ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ថា ផែនទីបោនខ្នាត ១/១០០ពាន់ ដែលទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញមានការលំបាកក្នុងការរកចំណុច ដើម្បីបោះបង្គោលព្រំដែន ហេតុដូច្នេះទើបប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ប្តូរមកផែនទី U T M ខ្នាត ១/៥០ ពាន់វិញ ដែលបង្កភាពងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។ ជាមួយនេះដែរ សម្តេចថា ប្រធានាធិបតីបារាំង ក៏យល់ព្រមតាមការចង់ប្តូរនេះផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានពន្យល់ថា ការដែលកម្ពុជាស្នើទៅបារាំងប្តូរផែនទីពីខ្នាត ១លើ១០០ពាន់ ទៅជាខ្នាត ១លើ៥០ ពាន់វិញនោះ គឺដើម្បីភាពងាយស្រួលដល់ការវាស់វែង និងរកចំណុចបោះបង្គោលព្រំដែន ខណៈសម្តេចលើកឡើងថា ផែនទីបោនខ្នាត ១លើ១០០ពាន់ លំបាករកចំណុចដើម្បីបោះបង្គោលព្រំដែនណាស់។
សម្តេចពន្យល់យ៉ាងដូចនេះ គឺដើម្បីបកស្រាយទៅនឹងចម្ងល់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលបានចោទសួរនៅថ្ងៃទី ២៦ វិច្ឆិកានេះ នៅក្នុងទំព័រហ្វេសប៊ុកសម្តេច។ ការបកស្រាយនេះ ស្របពេលដែលកម្ពុជា និងវៀតណាម បានឯកភាពគ្នាស្នើអ្នកជំនាញផែនទីពីប្រទេសបារាំង ឲ្យធ្វើផែនទីប្តូរពីខ្នាត ១លើ១០០ពាន់ ទៅជាខ្នាត ១លើ៥០ ពាន់។
សម្តេចបានពន្យល់បន្តថា ដើម្បីធានាភាពត្រឹមត្រូវទើបភាគីកម្ពុជា និង ភាគីវៀតណាម ឯកភាពគ្នាសសេរលិខិតរួមគ្នាសុំជំនាញការបារាំងមកជួយផ្ទេរផែនទីនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាន៍បន្តថា ប្រធានាធិបតីបារាំងគាត់យល់ព្រមហើយ តែគេតម្រូវឱ្យមានការស្នើដោយកម្ពុជា និង វៀតណាមរួមគ្នា ទើបបារាំងបញ្ចូនមកបាន ហេតុដូច្នេះទើបសម្តេចចចារជាមួយថ្នាក់ដឹកនាំវៀតណាមធ្វើលិខិតរួមគ្នាជូនទៅប្រធានាធិបតីបារាំងតែម្តង។
សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖«គោលដៅសំខាន់គឺការផ្ទេផែនទីនេះមិនឱ្យលំអៀងដើម្បីធានាដល់ការបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ។អុំចង់ប្រាប់ក្មួយបន្ថែមលើបញ្ហារផែនទី បើផែនទីកខ្នាតកាន់តែធំកាន់តែពិបាករកចំណុចដូចនេះហើយបានខាងកងទ័ពគេផលិតផែនទីសំរាប់ថ្នាក់បញ្ជាការតាមកំរិត។ ថ្នាក់យោធភូមិភាគប្រើខ្នាត ១លើ៥០ ពាន់ថ្នាក់កងពល់ខ្នាត ១លើ២៥ ពាន់រហូតមានប្រើខ្នាត១លើ១០ពាន់ ដើម្បីងាយស្រួលរកចំណុចឈរជើងរបស់កងទ័ពឬវាយកាំភ្លើងធំ។ល។»
សម្តេចពន្យល់បន្ថែមថា សម្រាប់សុរិយោដីដែលត្រូវធ្វើប្លង់ដីកាន់តែត្រូវការផែនទីខ្នាតធំដើម្បីជៀសវាងចេញប្លង់ដីជាន់គ្នានាំដល់ទំនាស់ព្រំដីរវាងគ្រួសារមួយ ជាមួយគ្រួសារមួយទៀត។ អ្នកគូសប្លង់អាគារ ឬផ្ទះកាន់តែត្រូវការពង្រីកផែនទីឱ្យកាន់តែធំទើបពួកគាត់ងាយស្រួលនិងអាចធ្វើបាន។
កាលពីរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រីកម្ពុជា សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នាស្នើសុំអ្នកឯកទេសផែនទីពីប្រទេសបារាំង ឲ្យជួយធ្វើផែនទីផ្ទេរពីផែនទីខ្នាត ១លើ១០០ពាន់ មកជាផែនទីខ្នាត ១លើ៥០ ពាន់វិញ។ ប៉ុន្ដែសម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីមូលហេតុនៃការផ្ទេរផែនទី និងកាលបរិច្ឆេទនៅឡើយទេ ដោយគ្រាន់តែថា លោកបានចាត់តាំងរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វីសាឡូ ឱ្យពង្រាងឯកសារជា មួយភាគីវៀតណាមដើម្បីរៀបចំលិខិតស្នាមផ្លូវការ។
ស្រង់សម្តីដោយវិទ្យុអាស៊ីសេរីលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានបង្ហាញការគាំទ្រចំពោះការកែប្រែខ្នាតផែនទី ដែលសម្តេចនាយក ហ៊ុន សែន ផ្ដួចផ្ដើមគំនិតជាមួយរដ្ឋាភិបាលវៀតណាម ផងដែរ។
ទាក់ទិនបញ្ហានេះ លោក មាស មុង អគ្គលេខាធិការសមាគមន៍និស្សិតបញ្ញវ័ន្តកម្ពុជា យល់ថា អ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គួរតែនាំគ្នាគោរពតាម ហើយបើសិនជាមានការធ្វើវិសោធនកម្មច្បាប់ គួរតែមានការផ្សព្វផ្សាយឱ្យទូលំទូលាយ។ លោក មាស មុង ៖«អ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គួរតែនាំគ្នាគោរពតាម ហើយចំពោះការធ្វើវិសោធនកម្មណាមួយយើងគិតថាគួរតែមានការផ្សព្វផ្សាយឱ្យទូលំលាយ មានការពិភាក្សាឱ្យគ្រប់ជ្រុងជ្រោយ ពីព្រោះរឿងនេះជារឿងបញ្ហារបស់ជាតិទាំងមូល។»
មាត្រា ២ នៃរដ្ឋធម្មនុញ្ញបានចែងថា បូរណភាពទឹកដីរបស់ព្រះរាជណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ -១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង ១២៧០ គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន ៣១៤ បង្គោល។ បើតាមគណៈកម្មការព្រំដែន គិតរហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែនបានចំនួន ៨៣ ភាគរយហើយ នៅប្រមាណ ១៧ ភាគរយទៀតប៉ុណ្ណោះ៕