អង្គការសហប្រជាជាតិសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលភូមា ដែលបណ្ដេញពលរដ្ឋអន្ដោប្រវេសន៍សហគមន៍ រ៉ូហ៊ីងយ៉ា ចេញពីប្រទេសនេះ ដោយចាត់ទុកថា ជាការបោសសម្អាតជនជាតិដើមភាគតិច។
លោក ចន ម៉ាកគីសិក មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយប្រាប់បណ្ដាញផ្សាយព័ត៌មាន BBC ថា កងប្រដាប់អាវុធភូមា នៅតែបន្ដបាញ់ប្រហារ ចូលទៅក្នុងតំបន់សហគមន៍រ៉ូហ៊ីងយ៉ា ដែលជាការបង្ខំឲ្យពួកគេរត់ទៅប្រទេសបង់ក្លាដេស ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ផ្នែកជនភៀសខ្លួន គឺយ៉ាងតិចសហគមន៍រ៉ូហ៊ីងយ៉ាជាង ៣ម៉ឺននាក់បានបង្ខំរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន ដោយពួកគេបានរត់ទៅជ្រកកោននៅប្រទេសបង់ក្លាដេស។ រដ្ឋាភិបាលបង់ក្លាដេសបាននិយាយថា ពលរដ្ឋទាំងនោះបានកកកុញ នៅតាមព្រំដែនរបស់ខ្លួន។
រដ្ឋាភិបាលបង់ក្លាដេសក៏បានអំពាវនាវឲ្យសហគមន៍អន្ដរជាតិ ជួយទប់ស្កាត់បញ្ឈប់រដ្ឋាភិបាលភូមា កុំឲ្យធ្វើការវាយប្រហារទៅលើពួកសហគមន៍រ៉ូហ៊ីងយ៉ា បន្ដទៀត។
សូមជម្រាបថា សហគមន៍រ៉ូហ៊ីងយ៉ា គឺជាអន្ដោប្រវេសន៍មកពីប្រទេសបង់ក្លាដេសដែលរដ្ឋាភិបាលភូមាចាត់ទុកថា ជាជនចំណាកស្រុកខុសច្បាប់។ សហគមន៍នេះ មកតាំងក្នុងប្រទេសភូមា នៅរដ្ឋរ៉ាឃិន តាំងពីសម័យកាលនៃការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស៕ ប្រភព:The Nation