ភ្នំពេញ៖ លោក ណៃ វង់ដា មន្ដ្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ម្នាក់ក្នុងចំណោមពួកគាត់ ៤នាក់ទៀត បានហៅ តុលាការកម្ពុជា ថា ជាតុលាការតេឡេកាម៉ង់ (រង់ចាំការបញ្ជា) ដោយសង្ឃឹមថា ពួកគាត់នឹងត្រូវបានដោះលែងឆាប់ៗនេះ។
លោក ណៃ វង់ដា ដែលដៃលោកជាប់ខ្នោះ និងមានសំលៀកបំពាក់ពណ៌ស្លាទុំជាអ្នកទោស មានប្រសាសន៍បន្ដដូចនេះថា តុលាការតេឡេកាម៉ង់ បើមានយុត្ដិធម៌ គឺ លោកនឹងត្រូវបានដោះលែង។
លោក ណៃ វង់ដា ៖«តុលាការតេឡេកាម៉ង់ គឺយើងអាចរួច មានការដោះលែង ហើយខ្ញុំសង្ឃឹមថានឹងមានការដោះលែង បើសិនតុលាការមានយុត្ដិធម៌ ធ្វើការដោយឯករាជ្យ ហើយមានប្រសិទ្ធិភាពពិតប្រាកដមែន»។
ការថ្លែងរបស់លោក ណៃ វង់ដា ធ្វើឡើង ខណៈសមត្ថកិច្ចនាំខ្លួនលោកចូលតុលាការកំពូល នៅព្រឹកថ្ងៃទី ២៣ វិច្ឆិកានេះ ដើម្បីបើកសវនការលើសំណុំរឿង សុំមោឃភាព លើនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា មន្ដ្រីអាដហុក ៤រូបនេះ មានលោក ណៃ វង់ដា លោក នី សុខា លោក យី សុខ សាន្ដ និងលោកស្រី លឹម មុន្នី រួមនិងលោក នី ចរិយា មន្ដ្រី គ.ជ.ប ពួកគាត់ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំង អំពើពុករលួយ ហើយក្រោយមកតុលាការបានសម្រេចឃុំខ្លួន ក្រោមបទចោទ សូកប៉ាន់សាក្សី និងសមគំនិតក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ៕