រដ្ឋធានីស្តុកឃុម ៖ ប្រទេសស៊ុយអែតកាលពីថ្ងៃសុក្រ ទី២៥ វិច្ឆិកា បានសម្លាប់មេមាន់ ២០ ម៉ឺនក្បាល នៅក្នុងកសិដ្ឋានមួយកន្លែងដែលបានរកឃើញថា មានផ្ទុះជំងឺផ្តាសាយបក្សី បន្ទាប់ពីមានលេចចេញជាថ្មីនៃមេរោគឆ្លងនេះទូទាំងអឺរ៉ុប។
តម្រុយនៃវីរុស H5N8 ត្រូវបានរកឃើញនៅឯកសិដ្ឋាន Aniagra ក្នុងតំបន់ Morarp ភាគនិរតីប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ ទី២៤។ ការរកឃើញនេះ បន្ទាប់ពីជំងឺផ្តាសាយបក្សីបានកើតឡើងនៅកសិដ្ឋានចិញ្ចឹមទាមួយកន្លែងជាប់ព្រំដែន ប្រទេសដាណឺម៉ាក ក្នុងទីក្រុង Copenhagen ។
នាយកដ្ឋានកសិកម្មប្រទេសស៊ុយអែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មេមាន់សរុបទាំងអស់ ២០ ម៉ឺនក្បាលក្នុងកសិដ្ឋាននេះ ត្រូវ បានសម្លាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ»។
នាយកដ្ឋានកសិកម្មបានសង្កត់ធ្ងន់ថា មិនមានករណីគ្រោះថ្នាក់បណ្តាលមកពីការបរិភោគស៊ុតចេញពីកសិដ្ឋាននេះនោះទេ ហើយមេរោគ H5N8 នេះ មិនឆ្លងពីបក្សីទៅមនុស្សឡើយ។
បើយោងតាមអង្គការសុខភាពពិភពលោក វីរុស H5N8 ដែលបានរកឃើញករណីនេះនៅក្នុង បសុបក្សី រួមមានសត្វ មាន់ ទា ក្វាន និងបក្សីព្រៃ ក្នុង ប្រទេសចំនួន ១០ នៅអឺរ៉ុប ដែលមានដូចជាប្រទេសស៊ុយអែត, ដាណឺម៉ាក, ប្រទេសអាល្លឺម៉ង់, ប្រទេសអូទ្រីស, ក្រូអាស៊ី, ប្រទេសហុងគ្រី, ហូឡង់, ប្រទេសប៉ូឡូញ, ប្រទេសស្វីស និងប្រទេសរុស្ស៊ី។
សប្តាហ៍មុនប្រទេសហូឡង់បានបិទដំណើរកំសាន្តទៅកាន់សួនសត្វ ហើយការបរបាញ់ទាព្រៃក៏ត្រូវបានហាមឃាត់ផងដែរ ដើម្បីបង្កើនវិធានការ ទប់ស្កាត់ជំងឺផ្តាសាយបក្សី៕ប្រភព៖CNA