ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ លើកពេលបើកសវនាការកាត់ទោស លោក សម រង្ស៊ី និង ជំនួយការរបស់លោកពីរនាក់ទៀត ពាកព័ន្ធនឹង ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម។
តាម អ្នករាយការណ៍ព័ត៌មាន នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា តុលាការក្រុងភ្នំពេញ បានសម្រេចលើកពេលសវនាការទៅថ្ងៃទី៩ធ្នូ ខែក្រោយនេះ។ តាមប្រភពដដែលនេះ ការលើកសវនាការធ្វើឡើងតាមសំណើរបស់មេធាវី ចុងចោទដែលមេធាវីអះអាងថា គេមិនបានជួបមុខកូនក្ដីម្ដងឡើយ។
លោក សម រង្ស៊ី លោក អ៉ឹង ជុងលាង និង លោក សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ករណីនេះ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងត្រូវបាន ផ្ដន្ទាទោស រយៈពេល៧ឆ្នាំ។ តែនៅក្នុងសវនាការដែលសម្រេចលើកពេលនេះ លោក ហុងសុខហួរ ក៏ត្រូវបាននាំមកកាន់តុលាការដែរ ដោយក្នុងនាមជាសាក្សី៕