en     km
en     km

សាលាក្ដីខ្មែរក្រហមនឹងប្រកាសសាលក្រម ០០២ វគ្គ២ នៅចុងឆ្នាំ ២០១៧

Share

សាលាក្ដីខ្មែរក្រហម បានឱ្យដឹងថា សាលក្រមដំបូងមួយទៀត គឺ ០០២ វគ្គ០២ នឹងត្រូវប្រកាសចុងឆ្នាំ ២០១៧នេះ ខណៈដែលតុលាការកំពូល កូនកាត់មួយនេះ  ប្រកាសតម្កល់ សាលក្រមតុលាការដំបូង ដោយផ្ដន្ទាទោស លោកនួនជា និងលោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមទាំងពីររូបនេះ អោយមានទោសមួយជីវិត។

(ពីឆ្វេង) លោក នួន ជា និង លោក ខៀវ សំផន។
(ពីឆ្វេង) លោក នួន ជា និង លោក ខៀវ សំផន។

ការប្រកាសដូចនេះ ធ្វើឡើងនៅឯសន្និសាទសារព័ត៌មាន សាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃពុធ ទី២៣ វិច្ឆិកានេះ ។

យោងតាមសន្និសីទ គឺ សំណុំរឿង ០០២ វគ្គ២ ចាប់ផ្ដើមដំណើរកាលជាច្រើនខែមកហើយ ដោយជនជាប់ចោទទាំងពីររូបនេះ ។

សំណុំរឿង ០០២ ផ្ដោតសំខាន់ទៅលើ អំពើប្រល័យពូជសាសន៍ជនជាតិភាគតិច គឺ ជនជាតិវៀតណាម ជនជាតិចាម និងការសម្លាប់ទាហានលន់នល់ ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ២០១៦ ក្នុងសន្និសារព័ត៌មានមួយ លោក ឌឹម សុវណ្ណរុំ មន្ត្រីកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម បាននិយាយថា សំណុំរឿង ០០២ នេះ មានវិសាលភាព ធំធេង ដែរមានឯកសារពាក់ព័ន្ធ រហូតដល់ ៥០ម៉ឺន ទំព័រ និងដើមបណ្ដឹងរដ្ឋប្បវេណី ៨០០នាក់។ តែនៅជាមួយគ្នានេះ សន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសាលាក្ដីខ្មែរក្រហមបានបញ្ជាក់បន្ថែមថា សំណុំរឿង ០០២ ប្រឆាំងនឹងលោក ខៀវ សំផន និងលោក នួន ជា ត្រូវប្រកាសសាលក្រមដំបូងនៅចុងឆ្នាំ ២០១៧។

សូមជម្រាបថា ស្របពេលជាមួយគ្នានេះ តុលាការកំពូលក៏បានសម្រេចតម្កល់សាលក្រមតុលាការដំបូង ផ្ដន្ទាទោស មេដឹកនាំខ្មែរក្រហមពីររូបនេះ   ឱ្យមានទោសអស់មួយជីវិត  ដោយសម្រេចបិទផ្លូវតវ៉ា ក្នុងសំណុំរឿង ០០២ វគ្គ១ ។

អតីតមេដឹកនាំខ្មែរក្រហមពីររូបនេះ គឺ លោក ខៀវ សំផន ប្រមុខរដ្ឋ និងលោក នួន ជា ប្រធានរដ្ឋសភា ពួកគាត់ម្នាក់ៗមានអាយុជិត ៩០ ឆ្នាំ ទៅហើយ។ ចំណែកសំណុំរឿង ០០៣ និង ០០៤ ក៏នឹងចាប់ផ្ដើមដំណើរការផងដែរ ចាប់ពីដើមឆ្នាំ២០១៧ តទៅ។ 
សំណុំរឿង ០០៣ និង០០៤ មានជនត្រូវចោទ អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម មានតែ ៣ ទៅ ៤នាក់ប៉ុណ្ណោះក្នុងនោះ មាន លោកមាស មុត  អ្នកស្រី អ៊ឹម ចែមលោក អោ អាន និងម្នាក់ទៀត គឺ លោក យឹម ទិត៕

Share

ព័ត៌មានទាក់ទង

Image