ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ នឹងរៀបចំធ្វើសន្និសីទថ្នាក់តំបន់មួយស្តីពីការធ្វើផែនការអភិវឌ្ឍន៍ទីក្រុង និងបញ្ហាប្រឈមនានាដែលកើតមានទ្បើងនៅក្នុងទីក្រុងភ្នំពេញ។ការធ្វើសន្និសីទក្រោមប្រធានបទ «ទីក្រុងយើងទាំងអស់គ្នា»២០១៦។
សន្និសីទនេះនឹងរៀបចំទ្បើងនៅនៅមជ្ឈមណ្ឌល Diakonia ជិតសារមន្ទីរគុកទួលស្លែង ព្រឹកថ្ងៃទី ២៣ វិច្ឆិកា ស្អែកនេះ។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រុមអង្គការសង្គមស៊ីវិលទាំង៨ដែលបាន ផ្សព្វផ្សាយ នៅថ្ងៃអង្គារទី២២ វចិ្ឆកានេះ។
អង្គការដែលបានចូលរួមធ្វើសន្និសីទនេះរួមមាន៖ អង្គការ People in Need សមាគមន៍ធាងត្នោត អង្គការអភិវឌ្ឍស្ត្រីក្រីក្រក្នុងទីក្រុង វិទ្យាស្ថានបើកទូលាយ ព្រមទាំងអង្គការមួយចំនួនសន្និសីទស្ដីពី«ទីក្រុងយើងទាំងអស់គ្នា» ដែលរៀបចំទ្បើងប្រចាំឆ្នាំ គឺជាឱកាសសម្រាប់រៀនសូត្រ និងបង្កើតបណ្តាញសម្រាប់អ្នកដែលពាក់ព័ន្ធ ឬមាន ចំណាប់អារម្មណ៍ ក្នុងការអភិវឌ្ឍន៍ទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍។
សន្និសីទនេះនឹងមានអ្នកជំនាញខាងរៀបចំដីធ្លី អ្នកជំនាញអភិវឌ្ឍន៍ផ្សេងៗទៀត ចូលរួមចែករំលែកការអនុវត្តនូវគំនិតល្អៗ និងការបង្កើតថ្មី ជាពិសេសក៏មានការពិភាក្សាពីប្រឈមនានាដែលកើតមាននៅក្នុងទីក្រុងភ្នំពេញ ស្របជាមួយនឹងបញ្ហាប្រឈមនានា នៅតាមបណ្តាទីក្រុងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នងតំបន់។
សន្និសីទនេះនឹងផ្តោតទៅលើប្រធានបទមួយចំនួនដូចជា ទីក្រុងដែលមានសភាពធន់ តម្រូវការមូលដ្ឋាននៅក្នុងទីក្រុង និងលំនៅដ្ឋានសមរម្យ។ ប្រធានបទនីមួយៗសុទ្ធតែឆ្លើយតបនឹងបញ្ហាសំខាន់ស្របពេលដែលរដ្ឋ និង អាជ្ញាធរកំពុងជួបប្រទះ និងដោះស្រាយ។
គួរបញ្ជាក់ថា សន្និសីទនេះធ្វើទ្បើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក នៅមជ្ឈមណ្ឌល Diakonia ជិតសារមន្ទីរគុកទួលស្លែង ដែលមានអភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ លោក អៀង អូនី និងប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប អ្នកស្រី Fiona Ramsey ចូលរួមផងដែរ៕