en     km
en     km

CNRP​ ស្វែងរក​ដំណោះស្រាយ​ករណី​ពលរដ្ឋ​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​តែ​មាន​ចំនួន​ច្រើន (មានសំឡេង)

Share

ភ្នំពេញ៖ ខណៈ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ ហើយ​ប្រជាពលរដ្ឋ​ដែល​មិន​បាន​មក​ចុះ​ឈ្មោះ​នៅ​សល់​ប្រមាណ​ជាង​២​លាន​នាក់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ជួប​ពិភាក្សា​ ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

cnrp-nec-2​ការ​អនុញ្ញាត​នេះ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​បាន​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ពិភាក្សា​ស្តី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្រោយ​ពី​គណបក្សប្រឆាំង​មួយ​នេះ​ព្រួយបារម្ភ​ថា​ ចំនួន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​គួរ​កត់សម្គាល់​។​

​កិច្ច​ពិភាក្សា​រវាង​ គ​.​ជ​.​ប​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​ព្រឹក​ នៅ​សាល​ប្រជុំ​គ​.​ជ​.​ប​។​

​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ នេះ​ថា​ ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ចង់​ជួប​ពិភាក្សា​ជាមួយ​ គ​.​ជ​.​ប​ ដោយ​យោង​ទៅ​លើ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ចុង​ក្រោយ​ ទើបតែ​បាន​ជាង​៧​លាន​នាក់​ នៅ​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ទៀត​ នៅ​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ
លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ

លោក​បន្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ជួប​ជាមួយ​ គ​.​ជ​.​ប​ ដើម្បី​រក​ដំណោះ​ស្រាល​ ជួយ​ប្រជាពលរដ្ឋ​កុំឱ្យ​គាត់​បាត់​សិទ្ធិ​ ក្នុង​ការ​បោះ​ឆ្នោត​ ក៏​ដូច​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​ប្រាប់​បន្ថែម​ថា​ «​យើង​នឹង​ពិភាក្សា​គ្នា​ស្អែក​ ពេល​ដែល​ជួប​នោះ​ ទី​១.​យើង​ព្យាយាម​ពិនិត្យ​ទៅ​លើ​អា​ត្រា​ភាគរយ​តាម​ខេត្ត​ តាម​ឃុំ​នីមួយៗ​ តើ​ឃុំ​ដែល​មាន​អា​ត្រា​ទាប​នោះ​បណ្តាល​មក​ពី​អ្វី​?​ នៅ​ពេល​ដែល​ដឹង​ពី​មូលហេតុ​ហើយ​ តើ​យើង​អាច​មាន​ដំណោះស្រាយ​អ្វីមួយ​ ដើម្បី​ដល់​ប្រជាពលរដ្ឋ​យើង​ កុំឱ្យ​បាត់បង់​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​»​។​

​សម្រាប់​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធី​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ចំនួន​ច្រើន​ គឺ​ដោយសារ​ គ្មាន​អត្តសញ្ញាណប័ណ្ណ​ និង​ពលរដ្ឋ​ដែល​ទៅ​ចំណាកស្រុក​។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​លើក​បញ្ហា​នេះ​ និយាយ​ជាមួយ​គ​.​ជ​.​ប​ ស្អែក​នេះ​ផង​ដែរ​។​

​ចំពោះ​រឿង​នេះ​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ ការ​ព្រួយបារម្ភ​ចេះ​តែ​មាន​ តែ​ គ​.​ជ​.​ប​ បាន​បន្ត​ខិតខំ​ឱ្យ​ពលរដ្ឋ​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​កាន់តែ​ច្រើន​ ដែរ​។​

​លោក​ ហង្ស​ពុទ្ធា​៖«​សូម​អោយ​បងប្អូន​ទាំងអស់​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ មេត្តា​ អញ្ជើញ​ទៅ​ចុះ​ អោយ​បាន​ គ្រប់ៗ​គ្នា​ ហើយ​សូម​និមន្ត​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ លោក​មាន​តួនាទី​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​ គឺ​ត្រូវ​ចុះ​ឈ្មោះ​ដើម្បី​បាន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ​»​។​

​លទ្ធផល​ចុះ​ឈ្មោះ​បណ្តោះអាសន្ន​ដែល​គ​.​ជ​.​ប​ បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤​ វិច្ឆិកា​នេះ​ បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​⁣​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ ចំនួន​ពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ ៧​ ៤៩៦​ ៥៥១​នាក់​ ស្មើនឹង​ ៧៧,៥៧%៕

Share

Image
Image
Image