Buenos Aires ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ស៊ូអាបេ (Shinzo Abe) បានប្តេជ្ញាដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោក កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ទៅកាន់ប្រទេសអាហ្សង់ទីន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបីនៅតំបន់អាមេរិកឡាទីន។
បច្ចុប្បន្នប្រទេស អាហ្សង់ទីន កំពុងឈរនៅក្រោយប្រទេសជិតខាងខ្លួន ដូចជាប្រទេសប្រេស៊ីល និងឈីលី ក្នុងការធ្វើពាណិជ្ជកម្មជាមួយយក្សអាស៊ីមួយនេះ។ ប៉ុន្តែយ៉ាងណាជប៉ុនថា ខ្លួនចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចរយៈពេលមួយឆ្នាំ។
លោក អាបេ បានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri នៅវិមានប្រធានាធិបតីថា៖«យើងបានព្រមព្រៀងគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីហើយ យើងសង្ឃឹមថា នឹងមានការផ្លាស់ប្តូរប្រជាជន តាមរយៈការលើកកម្ពស់ទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចនេះ»។
ចំណែកលោក Macri និយាយថា លោកសង្ឃឹមថា ការព្រមព្រៀងនេះជា"សម្ព័ន្ធភាពយុទ្ធសាស្ត្រ" រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Buenos Aires ក្នុងអំឡុងពេល ៥៧ ឆ្នាំកន្លងមកនេះ។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុង Buenos Aires លោក ណូរីតេរ៉ូ ហ្វ៊ូគូស៊ីម៉ា(Noriteru Fukushima) បានឱ្យដឹងកាលពីខែកក្កដាថា ប្រទេសជប៉ុនចង់វិនិយោគនៅក្នុងប្រទេស អាហ្សង់ទីន ក្នុងកំឡុងពេលបីឆ្នាំក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក៕ប្រភព៖CNA