en     km
en     km

​កម្ពុជា​ដាក់​ឱសានវាទ​ឲ្យ​ការិយាល័យ​​សិទ្ធិ​មនុស្ស​ត្រឹម​ថ្ងៃ​ ៣០​ ខែធ្នូ​ ឆ្នាំ​ ២០១៦

Share

ភ្នំពេញ៖ ក្រសួងការបរទេស​កម្ពុជា​ បាន​ដាក់​ឱសានវាទ​ឲ្យ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ ត្រឹម​ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ ដោយ​ឲ្យ​កែប្រែ​ឥរិយាបថ​ឡើង​វិញ​ក្នុង​ការ​គោរព​អធិបតេយ្យភាព​ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជា
ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជា

ក្រសួងការបរទេស​កម្ពុជា​ដាក់​ឱសានវាទ​នេះ​ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើរ​ទៅ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ វិច្ឆិការ​នេះ​។​ នៅ​ក្នុង​លិខិត​របស់​ក្រសួងការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ថា​ អនុស្សរណៈ​យោគយល់​គ្នា​(MOU)​រវាង​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា​ ត្រូវ​បាន​ផុត​សុពលភាព​ តាំងពី​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៥​មក​ម្ល៉េះ​។​ លិខិត​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ កម្ពុជា​មិន​អាច​ឲ្យ​ស្ថានភាព​បែប​នេះ​ បន្ត​ទៅ​មុខ​ទៀត​ដោយ​គ្មាន​ការ​កំណត់ពេល​នោះ​  ឡើយ​។​

​នៅ​ក្នុង​ន័យ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ឱសានវាទ​ រហូត​ដល់​ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ ឲ្យ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ ត្រូវ​បញ្ជាក់​ពី​ការ​ទទួលយក​អនុស្សរណៈ​យោគយល់​គ្នា​ថ្មី​មួយ​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ឧត្តមស្នងការ​សហប្រជាជាតិ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​គោលការណ៍​គោរព​អធិបតេយ្យភាព​ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ កម្ពុជា​។​

​លិខិត​របស់​ក្រសួងការបរទេស​កម្ពុជា​៖«​អនុស្សា​រណៈ​យោគយល់​គ្នា​(MOU)​ចុង​ក្រោយ​បំផុត​ដែល​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា​ បាន​ផុត​សុពលភាព​ តាំងពី​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៥​មក​ម្ល៉េះ​»​។​

​នៅ​ក្នុង​លិខិត​ដដែល​ក៏​បាន​ព្រមាន​ថា​ បើ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ មិន​បញ្ជាក់​អំពី​សុពលភាព​នៃ​អនុស្សរណៈ​ជា​ថ្មី​តាម​ពេល​កំណត់​ទេ​ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រើប្រាស់​សិទ្ធិ​អធិបតេយ្យភាព​កម្ពុជា​ ដើម្បី​សម្រេច​អំពី​អនាគត​វត្តមាន​របស់​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image