ភ្នំពេញ៖ អ្នកដែលត្រូវបានប្រវត្តិសាស្ត្រ ដាក់បណ្ដាសាមិនមែនមានតែ អ្នកនយោបាយ ឬមេដឹកនាំ កំពូលៗនៃប្រទេសជាតិនោះទេ គឺ ពលរដ្ឋ ផងដែរ។ នៅគ្រប់សម័យកាល នៃរាជាណាចក្រកម្ពុជា ប្រជារាស្ត្រគឺជាអ្នកជួយកសាងប្រវត្តិសាស្ត្រ។
អ្នកវិភាគថាពលរដ្ឋចុះឈ្មោះបោះឆ្នោត ឬបោះឆ្នោតបានច្រើន គឺជាការជួយកែប្រែកំហុសប្រវត្តិសាស្ត្រ ដែលមិនចង់ឱ្យក្មេងជំនាន់ក្រោយ ស្ដីបន្ទោស។ អ្នកវិភាគគិតថា ការចុះឈ្មោះបោះឆ្នោតមានចំនួនតិច ហើយពេលបោះឆ្នោតតិចទៀតនោះ មានន័យថាពលរដ្ឋខ្មែរ មិនបានប្រើសិទ្ធិរបស់ខ្លួន គ្រប់គ្រាន់ដែលជាការដើរជាន់ដានប្រវត្តិសាស្ត្រ អតីតកាលក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
តើមានហេតុផលអ្វីខ្លះបានជាអ្នកវិភាគ យល់ឃើញថា ការបោះឆ្នោតខាងមុខ បើពលរដ្ឋទៅបោះឆ្នោតមានចំនួនច្រើន លើសលប់ គឺជាការចូលរួមចំណែកនៃការកែប្រែគុណវិបត្តិនៃរឿងរ៉ាវនៃប្រវត្តិសាស្ត្រ?
អ្វីដែលអ្នកវិភាគបានលើកឡើងដូចនេះគឺជាការពិនិត្យមើលទិដ្ឋភាពសង្គមកម្ពុជា មួយជ្រុងទាក់ទិនការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោតសភាឆ្នាំ ២០១៨ ដែល ចំនួនពលរដ្ឋខ្មែរចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិច នៅឡើយ បើប្រៀបធៀបនឹងអ្នកមានសិទ្ធិបោះឆ្នោត ជិត១០លាននាក់។
តាមរបាយការណ៍ របស់ គណៈកម្មាធិការរៀបចំការបោះឆ្នោត ពលរដ្ឋបានទៅចុះបោះឈ្មោះឆ្នោត គិតមកត្រឹមថ្ងៃទី២២វិច្ឆិកានេះ បានជាង៧លាន ៤សែននាក់ គឺនៅសល់ជាង២លាន២សែននាក់ ទៀតដែលមិនទាន់ទៅចុះឈ្មោះ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការបិទការចុះឈ្មោះបោះឆ្នោតត្រូវបានបញ្ចប់។ ចំនួននេះ បើទោះជាមាន ច្រើនគួរសមក្ដី តែបើពលរដ្ឋទៅបោះឆ្នោត តិចជាងនេះទៅទៀត នឹងធ្វើលទ្ធផលបោះឆ្នោត មិនឆ្លុះបញ្ជាំងពីឆន្ទៈរួមរបស់ពលរដ្ឋកម្ពុជា ដែលមានប្រមាណជា១៥លាននាក់។
អ្នកវិភាគ ចង់ឃើញការបោះឆ្នោតមួយដែលពលរដ្ឋទៅបោះឆ្នោត ច្រើនដូចការបោះឆ្នោត នៅឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិមានចំនួនច្រើន រហូតជិត៩០ភាគរយគឺជាព្រឹតិ្តការណ៍ មួយដែលអ្នកវិភាគពិនិត្យឃើញថាពលរដ្ឋខ្មែរពេលនោះបានបង្ហាញពី ឧត្តមគតិជាតិ និងកែប្រែប្រវត្តិសាស្ត្រ។
អ្នកវិភាគថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ក្ដី ឬ បោះឆ្នោតសភា ឆ្នាំ២០១៨ក្ដី ពលរដ្ឋខ្មែរ គួរប្រើ ឧត្តមគតិនិងឆន្ទៈពិតៗជ្រើសរើសតំណាងរបស់ខ្លួនដោយត្រូវទៅបោះឆ្នោតមានចំនួនច្រើន លើសលុបទើបគេហៅថា ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីម្ដងទៀត ដូចឆ្នាំ១៩៩៣។
លោក កឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ក៏យល់ដូចនេះដែរ។លោកបានពន្យល់ដូចនេះ កំហុសប្រវត្តិសាស្ត្រ គឺជាផ្នែកមួយនៃការប្រើអំណាចពលរដ្ឋ មិន ត្រឹមត្រូវ។ លោកថាចំពោះអ្នកនយោបាយ និង អាជ្ញាធរមូលដ្ឋាន ក៏ចូលរួម ធ្វើឱ្យមានកំហុសដែរ។
លោក កឹម សុខ ៖« វាមិនមែនជាកំហុសពលរដ្ឋប៉ុន្មានទេ ក្នុងការបោះឆ្នោតកន្លងមក មែនទែនទេទៅគាត់ចង់បានការផ្លាស់ប្ដូរ និងគាត់ចង់ផ្លាស់ប្ដូរការដឹកនាំប្រទេសនិងហើយ ក៏ប៉ុន្ដែវាពាក់ព័ន្ធទៅនឹងភាពមិនក្លាហានរបស់អ្នកនយោបាយដែលមិនប្រកួតប្រជែងដោយយុត្ដិធម៌ ទៅវិញទេ »។
លោក កឹម សុខ និយាយថា ពាក្យថា កំហុសប្រវត្តិសាស្ត្រ មានន័យពេលបោះឆ្នោតប្រជាជន ត្រូវប្រើឆន្ទៈអោយបានច្រើនលើសលុប ដោះដូរការកែទម្រង់ប្រព័ន្ធដឹកនាំ ប្រទេសនិងសង្គម។
លោក កឹម សុខ ៖«ដោយសារតែយើងឃើញថា ប្រសិនបើមិនមែនការចូលរួមរបស់គាត់ភាគច្រើននឹងហើយ ដែលមើលឃើញថា វាអាចច្រំៗដែលហ្នឹង ទើបយើងជម្រុញ ជម្រុញកុំឲ្យមានភាពច្រំដែលៗ ហើយរកការផ្លាស់ប្ដូរមួយសម្រាប់ប្រទេសជាតិដែលអាចឈានទៅដល់ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជារាស្រ្ដរួម»។
មិនត្រឹមតែជាកំហុសប្រវត្តិសាស្ត្រចំពោះការប្រើឆន្ទៈដោយសារពលរដ្ឋមិន បានចេញទៅបោះឆ្នោត ច្រើនលើសលុបនោះទេ គឺធ្វើប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យផងដែរ។
លោកឡុង គឹម ឃន អ្នកសិក្សាគោលនយោបាយ ការបរទេស យល់ថា ជាការពិតបើចរន្តពលរដ្ឋបោះឆ្នោតតិច ហើយស្របពេល ពលរដ្ឋចុះឈ្មោះបោះឆ្នោតតិចទៀតគឺជា កំហុសមួយរបស់ពលរដ្ឋ ហើយកំហុសនេះ ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានគុណវិបត្តិ។
លោក ឡុង គឹម ឃន ៖«ដោយយល់ឃើញថា វាអត់ប្រយោជន៍ ឬក៏មិនបានការ ហើយក៏បាត់បង់ជំនឿ ទៅលើការបោះឆ្នោត ។ ដូចនេះ វាប៉ះពាល់ទៅដល់ការកសាងប្រជាធិបតេយ្យ ពីព្រោះ មានន័យថា ប្រជាពលរដ្ឋគាត់លែងសូវខ្វល់ ឬក៏មិនសូវចូលរួមអោយបានខ្លាំងក្លា ឬក៏ប្រកបដោយអត្ថន័យ ។ដូច្នេះការកសាងប្រជាធិបតេយ្យ វាមានការលំបាកទៅតាមហ្នឹង »។
ជាការពិតពលរដ្ឋខ្មែរបានប្រើឆន្ទៈរបស់ខ្លួនក្នុងការជ្រើសរើស តំណាងប្រទេសជាតិក្ដី ឬ តំណាងរបស់ខ្លួនក្ដី មាន ៥លើកមកហើយចាប់តាំងពី ឆ្នាំ1993។ ការបោះឆ្នោតដែលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិមានការភ្ញាក់ផ្អើល គឺមាន២ដងគឺ ការបោះឆ្នោតក្រោមការជួយរៀបចំដោយអង្គការសហប្រជាជាតិ ដែលអង្គការនេះមកជួយកម្ពុជាមានប្រជាធិបតេយ្យឡើងវិញតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា១៩៩១ និងមួយលើកទៀត ការបោះឆ្នោតសភានៅឆ្នាំ២០១៣ ដែលយុវជនច្រើនលើសលប់ ចេញទៅបោះឆ្នោត។ ការបោះឆ្នោតនៅឆ្នាំ២០១៣កន្លងមកនេះ ត្រូវបានគេមើលឃើញថា នាំឱ្យមានការផ្លាស់ប្ដូរគំនិតចាស់គំរិលមួយចំនួន នៃការដឹកនាំសង្គមកម្ពុជា៕