆិកា នេះ បានផ្តល់យោបល់មួយចំនួនជុំវិញការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាមដែលលោក ថា ការកំណត់បន្ទាប់ព្រំដែនបច្ចុប្បន្ន កម្ពុជាគួរតែមានឯកភាពជាតិ ដោយត្រូវមានការចូលរួមពីប្រទេសបារាំង ទើបធានាពីភាពអព្យាក្រិត ដល់ប្រទេសទាំងពីរ។
តែយ៉ាងណាអ្នកជំនាញកិច្ចការព្រំដែនរបស់រដ្ឋាភិបាល លើកឡើងថា កម្ពុជាបានផ្ញើលិខិតស្នើសុំអ្នកជំនាញពីបារាំងរួចហើយ ដើម្បីជួយពិនិត្យនៅតំបន់ដែលនៅសេសសល់មិនទាន់បានវាស់វែង។ជាមួយគ្នានេះមន្ត្រីកម្ពុជាថា ការផ្ដល់អនុសាសន៍របស់មេបក្សប្រឆាំងជារឿងមិនបានការ ដោយសារតែការបោះបង្គោលព្រំដែនជិតចប់ហើយ ។
កិច្ចការកំណត់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងវៀតណាម នៅតែជាបញ្ហារសើបដដែល ស្របពេលដែលភាគី កម្ពុជា-វៀតណាម បានដាក់លិខិតរួមគ្នាស្នើឱ្យភាគីបារាំងផ្តល់អ្នកជំនាញ ដើម្បីជួយដោះស្រាយលើចំណុចមួយចំនួនដែលភាគីទាំងមិនទាន់ឯកភាពគ្នានៅឡើយនោះ។ សម្ដេចហ៊ុនសែនបានស្នើឱ្យមានការផ្ទេរផែនទីពីខា្នត១/១00,000 មក១/៥0,000ដែលសម្ដេចថាជាការងាយស្រួលការបោះបង្គោលព្រំដែនជាមួយប្រទេស។
នៅថ្ងៃទី២៨ វិច្ឆិកានេះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានលើកយកបញ្ហាកំណត់បង្គោលព្រំដែន កម្ពុជា-វៀតណាម ដោយផ្តល់ជាយោបល់លើទំព័រហ្វេសប៊ុករបស់លោកថា ដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ គឺកម្ពុជាត្រូវស្វែងរកផែនទីត្រឹមត្រូវ ធ្វើជាមូលដ្ឋានបច្ចេកទេសដើម្បីកំណត់ព្រំដែន។
លោកផ្តល់ជាយោបល់ថា ភាគីពាក់ព័ន្ធគួរស្នើបារាំងផ្តល់ផែនទីបន្ថែមដែលស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ធ្វើជាមូលដ្ឋាន។ លោកថាផែនទីបន្ថែមនោះ អាចផ្តល់ការងាយស្រួល ក្នុងការប្រើប្រាស់ និងការអនុវត្តន៍ កំណត់បន្ទាត់ព្រំដែន លើដែនដី និងដែនទឹកជាក់ស្តែងបានផងដែរ។ ជាងនេះទៀតលោកថា ការផ្តល់ផែនទីបន្ថែម គឺត្រូវឲ្យអ្នកបច្ចេកទេសបារាំង មកពិនិត្យស្ថានការណ៍ជាក់ស្តែងនៅមូលដ្ឋានផងដែរ។
ទាក់ទិនបញ្ហានេះលោក វ៉ា គឹមហុង ប្រធានគណកម្មការកិច្ចការព្រំដែនកម្ពុជាបាន ប្រាប់វិទ្យុស្ត្រីថា ការវាស់វែងកំណត់បន្ទាត់ព្រំដែនរវាង កម្ពុជា-វៀតណាម នេះ រដ្ឋាភិបាលបានផ្ញើលិខិតសុំជំនួយពីប្រទេសបារាំងរួចហើយដើម្បីដោះស្រាយលើតំបន់មួយចំនួនដែលភាគីទាំងពីរនៅមិនទាន់មានការឯកភាពគ្នា។
យ៉ាងណាតម្រុយចង់បង្កើតគណកម្មការចំរុះវាស់វែងព្រំដែនបើមានសមាសភាពបក្សប្រឆាំងចូលរួម លោក វ៉ា គឹម ហុង មានប្រសាសន៍ថា មិនចាំបាច់នោះទេ ព្រោះ កម្ពុជា-វៀតណាម បានព្រមព្រៀងបោះបង្គោលព្រំដែនជិតចប់សព្វគ្រប់ហើយដោយបច្ចុប្បន្នការបោះបង្គោលព្រំដែនក៏មានការចូលរួមពីគណកម្មការទ្វេភាគីជាមួយប្រទេសជាប់ព្រំដែនផងដែរ។ លោក គឹម ហុង៖«គណកម្មការចំរុះរដ្ឋាភិបាលមានរួចហើយ ចង់មានគណកម្មការចំរុះចាំគណបក្សប្រឆាំងមានអំណាចចាំធ្វើ កុំមកចង់ចូលមកគណកម្មការរបស់រដ្ឋាភិបាលដែលគេទទួលស្គាល់ទ្វេភាគីជាមួយ ថៃ ជាមួយវៀតណាម និងឡាវ គឺមិនមែនជាគណកម្មការផ្ទៃក្នុងរបស់យើងទេ»។
ក្នុងសប្តាហ៍នេះ សម្តេច ហ៊ុន សែន បានឆ្លើយតបទៅកាន់អ្នកចូលបញ្ចេញមតិ ក្នុងហ្វេសប៊ុករបស់សម្តេច ដែលមានចម្ងល់ជុំវិញ បំណងរបស់នា យករដ្ឋមន្ត្រីដែលចង់ប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០ ពាន់ ជំនួយផែនទីបោនខ្នាត ១/១០០ពាន់ ដើម្បីងាយស្រួលវាស់វែង បោះបង្គោលព្រំដែន។ សម្តេចបានបង្ហាញជំហរថា ផែនទីខ្នាត ១/១០០ពាន់ នៅតែជាផែនទីផ្លូវការ ករណីមានការយល់ខុសគ្នា ត្រូវយកផែនទីខ្នាត ១/១០០ពាន់ មកធ្វើជាមូលដា្ឋនក្នុងការដោះស្រាយដដែល។
ជុំវិញការប្រើប្រាស់ខ្នាតផែនទីនេះ លោក សម រង្ស៊ី នៅថ្ងៃនេះ ក៏យល់ស្របថា ការពង្រីកខ្នាត ១/១០០ពាន់ គឺ ១ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង ទៅជាខ្នាត ១/៥០ពាន់ គឺ ២ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង គឺខ្នាត ១/៥០ពាន់ លម្អិតជាង ២ ដង ហើយក៏ច្បាស់ជាង ២ ដង ប្រៀបធៀបទៅនឹងផែនទីខ្នាត ១/១០០ពាន់ និងគ្មានអ្វីប្រែប្រួលជាលក្ខណៈមូល ដ្ឋាននោះទេ។
យ៉ាងណាលោក សម រង្ស៊ី មិនភ្លេចអំពាវនាវឱ្យផ្តល់យុតិ្តធម៌ និង ដោះលែងអ្នកស្នេហាជាតិដូចជា លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងតំណាងរាស្ត្រ លោក អ៊ុំ សំអាន ដែលត្រូវតុលាការចាប់ដាក់ពន្ធនា គារ ករណីរិះគុណរឿងព្រំដែន កម្ពុជា-វៀតណាម នេះ៕