ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានយាងចូលរួមពិធីបុណ្យសពលោកជំទាវ ញឹក ជូឡុង - មាសកេត សមភ័ត្រ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកានេះ។
ក្រៅពីសម្តេចព្រះមហាក្សត្រី គេសង្គេតឃើញ មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខ ចំពោះលោកស្រី ជូឡុង សូមូរ៉ា ជាភរិយាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកយាយ មាសកេត សមភ័ក្រ ជាម្ដាយក្មេក របស់មេបក្សប្រឆាំងនេះបានទទួលមរណភាព។
មិនត្រឹមតែប៉ុណ្ណោះ សម្តេច ហ៊ុន សែន បានបញ្ជូនលោក ហ៊ុន ម៉ានី ជាកូនប្រុស ទៅគោរពវិញ្ញាណក្ខន្ធម្ដាយក្មេកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផងដែរ។
ម្តាយក្មេក លោក សម រង្ស៊ី ទទួលមរណភាពកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ក្នុងជន្មាយុ ៩៦ឆ្នាំ នៅឯគេហដ្ឋានរបស់លោក សម រង្ស៊ី នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស គឺទំនង់ជាមិនអាចចូលរួមបុណ្យសពម្តាយក្មេងរបស់លោកបានឡើយ ព្រោះមានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាជាច្រើននៅក្នុងស្រុក ប្រសិនជាលោក សម រង្ស៊ី ត្រលប់ចូលស្រុកវិញគឺត្រូវប្រឈមមុខនឹងនីតិវិធីតុលាការជាមិនខាន៕