en     km
en     km

​គ​.​ជ​.​ប​ ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ជា​សំឡេង​ ស្វ័យប្រវត្ដិ​តាម​ទូរស័ព្ទ​ប្រាប់​ទៅ​ពលរដ្ឋ​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ ទន្ទឹម​នឹង​កាលបរិច្ឆេទ​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​បិទ​បញ្ចប់​ ពោល​គឺ​នៅ​ត្រឹមតែ​ ៦​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ជា​សំឡេង​ដោយ​ស្វ័យប្រវត្ដិ​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ទទួល​ព័ត៌មាន​កាន់តែ​ងាយស្រួល​។​

nec-phone​តាម​រយៈ​សេចក្ដីជូនដំណឹង​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​សហការ​ជាមួយ​អង្គការ​ IFES​ កាលពី​ថ្ងៃ​ទី​ ២២​ វិច្ឆិកា​ ២០១៦​ បាន​បើក​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ជា​សំឡេង​តាម​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្ដិ​ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រួសរាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​។​

​សេចក្ដីជូនដំណឹង​បន្ដ​ថា​ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ Cellcard,​ Smart​ និង​ Metfone​ សូម​ហៅ​ទៅ​កាន់​លេខ​ ១២៨៥​ ដើម្បី​ទ​ទូល​បាន​ព័ត៌មាន​ជុំវិញ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​
​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​ ១២៨៥​នេះ​ លោក​អ្នក​នឹង​មិន​ចំណាយ​ទឹកប្រាក់​នោះ​ទេ​។​

​បន្ថែម​ពី​សេចក្ដីជូនដំណឹង​នេះ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​ ការ​ដែល​ គ​.​ជ​.​ប​ រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ជា​សំឡេង​នេះ​គឺ​សង្ឃឹមថា​ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់តែ​ងាយស្រួល​។​ លោក​បន្ដ​ថា​ ការ​សម្រេច​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​នេះ​ពីព្រោះ​តែ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ មើលឃើញ​ថា​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ ភាគច្រើន​ មាន​ទូរស័ព្ទ​ប្រើ​ ។​

​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ពលរដ្ឋ​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ ទៅ​តាម​តួនាទី​របស់​ខ្លួន​ ហើយ​ក៏​សង្ឃឹមថា​ ពលរដ្ឋ​នឹង​ចូលរួម​ជួយ​សហការ​ជាមួយ​ គ​.​ជ​.​ប​ វិញ​ដូច​គ្នា​។

​សូម​ជម្រាប​ថា​ គិត​ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២១​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​គ្រប់​ ១៨​ឆ្នាំ​ឡើង​ទៅ​ គឺ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ប្រមាណ​ជាង​ ៧​លាន​ ៤​សែន​នាក់​។​ ដំណើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បិត​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ៥​ និង​ ៣០​នាទី​រសៀល​៕

Share

ព័ត៌មានទាក់ទង

Image