សៀមរាប៖ ស្ពានហាលដែលប្រជាពលរដ្ឋតែងធ្វើដំណើរឆ្លងកាត់ទៅទស្សនាប្រាសាទអង្គរវត្ត នឹងត្រូវបិទការធ្វើចរាចរណ៍ទាំងស្រុង ដោយជំនួសមកវិញនូវស្ពានបណ្តែតទឹក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ។
ប្រភពបានបន្តថា ការធ្វើបែបនេះដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចឆ្លងទៅទស្សនាប្រាសាទអង្គរវត្ត ដោយសុវត្តិភាព និងបញ្ជៀសនូវរាល់ហានិភ័យទាំងឡាយដោយការជួសជុល អាជ្ញាធរអប្សរា នឹងរៀបចំសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្ននៅខាងត្បូងស្ពានជំនួស។
ការកសាងស្ពានបណ្តែតទឹកបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមឱ្យដំណើរការពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ចុងខែឧសភា ឆ្នាំ២០១៧។
សូមជម្រាបដែរថាស្ពានហាលឆ្លងទៅអង្គរវត្ត ធ្លាប់បានសាងសង់ម្ដងកាលពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ ២០០៧ ហើយការសាងសង់លើកនេះ ជាដំណាក់កាលទី២៕