ភ្នំពេញ៖ មហាសន្និបាតសភាតំបន់អាស៊ី ហៅកាត់ថា (APA) ចាប់ផ្ដើមធ្វើឡើងនៅ ខេត្តសៀមរាប ក្រោមប្រធាន «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់អាស៊ី» ដែលមានសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ក៏មានវត្តមានផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់សម្ដេច ហ៊ុន សែន។
តាមទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី (APA ) លើកទី៩ នេះនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដែលក្នុងនោះសភាកម្ពុជាទទួលភារៈកិច្ចធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ីយ៉ាងតិចណាស់ ២៥ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនរយនាក់ទៀតផង៕