ភ្នំពេញ ៖ កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាកសិករឱ្យ បង្អង់លក់ស្រូវ ខណៈតម្លៃស្រូវនៅលើទីផ្សារអន្តរជាតិកំពុងតែធ្លាក់ថ្លៃ។ មួយវិញទៀត សម្តេចក៏ស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព ដើម្បីសម្រួលទុក្ខលំបាកក្នុងគ្រាដែលកសិករកំពុងជួបបញ្ហាតម្លៃស្រូវនេះ។
ជុំវិញការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោកបណ្ឌិត យ៉ង់ សាំងកុមារ អតីតប្រធានអង្គការសេដាក ដែលមានអ្នកជំនាញខាងកសិកម្ម និងបច្ចុប្បន្នជាប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាន នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ថា ការអំ ពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រការល្អប្រសើរមួយ។ តែហាក់យឹតពេលបន្តិច ព្រោះកសិករដល់ពេលលក់ផលិតផលស្រូវទៅហើយ។ ចំណែកកត្តាសំខាន់ដែលធ្វើឱ្យការអំពាវនាវរបស់សម្តេច ហ៊ុន សែន មិនមានប្រសិទ្ធិភាពទៀតនោះ គឺកសិករតែងតែលក់ស្រូវភ្លាមៗពេលប្រមូលផលដើម្បីដោះបំណុល។
យ៉ាងណាលោក យ៉ង សាំងកុមារ ស្នើដល់រដ្ឋាភិបាលត្រៀមបញ្ចេញសាច់ប្រាក់ ១០០ លានដុល្លារ ដើម្បីជួយសង្គ្រោះស្រូវដែលអាចនឹងដាក់ថ្លៃនៅចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧ នេះ។
ដើម្បីជ្រាបកាន់តែលម្អិតជុំវិញវិបត្តិធ្លាក់ថ្លៃស្រូវ និងដំណោះស្រាយលើបញ្ហានេះ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោកបណ្ឌិត យ៉ង់ សាំងកុមារ ដូចតទៅ!