ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ លោកស្រី ម៉ែន សំអន មានប្រសាសន៍ថា គ្រឿងស្រវឹងបាននាំមកនូវផលវិបាកជា ច្រើនណាស់ដល់ សង្គមជាតិ ជាពិសេសអំពើហិង្សាលើស្ត្រី។
ការថ្លែងដូចនេះធ្វើទ្បើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ស្ត្រី និងគ្រឿងស្រវឹង» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់។ លោកជួន សារ៉េត រាយការណ៍៖
លោក ស្រីម៉ែន សំអន ៖«ផ្តើមចេញពីពាក្យស្លោក «ស្ត្រីជាមាតានៃពិភពលោក»ធ្វើឱ្យយើងគ្រប់គ្នាបានយល់យ៉ាងច្បាស់ថា ស្ត្រីគឺជាបុគ្គលសំខាន់និងជាមេដឹកនាំមួយនៃ សង្គម។ ត្រង់ចំនុចនេះគេចង់បង្ហាញថាយើងត្រូវមានតួនាទី ការពារពួកគេពីផលប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ តែវាជារឿងគួរឱ្យសោកស្តាយ ដែលរហូតមកដល់បច្ចុប្បន្ននេះ នៅតែឃើញមានស្ត្រី និងកុមារីកម្ពុជាជាច្រើនត្រូវរងគ្រោះដោយសារអំពើហិង្សាដែលពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹង»។
នេះជាការលើកទ្បើងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍។លោកស្រី ម៉ែន សំអន បានថ្លែងថាអំពើហិង្សាកើតទ្បើងទៅលើស្ត្រីភាគច្រើនគឺបណ្តាលមកពីការសេពគ្រឿងស្រវឹង។ លោកស្រី បន្តថាមុននឹងឈានដល់ការពិភាក្សាស្វែងរកដំណោះស្រាយទប់ស្កាត់អំពើហិង្សាប្រឆាំងស្ត្រី ដែលពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹងបាន គឺចាំបាច់ត្រូវស្វែងយល់អំពីទំនាក់ទំនងរវាងគ្រឿងស្រវឹង និងបុគ្គលអ្នកប្រព្រឹត្តអំពើហិង្សាជាមុនសិន។
តាមការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារីបានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារកើនទ្បើង ស្របពេលនៃការសេពគ្រឿងស្រវឹងញឹកញាប់របស់ជនបង្កហេតុ។ ដើម្បីកាត់បន្ថយឬទប់ស្កាត់អំពើហិង្សាលើស្ត្រី ឬបុគ្គលទូទៅ គឺចាំបាច់ត្រូវកាត់បន្ថយការសេពគ្រឿងស្រវឹង។
លោកស្រី ម៉ែន សំអន សង្កត់ធ្ងន់ថា ដើម្បីអាចចូលរូមកាត់បន្ថយឬទប់ស្កាត់អំពើហិង្សាលើស្ត្រីក៏ដូចជាបុគ្គលទូទៅគឺស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តតួនាទីរបស់ខ្លួនដូចជា៖«ជាការពិតយើងទទួលស្គាល់ថាស្ត្រីមានតួនាទី យ៉ាងសំខាន់ក្នុងការលើកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរជាផ្តល់កំណើតលើកទឹកចិត្ត និងផ្តល់ការអប់រំប្រកបដោយប្រសិទ្ធភាពដូច្នេះគប្បីរួបរួមគ្នាការពារការពារនឹងទប់ស្កាត់ឥទ្ធិពល នៃគ្រឿងស្រវឹងនិងអំពើហិង្សាចំពោះស្ត្រីនិងកុមារក្រសួងស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចជំនាញ ពិនិត្យនិងមានវិធានការទប់ស្កាត់រាល់ខ្លឹមសារ រូបភាពនៃការផ្សព្វផ្សាយដែលមានលក្ខណៈជម្រុញលើកទឹកចិត្តនៃការប្រើប្រាស់គ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ»។
ទាក់ទងនឹងការលើកទ្បើងនេះដែរ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ថា គោលបំណងសំខាន់ដែលរៀបចំសិក្ខាសាលានៅថ្ងៃនេះគឺ ដើម្បីស្វែងរកអនុសាសន៍សំដៅ កាត់បន្ថយជំងឺពិការភាព ហានិភ័យដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងទៅលើស្ត្រីនិងកុមារ។
លោក មុំ គង់ ថាទោះបីជាអត្រាការប្រើប្រាស់គ្រឿងស្រវឹងរបស់ស្ត្រី នៅមានកម្រិតទាបក៏ដោយ ក៏ស្ត្រីនៅតែជាជនរងគ្រោះនៃការប្រើប្រាស់គ្រឿងស្រវឹង ព្រោះថានៅពេលសមាជិកគ្រួសាររបស់គាត់កើតមានគ្រោះថ្នាក់ ឬពិការភាពដោយសារគ្រឿងស្រវឹងនោះ ស្ត្រីនេះហើយដែលត្រូវទទួល បន្ទុកធ្ងន់ធ្ងរនៅក្នុងក្នុងគ្រួសារ។
លោក មុំ គង់ ៖ «តាមពិតទៅការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាកត្តាទាក់ទាញមួយយ៉ាងខ្លាំងឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកើនទ្បើងជាពិសេសចំពោះស្ត្រី និងកុមារ អញ្ចឹងនៅពេលដែលយើងមានវិធានការដើម្បី ទៅលើការផ្សាយពាណិជ្ជកម្មនោះមានន័យថាយើងកំពុងតែមានវិធានការដោះស្រាយ ទៅលើមូលហេតុមានន័យថាកាត់បន្ថយមូលហេតុមួយដែលនាំឱ្យមានស្ត្រី និងកុមារចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងច្រើននេះ»។
ចំណែកមន្ត្រីតំណាងអង្គការសុខភាពពិភពលោក លោក យ៉ិល ដារ៉ាវុធ បានផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានថា បញ្ហាគ្រឿងស្រវឹងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចសង្គមគ្រួសារ។ លោកបន្ត ថាបច្ចុប្បន្ន ស្ត្រីវ័យក្មេងដែលកំពុងតែសេពគ្រឿងស្រវឹងមានការកើនឡើងខ្លាំង បើធៀបនឹងឆ្នាំមុនៗ។
លោក យ៉ិល ដារ៉ាវុធ ៖«យើងត្រូវមានច្បាប់ដែលគ្របដណ្តបឧទាហរណ៍ ដាក់កម្រិតនៃអាយុឧទាហរណ៍ប្រទេសជិតខាងយើងមានច្បាប់ថា មិនអាចលក់គ្រឿងស្រវឹងឱ្យក្មេងក្រោមអាយុ១៨ឆ្នាំច្បាប់ហ្នឹងត្រូវគ្របដណ្តបអញ្ចឹង វិធានការទី០២ គឺកន្លែងលក់គ្រឿងស្រវឹងស្រុកខ្មែរយើងលក់គ្រឿងស្រវឹងសូម្បីតែកន្លែងលក់គ្រឿងទេសន៍គឺជិត ៥០%ហើយលក់គ្រឿងស្រវឹងអញ្ចឹងយើត្រូវដាក់កម្រិតកន្លែងលក់គ្រឿងស្រវឹងដែរ ធ្វើយ៉ាងណាឱ្យទិញគ្រឿស្រវឹងលំបាកហើយឈានទៅដល់ការទប់ស្កាត់នៃការប្រើប្រាស់គ្រឿងស្រវឹងនេះដែរ…»។
បើតាម លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ជំងឺជាង ២០០ មុខ បណ្តាលមកពីគ្រឿងស្រវឹងមានដូចជា៖ ជំងឺក្រិនថ្លើម ជំងឺបេះដូង -សរសៃឈាម ជំងឺដំបៅក្រពះ ជំងឺមហារីកជាដើម។
របាយការណ៍របស់ក្រសួងកិច្ចការនារី បានឱ្យដឹងថាផលប៉ះពាល់នៃអំពើហិង្សាលើស្ត្រីរួមមាន៖ ៦៦%នៃស្ត្រីជួបបទពិសោធន៍អំពើហិង្សាដោយ ប៉ះពាល់ដល់សុខភាពផ្លូវកាយ ឬផ្លូវចិត្តរបស់ពួកគេយ៉ាងខ្លាំង។ បច្ចុប្បន្នគេរកឃើញថាស្ត្រីទាំងនោះជក់បារី បរិភោគគ្រឿងស្រវឹងជាញឹកញាប់ មានផ្ទៃពោះដោយមិនបានព្រាងទុក និងមានគំនិតចង់សម្លាប់ខ្លួនកម្រិតខ្ពស់៕