ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន បានអំពាវនាវ អោយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជន ដោះលែងលោក ហុង សុខហួរ និង លោក អ៊ុំ សំអាន ឱ្យមានសេរីភាពឡើងវិញ ដែលលោកចាត់ទុកពួកគាត់ទាំងពីររូបនេះ ជាអ្នកស្នេហាជាតិ ខ្វល់ខ្វាយរឿងព្រំដែន។
សាររបស់លោក សម រង្ស៊ី បានធ្វើឡើងតាមហ្វេសប៊ុក របស់លោកនៅថ្ងៃទី២៨ វិច្ឆិកានេះ គឺ ស្របពេលដែលលោក បានផ្ដល់អនុសាសន៍ចំនួន ៧ចំនុចជាចំហរទាក់ទិនទៅនឹងផែនការរបស់រដ្ឋាភិបាលដែលចង់ផ្ទេរផែនទីខ្នាតមួយ លើ១០០ពាន់ ទៅខ្នាតមួយលើ ៥០ពាន់។
ក្នុង អនុសាសន៍ទាំង ៧ចំនុចនេះ លោក សម រង្ស៊ី បានពន្យល់ជាច្រើន ពីផលប្រយោជន៍នៃការពារទឹកដីកម្ពុជា។ ប៉ុន្ដែអ្វីដែលលោកបានលើកឡើងចុងក្រោយនៃអនុសាសន៍នេះ គឺ លោកបានលើកឡើងដូចនេះ ថា ៖ «ត្រូវផ្តល់យុត្តិធម៌ ឲ្យអ្នកស្នេហាជាតិដូចជា លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងលោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា។ មិនគួរចាប់ពួកគាត់ដាក់គុកសោះ តែគួរតែយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នា»។
យ៉ាងណាក៏ដោយមេបក្សប្រឆាំងដែលរស់នៅ ក្នុងស្ថានភាពជាអ្នកទោសរូបនេះ បាននិយាយថា ធ្វើការកែតម្រូវអ្វីក៏ដោយគឺផ្អែកលើរដ្ឋធម្មនុញ្ញជាតិ និងអន្ដរជាតិជាមូលដ្ឋាន ជាពិសេសគឺការធ្វើផែនទីដើម្បីកំណត់ព្រំដែនជាមួយប្រទេសជិតខាង (វៀតណាម)៕