ភ្នំពេញៈ សៀវភៅបិតាកំណាព្យខ្មែរដ៏ល្បីល្បាញដែលគេឱ្យងារថាជា អ្នកប្រាជ្ញវោហារសាស្ត្រ អ៊ុកអ៊ូ ហៅ ង៉ុយ (ក្រមង៉ុយ) នឹងត្រូវចែកជូនដោយឥតគិតថ្លៃដល់សិស្ស និស្សិត គ្រូបង្រៀន និង អ្នកដែលនិយមចូលចិត្តអានសៀវភៅរបស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែរនេះ។
លោក ពុយ គា អ្នកសារព័ត៌មានខ្មែរនិងជាអ្នកស្រាវជ្រាវមួយរូបដែលបានរៀបរៀងបោះពុម្ពផ្សាយឡើងវិញនូវស្នាដៃរបស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែររូបនេះ បានមានប្រសាសន៍ក្នុងសេចក្ដីជូនដំណឹងរបស់លោកថា សៀវភៅចំនួន១៥០០ក្បាល នឹងចែកជូននេះគឺនៅ នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ២០១៦នេះ។ លោកបន្តថាសៀវភៅគឺជាអំណោយរបស់សប្បុរសជនដែលលោកយល់ថានឹងជួយមួយផែ្នកដល់ការលើកតម្កើងវិស័យអំណាននៅកម្ពុជា និងជួយក្រើនរំលឹកការអប់រំដល់យុវជនផងដែរ។
អ្នកកាសែតរូបនេះបានបនែ្ថមថា លោកនឹងសែ្វងរកសប្បុរសជនបន្តទៀត ដើម្បីបោះពុម្ពបនែ្ថមនិងចែកជូនដល់សាលារៀននិងវត្តអារាម នៅតំបន់ឆ្ងាយៗនិងដាច់ស្រយាល។ ជាថ្មីម្តងទៀត លោក ពុយ គា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ហើយសង្ឃឹមថាការចូលរួមបរិច្ចាគទាំងនេះនឹងក្លាយជាវិញ្ញាណរស់មួយ និងជាចរន្តបន្តលើកទឹកចិត្តដល់អ្នកអាន និងឱ្យតម្លៃលើវិស័យអប់រំនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនឆ្ពោះទៅមុខ។ លោកសង្ឃឹមថាអ្នកដែលទទួលបានសៀវភៅក្រមង៉ុយ នឹងនឹកឃើញដល់សប្បុរសជនដែលមានឈ្មោះនៅលើសៀវភៅទាំងនោះ។
សូមបញ្ជាក់ថា សៀវភៅដែលនឹងត្រូវចែកជូននៅបណ្ណាល័យជាតិ ដោយឥតគិតថ្លៃនេះ គឺ មានកម្រាស់ប្រមាណជា ១៤១ទំព័រ។
កំណាព្យរបស់ក្រមង៉ុយត្រូវបានចាស់ៗនិងគ្រូបង្រៀនលើកមកតំណាលតៗគ្នាឱ្យកូនចៅនិងសិស្សស្តាប់នូវឃ្លាឃ្លោងដ៏ពេញនិយមមានដូចជា៖
- កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រ ឱ្យវិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំចេះតែក្រ។
- បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។
- កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្តិ ចង់គង់ប្រយោជន៍ ឱ្យចេះប្រយ័ត្ន ពាក្យឪមួយម៉ាត់ ឱ្យគិតមួយម៉ោង។
- កុំឃ្លានចំណី កុំខ្លាចអត់ប្តី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស ខ្លួនល្អស្រលះ មិនខ្វះគេស្តី។
- កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។
- កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្ដិយស កុំឆ្លៀតនាំ ឈ្លោះ ញុះញង់អ្នកធំ។
កម្រងកំណាព្យចុងជួនតាំងពីដើមដល់ចប់ បានបង្កប់នូវអត្ថន័យអប់រំនិងរម្លឹកដាស់តឿនដល់មនុស្សស្ទើរគ្រប់ស្រទាប់វណ្ណៈទាំងស្រីទាំងប្រុស និងជាពិសេសយុវជនឱ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់ចាស់ ស្គាល់ទុំ និងរបៀបរើសគូអនាគត (ប្តីប្រពន្ធ) ឱ្យបានសមបំណង៕