en     km
en     km

សម្តេច​ថា​ ការ​ប្តូរ​ផែនទី​ពី​ ១/១០០​ ពាន់​ មក​ ១/៥០​ ពាន់​ គឺ​ងាយស្រួល​វាស់វែង​ និង​បោះបង្គោល​ព្រំដែន​?

Share

ភ្នំពេញ​ ៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ពន្យល់​ថា​ ផែនទី​បោ​ន​ខ្នាត​ ១/១០០​ពាន់​ ដែល​ទទួលស្គាល់​ ដោយ​រដ្ឋធម្មនុញ្ញ​មានការ​លំបាក​ក្នុង​ការ​រក​ចំណុច​ ដើម្បី​បោះបង្គោល​ព្រំដែន​ ហេតុ​ដូច្នេះ​ទើប​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ចង់​ប្តូរ​មក​ផែនទី​ U​ T​ M​ ខ្នាត​ ១/៥០​ ពាន់​វិញ​ ដែល​បង្ក​ភាព​ងាយស្រួល​វាស់វែង​ និង​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន​។​ ជាមួយ​នេះ​ដែរ​ សម្តេច​ថា​ ប្រធានាធិបតី​បារាំង​ ក៏​យល់ព្រម​តាម​ការ​ចង់​ប្តូរ​នេះ​ផង​ដែរ​។​

 

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។

សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ពន្យល់​ថា​ ការ​ដែល​កម្ពុជា​ស្នើ​ទៅ​បារាំង​ប្តូរ​ផែនទី​ពី​ខ្នាត​ ១​លើ​១០០​ពាន់​ ទៅ​ជា​ខ្នាត​ ១​លើ​៥០​ ពាន់​វិញ​នោះ​ គឺ​ដើម្បី​ភាព​ងាយស្រួល​ដល់​ការ​វាស់វែង​ និង​រក​ចំណុច​បោះបង្គោល​ព្រំដែន​ ខណៈ​សម្តេច​លើក​ឡើង​ថា​ ផែនទី​បោ​ន​ខ្នាត​ ១​លើ​១០០​ពាន់​ លំបាក​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន​ណាស់​។​

សម្តេច​ពន្យល់​យ៉ាងដូច​នេះ​ គឺ​ដើម្បី​បកស្រាយ​ទៅ​នឹង​ច​ម្ង​ល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ដែល​បាន​ចោទសួរ​នៅ​ថ្ងៃ​ទី​ ២៦​ វិច្ឆិកា​នេះ​ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​។​ ការ​បកស្រាយ​នេះ​ ស្រប​ពេល​ដែល​កម្ពុជា​ និង​វៀតណាម​ បាន​ឯកភាព​គ្នា​ស្នើ​អ្នកជំនាញ​ផែនទី​ពី​ប្រទេស​បារាំង​ ឲ្យ​ធ្វើ​ផែនទី​ប្តូរ​ពី​ខ្នាត​ ១​លើ​១០០​ពាន់​ ទៅ​ជា​ខ្នាត​ ១​លើ​៥០​ ពាន់​។​

​សម្តេច​បាន​ពន្យល់​បន្ត​ថា​ ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​ទើប​ភាគី​កម្ពុជា​ និង​ ភាគី​វៀតណាម​ ឯកភាព​គ្នា​ស​សេរ​លិខិត​រួម​គ្នា​សុំ​ជំនាញការ​បារាំង​មក​ជួយ​ផ្ទេរ​ផែនទី​នេះ​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសា​ន៍​បន្ត​ថា​ ប្រធានាធិបតី​បារាំង​គាត់​យល់ព្រម​ហើយ​ តែ​គេ​តម្រូវ​ឱ្យ​មានការ​ស្នើ​ដោយ​កម្ពុជា​ និង​ វៀតណាម​រួម​គ្នា​ ទើប​បារាំង​ប​ញ្ចូ​ន​មក​បាន​ ហេតុ​ដូច្នេះ​ទើប​សម្តេច​ច​ចារ​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​ធ្វើ​លិខិត​រួម​គ្នា​ជូន​ទៅ​ប្រធានាធិបតី​បារាំង​តែ​ម្តង​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គោលដៅ​សំខាន់​គឺ​ការ​ផ្ទេ​ផែនទី​នេះ​មិន​ឱ្យ​លំអៀង​ដើម្បី​ធានា​ដល់​ការ​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ​។​អុំ​ចង់​ប្រាប់​ក្មួយ​បន្ថែម​លើ​បញ្ហារ​ផែនទី​ បើ​ផែនទី​ក​ខ្នាត​កាន់តែ​ធំ​កាន់តែ​ពិបាក​រក​ចំណុច​ដូចនេះ​ហើយ​បាន​ខាង​កងទ័ព​គេ​ផលិត​ផែនទី​សំរាប់​ថ្នាក់​បញ្ជាការ​តាម​កំរិត​។​ ថ្នាក់​យោធភូមិ​ភាគ​ប្រើ​ខ្នាត​ ១​លើ​៥០​ ពាន់​ថ្នាក់​កងពល់​ខ្នាត​ ១​លើ​២៥​ ពាន់​រហូត​មាន​ប្រើ​ខ្នាត​១​លើ​១០​ពាន់​ ដើម្បី​ងាយស្រួល​រក​ចំណុច​ឈរជើង​របស់​កងទ័ព​ឬ​វាយ​កាំភ្លើង​ធំ​។​ល​។​»

​សម្តេច​ពន្យល់​បន្ថែម​ថា​ សម្រាប់​សុរិយោដី​ដែល​ត្រូវធ្វើ​ប្លង់​ដី​កាន់តែ​ត្រូវការ​ផែនទី​ខ្នាត​ធំ​ដើម្បី​ជៀសវាង​ចេញ​ប្លង់​ដី​ជាន់​គ្នា​នាំ​ដល់​ទំនាស់​ព្រំ​ដី​រវាង​គ្រួសារ​មួយ​ ជាមួយ​គ្រួសារ​មួយទៀត​។​ អ្នក​គូស​ប្លង់​អាគារ​ ឬ​ផ្ទះ​កាន់តែ​ត្រូវការ​ពង្រីក​ផែនទី​ឱ្យ​កាន់តែ​ធំ​ទើប​ពួក​គាត់​ងាយស្រួល​និង​អាច​ធ្វើ​បាន​។​

​កាលពី​រសៀល​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយក​រដ្ឋ​ម​ន្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ និង​នាយក​រដ្ឋមន្ដ្រី​វៀតណាម​លោក​ ង្វៀ​ន​ សួន​ហ្វ៊ុ​ក​  បាន​ឯកភាព​គ្នា​ស្នើ​សុំ​អ្នកឯកទេស​ផែនទី​ពី​ប្រទេស​បារាំង​ ឲ្យ​ជួយ​ធ្វើ​ផែនទី​ផ្ទេរ​ពី​ផែនទី​ខ្នាត​ ១​លើ​១០០​ពាន់​ មក​ជា​ផែនទី​ខ្នាត​ ១​លើ​៥០​ ពាន់​វិញ​។​ ប៉ុន្ដែ​សម្តេច​ ហ៊ុន​ សែន​ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្ទេរ​ផែនទី​ និង​កាលបរិច្ឆេទ​នៅឡើយ​ទេ​ ដោយ​គ្រាន់តែ​ថា​ លោក​បាន​ចាត់តាំង​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ លោក​ ឡុ​ង​ វី​សា​ឡូ​ ឱ្យ​ពង្រាង​ឯកសារ​ជា​ មួយ​ភាគី​វៀតណាម​ដើម្បី​រៀបចំ​លិខិត​ស្នាម​ផ្លូវការ​។​

​ស្រង់​សម្តី​ដោយ​វិទ្យុ​អាស៊ី​សេរី​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​កែប្រែ​ខ្នាត​ផែនទី​ ដែល​សម្តេច​នាយក​ ហ៊ុន​ សែន​ ផ្ដួចផ្ដើម​គំនិត​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ ផង​ដែរ​។​

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី

​ទាក់ទិន​បញ្ហា​នេះ​ លោក​ មាស​ មុង​ អគ្គលេខាធិការ​សមាគម​ន៍​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​ យល់​ថា​ អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ គួរតែ​នាំ​គ្នា​គោរព​តាម​ ហើយ​បើសិនជា​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ គួរតែ​មានការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​។​ លោក​ មាស​ មុង​ ៖«​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ គួរតែ​នាំ​គ្នា​គោរព​តាម​ ហើយ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ណាមួយ​យើង​គិត​ថា​គួរតែ​មានការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​លាយ​ មានការ​ពិភាក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ ពីព្រោះ​រឿង​នេះ​ជា​រឿង​បញ្ហា​របស់​ជាតិ​ទាំងមូល​។​»

មាត្រា​ ២​ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ បូរណភាព​ទឹកដី​របស់​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​ -១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​។​
​សូម​ជម្រាប​ថា​ កម្ពុជា​-​វៀតណាម​ មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​ ១២៧០​ គីឡូម៉ែត្រ​ ដែល​ត្រូវការ​បោះបង្គោល​ព្រំដែន​ចំនួន​ ៣១៤​ បង្គោល​។​ បើ​តាម​គណៈកម្មការ​ព្រំដែន​  គិត​រហូត​ដល់​ពេល​នេះ​ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​បោះបង្គោល​ព្រំដែន​បាន​ចំនួន​ ៨៣​ ភាគរយ​ហើយ​ នៅ​ប្រមាណ​ ១៧​ ភាគរយ​ទៀត​ប៉ុណ្ណោះ​៕

Share

Image
Image
Image