ភ្នំពេញ៖ នៅ ថ្ងៃពុធ ទី ២៣ ខែ វិច្ឆិកា នេះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ប្រកាសសាលដីការបស់ខ្លួនលើសំណុំរឿង ០០២ វគ្គ ១ដែលជាបណ្ដឹងសាទុក្ខ របស់ជនជាប់ចោទពីររូបគឺលោក ខៀវ សំផន អតីតប្រមុខរដ្ឋនិង លោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ។
សាលក្រមតុលាការកំពូល បានសម្រេចដាក់ឱ្យជនជាប់ចោទជាប់ពន្ធនាគារ អស់មួយជីវិតស្ថិតក្នុងបទល្មើស ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ការប្រកាសសាលដីកានេះ នឹងនាំឱ្យបិទបញ្ចប់សំណុំរឿង ០០២ វគ្គ ១ហើយចាប់ផ្ដើមសំណុំរឿងថ្មី ០០២ វគ្គ ២ ថែមទៀត។
មណ្ឌលព័ត៌មានស្ដ្រីកម្ពុជាបានបញ្ជូនអ្នករាយការណ៍ព័ត៌មាន ដើម្បីស្រង់ព្រឹត្ដិការណ៍ព័ត៌មាននៅឯសាលាក្ដីខ្មែរក្រហម ដែលមានទីតាំងនៅ កាំបូល សង្កាត់ចោមចៅ ដើម្បីធ្វើការសង្កេតនឹងសាកសួរពលរដ្ឋដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម បានមកស្ដាប់សាលក្រមនេះដែរ។
តើទិដ្ឋភាពនៅសាលាក្ដីខ្មែរក្រហម និងពលរដ្ឋដែលជាជនរងគ្រោះនៃរបបអាវខ្មៅនេះ ពួកគាត់ចាប់អារម្មណ៍នឹងយល់ឃើញយ៉ាងម៉េចដែរ?
សូមស្ដាប់ការសាកសួររវាង លៀ ស៊ីណា ជាមួយលោក ជួន សារ៉េត ដូចតទៅ៖
សូមជំរាបថា សំណុំរឿង ០០២/០១ បានចាប់ផ្តើមជំនុំជម្រះក្តីនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១ហើយសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងត្រូវបានប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ដោយអង្គជំនុំជម្រះសាលាដំបូង បានរកឃើញថា លោក នួន ជា និង លោក ខៀវ សំផន មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បន្ទាប់ពីមានសាលក្រមរបស់សាលាដំបូងហើយនោះ ទាំងលោក នួន ជា និងលោក ខៀវ សំផន ស្នើសុំឱ្យច្រានចោលសាលក្រម ហើយឱ្យពួកគាត់រួចផុតពីបទចោទទាំងអស់។ បើមិនដូច្នោះទេគាត់ស្នើឱ្យសុំកាត់បន្ថយការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតរបស់គាត់មកនៅត្រឹមរយៈពេលកំណត់មួយ៕