ភ្នំពេញ ៖ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានច្រានចោលការចោទប្រកាន់មួយ ដែលថាលោកដឹកនាំអតីតអ្នកបើករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ កាពីតូល តវ៉ាទាមទារលក្ខខណ្ឌការងារបង្កជាអំពើហិង្សាកាលពីឆ្នាំ ២០១៥ កន្លងមកនោះ។
ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីតំណាងសហជីពអ្នកបើករថយន្ត និងបុគ្គលិកក្រុមហ៊ុនកាពីតូល បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះសហភាពការងារកម្ពុជារបស់លោក អាត់ ធន់ និងឈ្មោះ អៀង គឹមហ៊ុន រួមទាំំងអតីតអ្នកបើកបរប្រមាណ ៤៥ នាក់ ថាបានញុះញ៉ុង និងដឹកនាំកម្លាំងជនពាលបង្កឲ្យមានអំពើហិង្សាជាច្រើនលើកច្រើនសារនៅមុខទីស្នាក់ការក្រុមហ៊ុនកាពីតូលនាពេលកន្លងមក។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា សហភាពការងាររបស់លោក អាត់ ធន់ បានយកអតីតអ្នកបើកបររថយន្តក្រុងទាំងនោះ ធ្វើជាឈ្នាន់ដើម្បីផលប្រយោន៍បក្សពួក។ សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់អតីតអ្នកបើកបរថយន្តទាំងនោះ ថាបានបង្កអំពើហិង្សា ដោយប្រើប្រាសដុំ ថ្មគប់មកលើរថយន្តរបស់ក្រុមហ៊ុនដែលកំពុងធ្វើដំណើរ និងបានឃាត់រថយន្ត ក្នុងគោលបំណងចង់ឱ្យក្រុមហ៊ុនខាតបង់ប្រយោជន៍។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានបដិសេធទាំងស្រុងដោយមិនអាចទទួលយកបានការលើកឡើងរបស់តំណាងសហជីពនៃក្រុមដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូលនេះនោះទេ។ លោក អាត់ ធន់ អះអាងថា ការបង្កហិង្សាកាលនោះ គឺបង្កឡើងដោយភាគីក្រុមហ៊ុនទៅវិញទេ ដែលបានប្រើអំពើហិង្សាមកលើអតីតអ្នកបើកបរ និងមន្ត្រីសហជីពរបស់លោកជាច្រើននាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល និងអ្នកខ្លះបានជាប់ពន្ធនាគារ តែត្រូវបានដោះលែងមកវិញ។ លោក អាត់ ធន់៖«គេជួលពួកជើងកាងមកពេញនិងហើយមានការវាយតប់មកលើកម្មករ អាចមើលខ្សែវីឌីអូបាន ព្រោះថ្ងៃនោះខ្ញុំអត់ភ្លេចទេ មានដាក់ដុំថ្មនៅក្នុងមួក ហើយមានកាន់ដែក ចញ្ចៀនមានរូបកាំភ្លើងនៅពីលើ ហើយនិងដំបងយកទៅវាយដល់ពួកកាពីតូលនិងឃើញច្បាស់ទោះបីយកក្រឡៃព័ត៌មានយ៉ាងដូចម្ត៉េចគ៏វាមិនអាចទៅរួចដែរ ព្រោះអ្នកឯកមានលុយ មានអំណាំចធ្វើអ្វីគេបានស្រែកចិត្ត ប៉ុន្តែយុត្តិធម៌វាមិនអាចសាបសូន្យ»។
លោក អាត់ ធន់ បានបញ្ជាក់ថា ជំហររបស់សហជីពនៅតែទាមទារឲ្យភាគីក្រុមហ៊ុនកាពីតូល ទទួលយកអតីតអ្នកបើកបររថយន្តក្រុងជិត ៥០ នាក់ឲ្យចូលធ្វើការវិញ និងផ្តល់ប្រាក់អតីតភាពដល់អតីតអ្នកបើកបរ ដោយលោកថាក្រុមហ៊ុនបានបញ្ឈប់ពួកគាត់ដោយខុសច្បាប់ ពិសេសអាជ្ញាធរត្រូវស្វែងរកយុត្តិធម៌ឲ្យពួកគាត់។ លោកថា សហភាពសហជីពការងារកម្ពុជានឹងដាក់លិខិតទៅស្ថាប័នតុលាការ ដើម្បីពិនិត្យសំណុំរឿងឡើងវិញ។
អតីតអ្នកបើកបររថយន្តក្រុងកាពីតូល ត្រូវបានថៅកែក្រុមហ៊ុនកាពីតូលបញ្ឈប់ពីការងារកាលពីចុងឆ្នាំ ២០១៥ ដោយសារពួកគេបង្កើតសហជីព និង ចោទពីបទរំលោភកិច្ចសន្យាការងារ និងរំលោភបទបញ្ជាផ្ទៃក្នុងដោយលួចកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុន និងរំលោភច្បាប់ការងារ។
អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល (CAPITOL) ប្រមាណ ៣០នាក់ កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បានដាក់ញត្តិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឱ្យពួកគេទាំងជិត ៥០ បានចូលបម្រើការងារវិញ និងទទួលបានប្រាក់រំលឹកផងដែរ៕