ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ ក្នុងសំណុំរឿង ០០២/០១ ដែលមានជនជាប់ចោទ ២ រូប គឺលោក នួន ជា និងលោក ខៀវ សំផន បន្ទាប់ពីពួកគេប្ដឹងសាទុក្ខ នឹងសាលក្រមសាលា ដែលសម្រេចដាក់ឱ្យពួកគេជាប់ពន្ធនាគារអស់មួយជីវិតស្ថិតក្នុងប្រភេទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ តែនៅពេលជាមួយគ្នានេះ តុលាការនឹងបន្តកាត់ទោស មេដឹកនាំ ២ រូបនេះទៀតនៅក្នុងសំនុំរឿង 002/02។ នេះបើតាមការឱ្យដឹងពីមន្ត្រីសាលាក្តីខ្មែរក្រហម ក្នុងសនិ្នសីទកាសែតនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
បន្ទាប់ពីការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿង ០០២/០១ ពាក់ព័ន្ធនឹងសំណុំ រឿងជនជាប់ចោទ ២ រូប គឺលោក នួន ជា និងលោក ខៀវ សំផន កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៤ មក អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទទាំង ២ រូប មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។ ករណីនេះជនជាប់ទាំងពីរ បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទទ្ប្ហីករណ៍រៀងខ្លួន។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណរុំ មានប្រសាសន៍ថា សុំណុំរឿង ០០២/០១ បានឈានដល់ដំណាក់ កាលមួយជិតបញ្ចប់ហើយ ដែលត្រៀមនឹងចប់នៅថ្ងៃទី ២៣ ខែវិច្ឆិកា ខាងមុខនេះ គឺនៅពេលដែលអង្គជំនុំជម្រះតុលាការកំពូលចេញដីកាស្ថាពរ មានន័យថាសាលដីកានេះនឹងបិទផ្លូវតវ៉ាមិនឱ្យមានការតវ៉ាក្នុងសំណុំរឿង ០០២/០១ តទៅទៀតនោះទេ។
ប៉ុន្តែលោកថាដោយសារបទចោទទៅលើជនជាប់ចោទក្នុងសំណុំរឿង ០០២/០១ មានច្រើដូចនេះសាលាដំបូងនឹងបន្តទៅសំណុំរឿង ០០២/០២ បន្តទៀតពាក់ព័ន្ធនឹងបទចោទជាច្រើនផ្សេងទៀត។លោក ឌឹម សុវណ្ណរុំ ៖«សាលាដំបូងពេលដែលខ្លួនចប់ដំណាក់កាល សាលាដំបូង ០០២ ដំ ណាក់កាល០១ទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនឹងការសម្លាប់ទាហ៊ាន លន់ នល់ក្តី ដែលបានរកឃើញថាជនជាប់មានទោសហើយដាក់ពន្ធ នាគារអ្នកទាំងពីរកាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៤អស់មួយជីវិតសាលាដំបូងបន្តទៅសំណុំរឿង ០០២ ដំណាក់កាលទី០២ ពាក់ព័ន្ធទៅលើឧក្រិដ្ឋប្រល័យពូជសាសន៍ ទៅលើជនជាតិចាមក្នុងខេត្តកំពង់ចាម ប្រល័យពូជសាសន៍ជនជាតិវៀតណាមក្នុងខេត្តព្រៃវែង និងស្វាយរៀងនឹងបទចោទដទៃដែលពាក់ព័ន្ធនឹងការសម្រចរបស់សាលាដំបូង »។
ចំណែកមន្ត្រីផ្នែកព័ត៌មានសាធារណៈសាលាក្តីខ្មែរក្រហមភាគីអន្តរជាតិ លោក Lars Olsen មានប្រសាសន៍តាមរយៈអ្នកបកប្រែថា បុគ្គលទាំងទ្បាយដែលត្រូវបានតុលាការជាន់ទាបសម្រេចថាបុគ្គលនោះមានបទល្មើសហើយនោះ ជននោះមានសិទ្ធិក្នុងការប្តឹងប្រឆាំងនឹងសាលក្រមនោះ ទៅតុលាការជាន់ខ្ពស់ឱ្យជួយសម្រេច។ លោកថា ការប្តឹងសាទុក្ខរបស់លោក នួន ជា និង លោក ខៀវ សំផន គឺជាការឆ្លុះបញ្ចំងទៅរកភាពយុត្តិធម៌ក្នុងការជំនុំជម្រះគ្រប់ភាគី ដែលជាជនជាប់ចោទទាំងអស់មិនចំពោះបុគ្គលតែម្នាក់ៗនោះទេ។
លោក Lars Olsen «ដូច្នេះសាលដីកានេះ ដំណាក់កាលដែលប្តឹងនេះជាការឆ្លុះបញ្ចំងទៅលើភាពយុត្តិធម៌ន័យការជំនុំជម្រះ វាជាមូលដ្ឋានបទដ្ឋានសកលលើពិភពលោកចំពោះភាគីជនជាប់ចោទអ្នកណាក៏ដោយភាគីនៃរឿងក្តីគឺមានសិទ្ធិប្តឹងទៅតុលាការជាន់ខ្ពស់តើចំពោះនួន ជា និង ខៀវ សំផន តើគាត់នឹងទទួលយក ឬពេញចិត្តដែរឬទេខ្ញុំក៏មិនដឹងចិត្តរបស់គាត់យ៉ាងម៉េចដែរ យើងមិនដឹងថាតើលទ្ធផលតុលាការកំពូលនោះហ្នឹងយ៉ាង ណាយើងក៏មិនដឹងថាគាត់នឹងយល់យ៉ាងម៉េចដែរ »។
សូមជំរាបថា សំណុំរឿង ០០២/០១ បានចាប់ផ្តើមជំនុំជម្រះក្តីនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១ ហើយសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងត្រូវបានប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ដោយអង្គជំនុំជម្រះសាលាដំបូង បានរកឃើញថា លោក នួន ជា និង លោក ខៀវ សំផន មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បន្ទាប់ពីមានសាលក្រមរបស់សាលាដំបូងហើយនោះ ទាំងលោក នួន ជា និងលោក ខៀវ សំផន ស្នើសុំឱ្យច្រានចោលសាលក្រម ហើយឱ្យពួកគាត់រួចផុតពីបទចោទទាំងអស់ បើមិនដូច្នោះទេគាត់ស្នើឱ្យសុំកាត់បន្ថយការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត មកនៅត្រឹមរយៈពេលកំណត់មួយ។ ប៉ុន្តែទោះបីយ៉ាងនេះក្តីគេនៅតែរង់ចាំលទ្ធផលនៃបណ្តឹងសាទុក្ខទាំងនេះនឹងត្រូវអង្គជំនុំជម្រះតុលាការកំពូលប្រកាសនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦៕