en     km
en     km

អង្ករ​កម្ពុជា​ជាប់​លេខ​ ២​ ជា​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ បន្ទាប់​ពី​ថៃ​

Share

ភ្នំពេញ ៖ ​ឆ្នាំ​ ២០១៦​នេះ​ អង្ករ​កម្ពុជា​បាន​ជាប់​លេខ​ ២​ ជា​អង្ករ​ល្អ​ជាងគេ​បំផុត​របស់​ពិភពលោក​ ខណៈ​អង្ករ​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ ។ ​ការ​ប្រកួត​ជ្រើស​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នេះ​ធ្វើ​ឡើង​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ ដែល​រៀបចំ​ឡើង​ នៅ​ខេត្ត​ឈៀង​ម៉ៃ​ ប្រទេស​ថៃ​ ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា

​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ ដែល​បាន​ស្រង់​សម្តី​ លោក​ Jeremy​ Zwinger​ ប្រធាន​ប្រតិបត្តិ​នៃ​ The​ Rice​ Trader​ ជា​ក្រុមហ៊ុន​រៀបចំ​សន្និសីទ​នេះ​ បាន​លើក​ឡើង​ថា​៖«​ថ្វីបើ​អង្ករ​កម្ពុជា​ខកខាន​ ជាប់​ឈ្មោះ​ជា​អង្ករ​ល្អ​បំផុត​ជា​ថ្មី​ម្តងទៀត​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​អន្តរ ជាតិ​ (The​ World​ Rice​ Conference)​ក្នុងឆ្នាំនេះ​ តែ​ការ​ជ្រើសរើស​អង្ករ​ថៃ​ជាប់​លេខ​ ១​ ក្នុងឆ្នាំនេះ​ គឺជា​រឿង​លំបាក​ក្នុង​ការ​សម្រេចចិត្ត​របស់​ចុងភៅ​ ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ដើម្បី​ដឹកនាំ​ការ​ជ្រើសរើស​»​។​

​លោក​ Jeremy​ Zwinger​ បាន​បន្ត​ថា​ អង្ករ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​អង្ករ​ល្អ​បំផុត​ ខណៈ​អង្ករ​ពី​ប្រទេស​វៀតណាម​ មី​យ៉ា​ន់​ម៉ា​ និង​ ប្រទេស​ជា​ច្រើន​ទៀត​ មិន​បាន​ជាប់​នោះ​ទេ​ សូ​ម្បី​តែ​អង្ករ​ ប៉ា​ស្មា​ទី​ ដែល​គេ​ដាំ​ដុះ​ភាគច្រើន​នៅ​ប្រទេស​ឥណ្ឌា​ ប៉ា​គី​ស្ថាន​ ហើយ​ជា​ប្រភេទ​អង្ករ​នាំ​ចេញ​ច្រើន​ជាងគេ​ទៅ​កាន់​ទីផ្សារ​ចិន​ និង​ ទីផ្សារ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ ក៏​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ដែរ​។​

ចំណែក​លោក​ សុខ​ ពុ​ទ្ធី​វុ​ធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេ​ស​សហព័ន្ធ​ស្រូវ​អង្ក​រថា​៖​ «​សណ្ឋាន​ដី​ ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​ និង​ថៃ​ គឺ​ប្រហាក់ប្រហែល​គ្នា​ ដូចនេះ​គុណភាព​អង្ករ​មិន​ខុស​គ្នា​នោះ​ទេ​។​»

​លោក​បន្ត​ថា​ អ្វី​ដែល​កម្ពុជា​ត្រូវ​គិតគូរ​ គឺ​ត្រូវ​គិត​ពី​ផែនការ​ឲ្យ​ច្បាស់លាស់​ ខណៈ​បញ្ហា​ទីផ្សារ​ និង​តម្លៃ​ស្រូវ​អង្ករ​របស់​កម្ពុជា​នៅ​មិន​ទាន់​ដោះស្រាយ​បាន​។​

​សូម​ជម្រាប​ថា​ អង្ករ​កម្ពុជា​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​ ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ ៣​ ឆ្នាំ​ជាប់ៗ​គ្នា​ គឺ​ឆ្នាំ​២០១២​ ២០១៣​ និង​ ២០១៤​។​ នៅ​ឆ្នាំ​ ២០១៧​ កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ​នេះ​វិញ​ម្តង​៕

Share

Image
Image
Image