តាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះនៅថ្ងៃទី២២ ខែវិច្ឆិកា ប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថរទូ (Pany Yathotou) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៣ថ្ងៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដដែល ការមកបំពេញទស្សនកិច្ចជាផ្លូវការរដ្ឋមន្ដ្រីជាន់ខ្ពស់ឡាវនៅពេលនេះ គឺ តបតាមការអញ្ជើញរបស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា។ សេចក្ដីជូនដំណឹងនេះ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានកម្មវិធី ចូលជួបសំដែងការគួរសម និងក្រាបបង្គំ គាល់ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា៖
-ចូលជួបចរចាទ្វេភាគី ជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា
-ចូលជួបសំដែងការគួរសមជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា
-ចូលជួបសំដែងការគួរសមជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី
-ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ក្រៅពីនេះ គណៈប្រតិភូនឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះបរមរូប ព្រះបាទសម្ដេច ព្រះបរមរតនកោដ្ឋ ផងដែរ៕