en     km
en     km

រដ្ឋមន្ត្រី​ព័ត៌មាន​ ៖​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​អាច​កំណត់ពេល​បញ្ចប់​នោះ​ទេ​🔊

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កញា​រី​ទ្ធ​ មាន​ប្រសាសន៍​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ មិន​ទាន់​អាច​កំណត់​បាន​ថា​ នឹង​អាច​បញ្ចប់​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​ ព្រោះ​ភាគី​ពាក់ព័ន្ធ​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ នៅ​មាន​ចំនុច​ខ្វែងគំនិត​គ្នា​នៅ​ទ្បើ​យ​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​វេទិកា​ប្រចាំឆ្នាំ​ស្តី​ពី​ «​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ និង​និស្សិត​សារព័ត៌មាន​»​ នា​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សាន់​វេ​ រាជធានី​ភ្នំពេញ​។​

 

សកម្មភាពពិគ្រោះយោបល់ស្តីពីច្បាប់សិទ្ធិទទួលបានព័ត៌មាន នៅសណ្ឋានគារសាន់វេ។រូបភាពWMC
សកម្មភាពពិគ្រោះយោបល់ស្តីពីច្បាប់សិទ្ធិទទួលបានព័ត៌មាន នៅសណ្ឋានគារសាន់វេ។រូបភាពWMC

​តាម​ការ​គ្រោងទុក​របស់​ក្រសួង​ព័ត៌មាន​នា​ពេល​កន្លង​មក​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុងឆ្នាំនេះ​ ប៉ុន្តែ​សេចក្តី ព្រាងច្បាប់​នេះ​ មិន​ទាន់​អាច​បញ្ចប់​តាម​ការ​គ្រោងទុក​បាន​នោះ​ទេ​ ព្រោះ​នៅ​មាន​ចំនុច​ខ្វែងគំនិត​គ្នា​លើ​ចំណុច​ខ្លឹមសារ​មួយ​ចំនួន​ រវាង​ដៃគូ​ពាក់ព័ន្ធ​ដែល​ចូលរួម​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​។​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កញា​រី​ទ្ធ​។​ លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ក្រសួង​សម្រេច​បន្ត​ពន្យា​ពេល​ទៅ​មុខ​ទៀត​ ហើយ​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ សេចក្តីព្រាងច្បាប់​មួយ​អាច​បញ្ចប់​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​។​
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កញា​រី​ទ្ធ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គឺ​មាន​សារៈសំខាន់​ណាស់​ ដល់​អ្នក​សារព័ត៌មាន​ ហើយ​ច្បាប់​នេះ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ​ ព្រោះ​ច្បាប់​មួយ​នេះ​មានការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ទោះបីជា​យ៉ាងនេះ​ក្តី​លោក​ក៏​មិន​ទាន់​អាច​បញ្ចា​ក់​ពេលវេលា​ណាមួយ​ជាក់លាក់​ថា​ក្រសួង​គ្រោង​បញ្ចប់​សេចក្តីព្រាងច្បាប់​មួយ​នេះ​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​។​ លោក​ ខៀវ​ កញា​រី​ទ្ធ​ «​ខ្ញុំ​ប្រុង​បញ្ចប់​ឆ្នាំ​ហ្នឹង​ឥលូវ​អត់​ចប់​ទេ​ ប្រហែល​ឆ្នាំ​ក្រោយ​ ជជែក​គ្នា​យូរ​ ច្បាប់​គេ​ធ្វើ​ល្អជា​ពិសេស​យើង​បាន​គ្រប់​ប្រភេទ​ទាំងអស់​ទាំង​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​អន្តរជាតិ​ នឹង​បញ្ចប់​នៅ​ពេល​ដែល​ចប់​ បើ​ថា​នៅ​តែ​បន្លាយ​អ​ញ្ចឹ​ង​ជួនកាល​ពាក្យ​តែ​មួយ​ម៉ាត់​យើង​ជជែក​គ្នា​មួយ​ថ្ងៃ​»​។​

អ្នកសារព័ត៌មានចោមរោមសម្ភាសន៍លោក ខៀវ កញារីទ្ធ។
អ្នកសារព័ត៌មានចោមរោមសម្ភាសន៍លោក ខៀវ កញារីទ្ធ។

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ លោក​ ប៉ែន​ បូ​ណា​ និយាយ​ថា​ ការ​ពន្យា​ពេល​បញ្ចប់​សេចក្តីព្រាងច្បាប់​នេះ​ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ព្រោះថា​ដើម្បី​ឱ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ គឺ​ត្រូវ​មានការ​យល់​ស្របគ្នា​រវាង​ដៃគូ​ពាក់ព័ន្ធ​ និង​ស្វែងរក​ចំណុចរួម​គ្នា​ដើម្បី​អនុវត្ត​ច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។​ លោក​ ប៉ែន​ បូ​ណា​ សង្ឃឹមថា​ នៅ​ពេល​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​លេច​ចេញ​ជា​រូបរាង​ហើយ​នោះ​ ឧបសគ្គ​ទាំង​ទ្បា​យ​ដែល​រាំងស្ទះ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​ដល់​សាធារណៈជន​នឹង​ត្រូវ​បាន​ដោះស្រាយ​។​ លោក​ ប៉ែន​ បូ​ណា៖​«​ប្រសិនបើ​ការ​ពន្យា​ពេល​នេះ​ដើម្បី​បុព្វហេតុ​មួយ​គឺថា​ដើម្បី​រក​ចំណុចរួម​គ្នា​ ដោយសារ​តែ​វា​មានការ​ពិភាក្សា​វា​ផុលផុស​ ដោយសារ​តែ​មិន​ទាន់​មានការ​យល់យោគ​គ្នា​ឱ្យ​ត្រឹមត្រូវ​ខ្ញុំ​គិត​ថា​វា​ល្អ​ ព្រោះ​យើង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ក្នុង​ការ​អនុវត្ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​អត់​ទាន់​បាន​យល់​គ្នា​ ហើយ​មហាជន​ទូទៅ​មិន​ទាន់​អាច​ទទួលយក​បាន​វា​ដូច​ក៏​មិនជា​ល្អ​ដែរ​អ​ញ្ចឹ​ង​ការ​ពន្យា​ពេល​បើសិន​ក្នុង​ន័យ​ហ្នឹង​ខ្ញុំ​យុល់​ថា​ល្អ​ ដូច្នេះ​យើង​រង់ចាំ​បន្តិចទៀត​ក៏​មិន​ស្អី​ដែរ​ដើម្បី​បាន​ច្បាប់​មួយ​ល្អ​»​។​

​ចំណែក​អ្នកស្រី​ សូ​ សុ​ផា​នី​ តំណាង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ដែល​ផ្តល់​ដំណឹង​ជុំវិញ​បញ្ហា​ស្ត្រី​បំរើសេវា​កម្សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ពិតជា​មាន​    សារៈសំខាន់​ដល់​អ្នក​សារព័ត៌មាន​អាជីព​ ក៏​ដូច​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ ប៉ុន្តែ​អ្នកស្រី​ថា​ ប្រសិនបើ​ច្បាប់​នេះ​លេច​ចេញ​ជា​រូបរាង​ហើយ​ ប៉ុន្តែ​ការ​អនុវត្ត​មិន​បាន​ល្អ​ប្រសើរ​នោះ​ ដូច្នេះ​អ្នក​សារព័ត៌​មាននៅ​តែ​ជួប​បញ្ហា​ប្រឈម​ដដែល​។​ អ្នកស្រី​ សូ​ សុ​ផា​នី​ សង្ឃឹមថា​សេចក្តីព្រាងច្បាប់​នេះ​នឹង​អាច​បញ្ចប់​ឆាប់ៗ​នា​ពេល​ខាង​មុខ​នេះ​។​ «​មិន​គួរ​ពន្យា​ពេល​ទៀត​ទេ​ព្រោះ​អី​ខ្ញុំ​ឮ​ព័ត៌មាន​នេះ​គឺថា​វា​យូ​ហើយ​ បើសិន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ចេញ​លទ្ធផល​ផ្លែផ្កា​ក៏​ល្អ​ដែរ​ ចំពោះ​ទស្សនៈ​របស់ខ្ញុំ​អត់​ចង់ឱ្យ​មានការ​ពន្យា​ទៀតៗ​បញ្ហា​កើត​នៅ​ជា​បញ្ហា​ គ្មាន​ដំណោះស្រាយ​នៅ​តែ​គ្មាន​ដំណោះស្រាយ​តែ​ច្បាប់​ហ្នឹង​ចេញ​មក​ឆាប់ៗ​ហ្នឹង​ អ​ញ្ចឹ​ង​ដំណោះស្រាយ​នឹង​ងាយ ស្រួល​ដែរ​»​។​

​សូម​ជំរាប​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ មាន​ ៩​ ជំពូក​ និង​ ៣៦​ មាត្រា​ ហើយ​សេចក្តីព្រាងច្បាប់​នេះ​សម្រេច​បាន​ ១/៣​ ហើយ​ ៕

Share

Image
Image
Image