ញ៉ូដេលី ៖ ក្រុមមន្ត្រីជាន់ខ្ពស់ឥណ្ឌាឱ្យដឹងថា មនុស្សយ៉ាងតិចណាស់ ៦០ នាក់បានស្លាប់និង ៨០ នាក់បានរងរបួស ក្នុងឧបទ្ទេវហេតុទូរថភ្លើងមួយខ្សែរត់ធ្លាក់ផ្លូវ នៅភាគខាងជើងរដ្ឋ អ៊ុយត្រាប្រាដេស (Uttar Pradesh)។

យ៉ាងហោចណាស់ជើងរថភ្លើងចំនួន ១៤ ខ្សែដែលធ្វើដំណើរនៅចន្លោះភាគឦសាននៃទីក្រុង Patna និងនៅភាគកណ្តាលនៃក្រុង Indore ត្រូវបានគេលុបចោលចោលវិញ។
លោក Anil Saxena មន្ត្រីផ្លូវដែកជាន់ខ្ពស់នៅទីក្រុង New Delhi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ៖«អ្នកដំណើរជាច្រើនទៀត នៅជាប់គាំងក្នុងឧបទ្ទេវហេតុនេះ»។ ចំណែកមន្ត្រីប៉ូលីសជាន់ខ្ពស់ពីររូបបានឱ្យដឹងថា៖«សាកសពជនរងគ្រោះចំនួន ៦០នាក់ អាចយកចេញពីទូររថភ្លើងបាន ចំនែករថភ្លើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ»។
លោក Suresh Prabhu រដ្ឋមន្ត្រីក្រសួងផ្លូវដែករបស់ប្រទេសឥណ្ឌាបាននិយាយនៅក្នុងប្រព័ន្ធ tweet រដ្ឋាភិបាលថា លោកនឹងធ្វើការស៊ើបអង្កេតជាបន្ទាន់នៃមូលហេតុដែលធ្វើឱ្យរថភ្លើងនេះបើកងាកចេញពីគន្លងផ្លូវ ហើយលោកបានសន្យាថានឹងស្រាវជ្រាវឱ្យសកម្មភាព និងតឹងរឹងបំផុតតាមដែលអាចធ្វើទៅបាន»។
គួរកត់សម្គាល់ថា ប្រព័ន្ធផ្លូវដែករបស់ឥណ្ឌាគឺមានវ័យចំនាស់ ហើយប្រព័ន្ធផ្លូវដែករបស់ឥណ្ឌាក៏ធំបំផុតទីបួនដែររបស់ពិភពលោក ព្រោះអាចដឹកជញ្ជូនមនុស្សជាង ២០ លាននាក់ជារៀងរាល់ថ្ងៃ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនមួយនេះ បានជាប់ក្នុងកំណត់ត្រាថាមិនសូវមានសុវត្ថិភាពល្អនោះទេ ដោយមានមនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ។
យ៉ាងណារថភ្លើងក្នុងប្រទេសនេះតែងតែរត់ធ្លាក់ផ្លូវជាញឹកញាប់ ហើយសោកនាដកម្មមួយបានកើតឡើងនាកំឡុងខែមីនាឆ្នាំមុន ដោយបានសម្លាប់មនុស្សជាង ៣៩ នាក់និងបង្កឱ្យមនុស្សរងរបួស ១៥០ នាក់៕ប្រភព៖CNA