ភ្នំពេញ៖ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំងដែលត្រូវបានតុលាការកាត់ទោស រយៈ៧ឆ្នាំ ករណីក្លែងឯកសារសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ១៩៧៩ បានបានផ្ដាំឱ្យ អ្នកសារព័ត៌មានជួយជំរុញពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដើម្បីផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា។
ស្ថិតក្នុងសំលៀកបំពាក់ អ្នកទោស សមាជិកព្រឹទ្ធសភា រូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក ចង់ឃើញពលរដ្ឋខ្មែរ ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានច្រើននិងគ្រប់ៗគ្នា ដើម្បីជា ប្រយោជន៍ដែលលោកថា ដើម្បីផ្លាស់ប្ដូរការដឹកនាំទើបធ្វើព្រំដែន មិនត្រូវបានប្រទេសជាងខាងរំលោភ ហើយ ធ្វើឱ្យតុលាការមានភាពអព្យាក្រឹត្យ និងឯករាជ្យ។
តាមអ្នករាយការណ៍នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអះអាងថា ការទទូចរបស់លោក ហុង សុខហួរ ធ្វើឡើងនៅពេលលោក ដើរមកជិត អ្នកសារព័ត៌មាន ក្នុងអំឡុងពេលតុលាការ បើកសវនាការ លើសំនុំរឿង ប្រឆាំងលោក សម រង្ស៊ី ករណីសមគំនិតនៃការក្លែងឯកសារសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម១៩៧៩។
តាមប្រភពដដែលនេះ លោក ហុង សុខហួរ ត្រូវបាន នាំខ្លួនមកកាន់តុលាការនៅព្រឹកថ្ងៃសុក្រទី២៥តុលានេះ ក្នុងនាមលោកជាសាក្សី ទាក់ទងនឹងការប្រើ Page របស់លោក សម រង្ស៊ី បង្ហោះឯកសារសន្ធិសញ្ញាព្រំដែន៕