ភ្នំពេញ៖ ខណៈដែល សភាពេញអង្គ ពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ តំណាងរាស្ត្របក្សប្រឆាំងចង់ឱ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹង។ លោក យឹម សុវណ្ណ តំណាងរាស្ត្រ នៅមណ្ឌលភ្នំពេញបានលើកឡើងថាអាកាសធាតុក្តៅខ្លាំងរយៈពេលចុងក្រោយនេះគឺដោយសារលុបបឹងជាច្រើន តែតំណាងរាស្ត្របក្សកាន់អំណាចថាធ្វើឡើងដើម្បីការពារពលរដ្ឋពីការស្រូបខ្លិនស្អុយ។ កញ្ញា ឆេង ណាតា រាយការណ៍៖
ថ្លែងក្នុងអង្គប្រជុំសភានៅថ្ងៃទី២២ វិច្ឆិកានេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការលុបបឹងធម្មជាតិដើម្បីការអភិវឌ្ឍនៅតែបន្តមាន ខណៈដីដែលអាចបម្រើដល់សេចក្តីត្រូវនៅសល់ច្រើន។
លោកថ្លែងថា៖«ជាការពិត សេចក្តីត្រូវការរបស់យើងសម្រាប់ ទីលំនៅរបស់របស់ពលរដ្ឋ សម្រាប់ពាណិជ្ជកម្ម សកម្មភាពសេដ្ឋកិច្ច វាជាក្រិត្យក្រមសង្គមដែលត្រូវវិវត្តទៅ ប៉ុន្តែយើងមិនខ្វះដីទេ ដូចជានៅខណ្ឌដង្កោរ ខណ្ឌពោធិ៍សែនជ័យ នៅខណ្ឌអីទៀត យើងមិនបាច់លុបបឹងក៏យើងនៅមានដីអភិវឌ្ឍដែរ តែខ្ញុំមិនយល់ហេតុអីនៅតែបន្តលុបបឹងតទៅទៀត ដូចជានៅបឹងជើងឯងបឹងកប់ស្រូវ។ បឹងកប់ស្រូវកំពុងតែមានផែនការលុបទៀតហើយ ខ្ញុំមិនដឹងថាតើផែនការរបស់រដ្ឋាភិបាលយ៉ាងមិចទេ»។
តំណាងរាស្ត្រមណ្ឌលភ្នំពេញរូបនេះយល់ថា ការឡើងកំដៅ ក្តៅខ្លាំងនៅទីក្រុងភ្នំពេញ គឺបណ្តាលមកពីការលុបបឹងជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ លោកបន្ថែម ចាប់ពីពេលនេះទៅចំពោះ បឹងដែលនៅសេសសល់ពីការលុប គួរតែបញ្ឈប់ ហើយទុកលទ្ធភាពអភិវឌ្ឍនៅក្រៅក្រុងវិញ។
លោកបន្តការទុកបឹងនៅក្នុងក្រុង មិនត្រឹមកាត់បន្ថយកំដៅនោះទេ តែវាក៏ជួយស្តុកទឹកនៅខែវស្សា ពេលមានភ្លៀងធ្លាក់ច្រើនផងដែរ ។
ទាក់ទិនបញ្ហានេះ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារមកពីគណបក្សប្រជាជនកម្ពុជា ថ្លែងថាការលើកឡើងរបស់លោក យឹម សុវណ្ណ គឺការថ្លែងបែបសារនយោបាយ ដែលមិនបានឆ្លុះបញ្ចាំងពីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ លោកថា ការឡើងកំដៅ និងការលិចទីក្រុងដោយសារការប្រែប្រួលអាកាសធាតុក្នុងតំបន់ត្រូពិច ដែលពេលខ្លះបាន បង្កឱ្យមានរលកកំដៅ ក្តៅខ្លាំង ហើយពេលខ្លះមានភ្លៀងធ្លាក់ច្រើន។
តំណាងរាស្ត្រគណបក្សកាន់អំណាចរូបនេះ ពន្យល់បន្តថាការដែលរដ្ឋាភិបាលសម្រេចលុបបឹងកប់ស្រូវ គឺដើម្បីគិតដល់សុវត្តិភាព និង បង្ការកុំឱ្យបាក់ទំនប់ ដែលអាចបណ្តាលឱ្យប្រជាជនជិត១លាន ៥សែននាក់រងគ្រោះ។ លោកបន្ថែមថា ចំពោះបឹងនៅទិសខាងត្បូង គឺបឹងទំពន់ ដែលរដ្ឋាភិបាលអនុម័តឱ្យលុបបឹង ដើម្បីឱ្យមានការអភិវឌ្ឍនៅតំបន់នេះ គឺរដ្ឋាភិបាលមិនចង់ឱ្យមានបឹងដែលមានទឹកមាន មេរោគនៅក្នុងក្រុងបន្ត រីកសាយភាយនៅគ្រប់តំបន់ទាំងអស់។
ជុំវិញការលុបបឹងនៅក្នុងទីក្រុងភ្នំពេញនេះ លោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោត ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា មកដល់ពេលនេះ បឹងនៅក្នុងរាជធានីនៅភ្នំពេញមិនតិចជាង ២៥ បឹងដែលត្រូវបានលុប។
លោកសង្កេតឃើញថា បឹងជាច្រើនត្រូវបានលុប គឺអំឡុងមុនឆ្នាំ ២០០០។ នាយកប្រតិបត្តិសមាគមធាងត្នោតរូបនេះ បញ្ជាក់ថានាពេលបច្ចុប្បន្ននេះ បឹងនៅរាជធានីភ្នំពេញសល់មិនច្រើនទៀតទេ។ លោកថា បើរដ្ឋាភិបាលនៅតែបន្តអនុញ្ញាត ឱ្យលុបបឹង នោះវានឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបាត់បង់នូវអត្តសញ្ញាណបឹងធម្មជាតិ។
លោក អ៊ី សារ៉ុម ៖ «ថ្មីៗនេះ ឃើញថានៅឆ្នាំ ២០០០ ជាង ឃើញថាមានការលុបបន្តបន្ទាប់ច្រើន។ យើងឃើញថា ចុងក្រោយនេះឃើញមានលុបបឹងស្នោរ។ យើងមើលឃើញចំណុចសំខាន់មួយទៀតនៅបឹងទំនប់កប់ស្រូវ ដែលជាបឹងមួយលាតសន្ធឹងធំមែនទែន ហើយបច្ចុប្បន្ននេះសាលារាជធានីភ្នំពេញ ចាប់ផ្តើមធ្វើការលុបមួយចំនួន ហើយមានការអភិវឌ្ឍមួយចំនួនប៉ះពាល់ទៅលើបឹង…»។
ចំណែកលោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសដាសន៍ថា ការលុបបឹងនៅក្នុងរាជធានីភ្នំពេញភាគច្រើនផ្តល់ប្រយោជន៍សម្រាប់តែអ្នកមានទ្រព្យសម្បត្តិ និងអ្នកវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ។ លោកថា វាមានប្រយោជន៍តិចតួចបំផុតសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលមានចំណូលធម្យម។
យោងតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ ២០១៥ របស់សមាគមធាងត្នោត បានរកឃើញថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញដែលត្រូវបានលុប ក្រោមហេតុផលនៃការអភិវឌ្ឍនោះ មានចំនួន ២៥ រួមមាន៖ បឹងត្របែក១ និងបឹងត្របែក២, បឹងទំពុន១, បឹងទំពុន២, បឹងជើងឯក, បឹងស្នោរ, បឹងឈូក, បឹងសាឡាង, បឹងកក់, បឹងតាមោក ឬទំនប់កប់ស្រូវ, បឹងពោងពាយ និងបឹងបាយ៉ាបជាដើម៕