ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខ ចំពោះលោកស្រី ជូឡុង សូមូរ៉ា ជាភរិយាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកយាយ មាសកេត សមភ័ក្រ ជាម្ដាយក្មេក របស់មេបក្សប្រឆាំងនេះបានទទួលមរណភាព។
លិខិតរបស់សម្ដេច ហ៊ុន សែន សរសេររៀបរាប់ថា៖«ភរិយាខ្ញុំនិងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីតក់ស្លុតដ៏គូរឲ្យសោកស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវបានទទួលមរណភាព។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»។
ម្តាយក្មេក លោក សម រង្ស៊ី ទទួលមរណភាពកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ក្នុងជន្មាយុ ៩៦ឆ្នាំ នៅឯគេហដ្ឋានរបស់លោក សម រង្ស៊ី នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា៖« ភរិយាខ្ញុំ និងខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខជាទម្ងន់ដោយលោកជំទាវ ញឹក ជូឡុង មាសកេត សមភ័ត្រ ដែលជាមាតា-មាតាក្មេក បាទទួលមរណភាព»។
សម្ដេច ហ៊ុន សែន និងគ្រួសាររបស់សម្ដេច បានបង្ហាញ ភាពស្និទ្ធស្នាលរយៈពេលខ្លីប៉ុណ្ណោះជាមួយ ក្រុមគ្រួសារនិង លោក សម រង្ស៊ី ផ្ទាល់ កាលពីចុងឆ្នាំ២០១៤។ ភាពស្និទ្ធសា្នលនេះក៏បានរំលាយទៅវិញ ដោយសារជំលោះនយោបាយ ដោយភ្លាមៗនោះ ស្រាប់តែ សាលាឧទ្ធរណ៏បានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ករណីបរិហារកេរ្តិ៍អតីតរដ្ឋមន្ត្រីការបរទេសហោណាំហុង។ សំណុំរឿងនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជាល្បិចនយោបាយចាស់គាស់កកាយឡើងវិញ៕