ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តលើកម្ចីចំនួន ៤០លានដុល្លារអាមេរិក និងផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ ៦០០.០០០ ដុល្លារ ដើម្បីជួយពង្រឹងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ជួយប្រជាពលរដ្ឋដែលពុំទាន់បានទទួលសេវាធនាគារនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
តាមសេចក្តីប្រកាសព័ត៌មាននេះ អ្នកឯកទេសជាន់ខ្ពស់ខាងវិស័យហិរញ្ញវត្ថុនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB លោក Hiroyuki Aoki មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាននឹងកំពុងដំណើរការទៅយ៉ាងល្អប្រសើរ។ ប៉ុន្តែការសម្រេច កំណើនប្រកបដោយបរិយាប័ន្ន គឺជាបញ្ហាប្រឈមជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលពុំបានទទួលសេវាហិរញ្ញវត្ថុជាផ្លូវការ។
លោក Hiroyuki Aoki បន្តថាគម្រោងនេះនឹងជួយរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ខ្លួន សំដៅកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលពុំទាន់បានទទួលសេវាហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន។
តាមប្រភពដដែលបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានកាត់បន្ថយភាពក្រីក្រពី ៤៧,៨%ក្នុងឆ្នាំ២០០៧ មកនៅ ១៣,៥% ក្នុងឆ្នាំ២០១៤។
ទោះជាយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋជាច្រើនាក់នៅតែងាយ ប្រឈមភាពក្រីក្រ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ ជាទីដែលមានប្រជាពលរដ្ឋក្រីក្រ៩០%រស់នៅ ហើយមានប្រជាពលរដ្ឋ៤១% រស់នៅជាមួយនឹងចំណូលក្រោម ២ ដុល្លារ ក្នុងមួយថ្ងៃ។
គួររម្លឹកថានាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី ដល់កម្ពុជាចំនួន ៤៥ លានដុល្លារ ដើម្បីលើកកម្ពស់ការទទួលបានការអប់រំ ប្រកបដោយគុណភាពនៅកម្រិតមធ្យមសិក្សាទុតិយភូមិក្នុងប្រទេសកម្ពុជា។ បន្ទាប់មកទៀត ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ៣០លានដុល្លារបន្ថែមទៀត ក្នុងការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសកម្ពុជា ដែលធ្វើកំណើននៃប្រាក់កម្ចីរបស់ADB នៅរយៈពេលចុងក្រោយនេះបាន កើនរហូត១១៥លានដុល្លារអាមេរិក៕